រាជធានីភ្នំពេញ ៖ សន្តិសុខភោជនីយដ្ឋាន ព្រីនម៉ាទីន ម្នាក់ បានបើករថយន្តភ្ញៀវយកទៅចតទៅមុខហាងមីហិរ ដែលនៅទល់មុខភោជនីយដ្ឋានខ្លួន ស្រាប់តែជ្រុលបុកចូលក្នុងហាងធ្លុះទ្វារបែកកញ្ចក់ រាយប៉ាយពេញហាង និងបន្តទៅបុកម៉ូតូចំនួន2គ្រឿងទៀតនៅខាងក្នុងហាង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង11យប់ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2021 នៅចំណុចហាងមីហិរមួយកន្លែង តាមបណ្ដោយផ្លូវលេខ598 កែងនឹងផ្លូវ1986 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សន្តិសុខម្នាក់ខាងលើមិនស្គាល់ឈ្មោះនោះទេ បានឡើងបើករថយន្តមួយគ្រឿងរបស់ភ្ញៀវម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-9169 រងការខូចខាតមួយកំណាត់មុខ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុ គឺពួកគាត់ឃើញរថយន្តមួយគ្រឿងខាងលើធ្វើដំណើរមកឈប់មុខភោជនីយដ្ឋាន ព្រីនម៉ាទីន ដោយមានភ្ញៀវប្រុសៗជាច្រើននាក់បានដើរចូលក្នុងភោជនីយដ្ឋាន បន្ទាប់មកក៏មានសន្តិសុខ ម្នាក់ បានឡើងបើករថយន្តរបស់ភ្ញៀវយកទៅចតទុកនៅមុខហាងមីហិរមួយកន្លែង ដែលមានទីតាំងនៅទល់មុខភោជនីយដ្ឋាននោះ ។
តាមប្រភពដដែលបានបន្តថា ពេលសន្តិសុខបើកទៅដល់មុខហាងមីហិរកន្លែងចតរថយន្ត មិនដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែរថយន្តនោះស្ទុះទៅមុខយ៉ាងលឿនក៏បុកធ្លុះទ្វារហាង បែកកញ្ចក់រាយប៉ាយប៉ាយពេញហាង ធ្លាយដល់ខាងក្នុង ព្រមទាំងបុកតុកៅអី ខូចខាតអស់ជាច្រើន និងបន្តទៅបុកម៉ូតូម៉ាកឌ្រីមសង់ចំនួន២គ្រឿងដែលចតទុកនៅក្នុងហាងទៀត បណ្តាលឲ្យរងការខូចខាតបែកក្បាំងថែមទៀត ប៉ុន្តែនៅក្នុងហេតុការណ៍នោះ មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសឡើយ។
បន្ទាប់ពីកើតហេតុ សន្តិសុខដែលបើករថយន្តបានគេចចេញពីកន្លែងកើតហេតុ ហើយមានតំណាងភោជនីយដ្ឋានចេញមុខមកដោះស្រាយជំនួសជាមួយហាងរងគ្រោះខាងលើ ដោយភោជនីយដ្ឋាន និង ហាងមីហិរនោះជាអ្នកស្គាល់គ្នា ទើបពួកគាត់ដោះស្រាយគ្នា បញ្ចប់រឿង ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ៕






ចែករំលែកព័តមាននេះ