រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំថវិកា និងឃីតបញ្ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ទាំង៩ ទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានចេញផ្សាយនាថ្ងៃទី១២ ខែកុម្ភៈនេះ ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តទាំង ៩ ជាប់ព្រំប្រទល់កម្ពុជា វៀតណាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជា នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ឲ្យក្រសួងសុខាភិបាលចាត់ចែងរៀបចំថវិកា ក៏ដូចជាឃីត ដើម្បីចាត់ចែងបញ្ជូនទៅខេត្តនីមួយៗទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ។
នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាលនឹងធ្វើការចាត់ចែងបញ្ជូនថវិកាក៏ដូចជា ឃីត ផ្តល់ជូនដល់ខេត្តទាំង ៩ ទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ៕
ចែករំលែកព័តមាននេះ