រាជធានីភ្នំពេញ ៖ ស្ត្រីត្រូវបានលើកកម្ពស់ឱ្យស្មើភាពជាបុរសមិនថាកិច្ចការងារនយោបាយ សេដ្ឋកិច្ច និងសង្គមនោះទេ។ នៅកម្ពុជារដ្ឋាភិបាលបានឱ្យតម្លៃថាស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចប៉ុន្តែនិយាយតែក្នុងវិស័យជំនួញ ស្ត្រី នៅមានចំនួនតិចនៅឡើយ។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាអ្នកប្រឹក្សាឯករាជ្យ បាននិយាថាស្ត្រីគួរពង្រឹងខ្លូនឱ្យក្លាយជាសហគ្រិន នៅក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ លោកថាមានមូលហេតុជាច្រើនដែលស្ត្រីគួររៀបចំខ្លួនធ្វើជាសហគ្រិន ឬអ្នកវិនិអ្នកវិនិយោគ ព្រោះថាការពឹងលើ កម្លាំងបុរសដែលជាស្វាមីតែមួយ ជាហានិភ័យសម្រាប់គ្រួសារ នៅពេលបុរសបាត់បងសមត្ថភាពរកចំណូលឬមានបញ្ហាសុខភាពនោះ។
អ្នកជំនាញសេដ្ឋកិច្ចខាងលើបានសាកល្បងលើកហេតុផលចំនួន៥ មកសិក្សារួមគ្នាតាមការយៈគម្រោងលុយ របស់កោះសន្តិភាពនាពេលនេះ។

ចំណុចដំបូង ៖ មែនទែនទៅបើតាមលោកង៉ែត ជូ មិនថាស្ត្រី ឬបុរសនោះទេ នៅពេលក្លាយជាសហគ្រិនមានផលប្រយោជន៍ច្រើន។ បើតាម អ្នកសេដ្ឋកិច្ចខាងលើ កូវីដ១៩បាន បានធ្វើឱ្យមនុស្សជាច្រើន មានការព្រួយបារម្ភ និងបានបាត់បង់ការងារធ្វើ បាត់បង់ចំណូល ។ លោកថាកូវីដ១៩បានធ្វើឱ្យមនុស្សជាច្រើនបានងាកមកគិតគូរពីការប្រកបរបរអាជីវកម្ម វិនិយោគដោយខ្លួនឯងដើម្បីលំនឹងគ្រួសារ។ ដូច្នេះពេលនេះពិសេសស្ត្រី គួរពង្រឹងខ្លួនដើម្បីក្លាយជាសហគ្រិន ។ នៅចំនុចនេះលោកង៉ែត ជូ បានបង្ហាញថាប្រជាជនឥណ្ឌាបានងាកមកវិនិយោគលើផ្សារហ៊ុនក្នុងនោះក៍មានស្ត្រីដែរ។

ចំនុចទី២ ៖ លោកថា ការវិនិយោគ ធ្វើអោយមនុស្សកាន់តែវាងវៃ និងមានវិន័យលើខ្លួនតាមរយៈការរៀនសូត្រជាប់ជាប្រចាំ។ អ្នកជំនាញខាងលើពន្យល់ថា៖ «ធម្មតាមនុស្សកាលណាយើងនិយាយអំពីកាប្រើទុន ប្រើលុយ ដើម្បីបង្កើតលុយ ទាល់តែអ្នកនោះមានភាពវាងវៃ បើមិនដូចនេះទេ ត្រូវរៀនសូត្រជាប្រចាំ ត្រូវមានចំណេះដឹងផ្នែកខាងសេដ្ឋកិច្ច ទីផ្សារ ចំណេះដឹងបច្ចេកទេសវិនិយោគ ចំណេះដឹងហិរញ្ញវត្ថុជាដើម ទើបអាចទៅវិនិយោគទៅបានផល។ ដូច្នេះ កាលណាយើងជាបុគ្គលបែបនឹង គឺយើងនឹងក្លាយជាបុគ្គលវិនិយោគដែលធ្វើឱ្យយើងវាងវៃ»។

ចំនុចទី៣៖ លោកង៉ែត ជូ ថា ការធ្វើវិនិយោគរក្សាលំហាត់រំញោចខួរក្បាល។ លោកពន្យល់ដូច្នេះ៖ « យើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា អ្នកខ្លះគាត់មានទ្រព្យសម្បត្តិច្រើន លទ្ធភាពច្រើន ប៉ុន្តែដោយសារគាត់មិនបន្តគិតគូររឿងរកស៊ី រឿងវិនិយោគ គឺគាត់មិនបារម្ភរឿងហិរញ្ញវត្ថុនឹង ដែលធ្វើឱ្យខួរក្បាលរបស់គាត់ស្ពឹកស្រពន់ ហើយមានអារម្មណ៍ឯកា មិនមានមិត្តភ័ក្តិ មិនមានម្តាយ។ល។ នោះហើយគឺជាបញ្ហាធំមួយ ដែលធ្វើឱ្យគាត់ឆាប់មានបញ្ហាស្ត្រេស និងប៉ះពាល់សុខភាពផ្លូវចិត្ត។ ករណីធ្ងន់ធ្ងរអាចឈានដល់មានជំងឺ និងអាចឱ្យគាត់ឈានដល់អាយុខ្លីទៀតផង។ អញ្ចឹងបើអ្នកដែលប្រើខួរក្បាលច្រើនសមស្រប គឺធ្វើឱ្យអាយុគាត់វែង បើតាម ការសិក្សាបែបវិទ្យាសាស្ត្រអំពីអ្នកមានអាយុវែង» ។

ចំនុចទី៤៖ ចៀសបាននូវភាពឯកោតាមរយៈការចងបណ្តាញនិងស្ត្រី និងមនុស្សដទៃទៀត។ លោកពន្យល់ថា៖ «កាលណាមនុស្សស្រីរកស៊ី ក្លាយជាវិនិយោគិន មានបណ្តាញជាមួយស្ត្រី និងមនុស្សដទៃ នោះយើងអាចមានមិត្តភ័ក្តិច្រើន ធ្វើឱ្យយើងមិនមានភាពឯកោទេ យើងអផ្សុកយើងអាចទាក់ទងអ្នកនេះអ្នកនោះ ដើម្បីជជែកគ្នាអំពីការធ្វើវិនិយោគ អំពីការលេងកីឡា អំពីការធ្វើដំណើរកំសាន្តទៅទីកន្លែងណាមួយជាដើម។ បញ្ហាធំរបស់មនុស្សកាលណាយើងមានលុយតែមួយមុខ មិនមិត្តភ័ក្តមានអ្វី នោះក៏ជាបញ្ហាធំរបស់យើងដែរ»។

ចំនុចចុងក្រោយ៖ តាមទស្សនរបស់លោកង៉ែត ជូ ការប្រឡូកក្នុងជំនួញជួយឱ្យគ្រួសារមានភាពរឹងមាំ។ លោកថា ៖ «បើគ្រួសារមួយពឹងតែបុរសជាបង្គោលធំ គ្រួសារនោះនឹងរងគ្រោះនៅពេលបង្គោលធំរលំដោយមូលហេតុនានាដូចជាពិការភាព។កន្លងមកយើងសង្កេតឃើញថានៅក្នុងសង្គមខ្មែរយើង គឺថាប្រសិនជាមានគ្រួសារជាបុរសនឹងគាត់ធ្វើការ ច្រើនតែឱ្យស្ត្រីឈប់ធ្វើការ មិនឱ្យទៅរកស៊ីអ្វីនោះទេ គឺបុរសជាប្តីតម្រូវឱ្យប្រពន្ធនៅតែផ្ទះមើលកូននឹងឯង។ករណីនេះគ្រោះថ្នាក់ណាស់ នៅពេលដែលបុរសជាមេគ្រួសារ មានបញ្ហាសុខភាព បាត់បង់ការងារធ្វើ ជាដើមនឹង ឬក៏បាត់បង់អាយុជីវិត ដូចនេះគ្រួសារទាំងមូលនឹងមិនមានអ្នកផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ គឺគ្រួសារនឹងផុយស្រួយ។ ដូចនេះប្រសិនបើស្ត្រីគាត់រឹងមាំដែរ គាត់មានចំណេះ គឺគាត់ជួយឱ្យគ្រួសារកាន់តែរឹងមាំ និងមានសមត្ថភាពអាចណែរនាំអប់រំកូនៗ នៅពេលដែលបាត់បង់មេគ្រួសារបាន»។

កន្លងមកមានការសិក្សាបង្ហាញថាស្ត្រីនៅកម្ពុជាមានសក្តានុពលនៅក្នុងការធ្វើវិនិយោគពីសេសគេបានរកឃើញថានៅក្នុងចំណោមអ្នកប្រកបរបររកទទួលតូចតាច តាមផ្ទះ តាមចិញ្ចើមផ្លូវភាគច្រើនជាស្ត្រី។ លើសពីនេះកាលពីពេលថ្មីៗនេះ មានរបាយការណ៍បានរកឃើញថាស្ត្រីមានលទ្ធភាពខ្ចីប្រាក់ពីធនាគារជាច្រើនជាងបុរស ប៉ុន្តែស្ត្រីបានប្រើប្រាស់ឥណទានតិចជាបុរសនា។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានបង្ហាញថាលទ្ធភាពទទួលបានឥណទានរបស់ស្ត្រីមានអត្រា ៥៤ ភាគរយ ចំណែកបុរសមាន ៤៦ ភាគរយ នៃចំនួនអតិថិជនកម្ចីសរុប។

លោក ង៉ែត ជូ ថាលោកបានគាំទ្រនិងលើកកម្ពស់ឱ្យស្ត្រីក្លាយជាសហគ្រិនឱ្យបានច្រើន។ លោកបន្ថែមថា ៖ «ខ្ញុំបានផ្តល់វគ្គបណ្តុះបណ្តាលពួកគាត់ឱ្យចេះវិនិយោគ ឱ្យគាត់ចេះប្រើលុយ បង្កើតលុយ ឱ្យចេះបន្តអភវិឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួននឹង ដើម្បីជាភាពចម្រើនផ្ទាល់ខ្លួឯង សម្រាប់គ្រួសារ ព្រោះយើងដឹងហើយស្ត្រីជាទូទៅ ជាអ្នកអប់រំកូនចៅក្នុងគ្រួសារ ហើយប្រសិនជាស្ត្រីមានការយល់ដឹងតិច ឬក៏មិនមានគំនិត ចំណេះដឹងទំលំទូលាយទេ គឺមិនអាចណែនាំកូនចៅបានល្អទេ»៕
ចែករំលែកព័តមាននេះ