ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​រៀបចំ​គេចខ្លួន​ពី​ផ្ទះ តែ​ត្រូវ​ជាប់អន្ទាក់​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ពូកែ​ឌុ​ប​គ្នា​ដើរ​លួច​កាបូប​លុយ​ពី​អាជីវករ​នៅ​តាម​ផ្សារ​នានា ដែល​ពេល​ខ្លះទៅ​លួច​ឆ្លងខេត្ត​ទៀត​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ហើយ កាលពី​ម៉ោង​៧​និង​៣៨​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១…

ខេត្តបាត់ដំបង ៖ ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ពូកែ​ឌុ​ប​គ្នា​ដើរ​លួច​កាបូប​លុយ​ពី​អាជីវករ​នៅ​តាម​ផ្សារ​នានា ដែល​ពេល​ខ្លះទៅ​លួច​ឆ្លងខេត្ត​ទៀត​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ហើយ កាលពី​ម៉ោង​៧​និង​៣៨​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ខណៈ​ដែល​ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​នេះ កំពុង​រៀបចំ​គេចខ្លួន​ពី​ផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោយ​ពេល​លួច​កាបូប​លុយ​អ្នកលក់​ចេក​នៅ​ផ្សារ​ទំនើប «​ភូ​ពុ​យ​»​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ ប្ដី​ឈ្មោះ វ៉ា យ៉ុ​ង អាយុ​៥៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុខ ផល្លា អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ស្រុក​បាត់ដំបង​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ កាន់ កុឡាប ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មានមុខ​របរ​លក់​-​ទិញ​ចេក (​ឈ្មួញកណ្ដាល​) រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន តែ​បាន​ដឹក​ចេក​មក​លក់​នៅ​ផ្សារ​ទំនើប «​ភូ​ពុ​យ​» ក្នុង​ក្រុង​បាត់​ដំបង​។

លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​អ្នកលក់​ចេក​ខាងលើ​នេះ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែកុម្ភៈ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​មមាញឹក​លក់​ចេក​ឲ្យ​ម៉ូយ​នៅ​ក្នុង​ផ្សារ​«​ភូ​ពុ​យ​» ហើយ​ស្រប​ពេល​នោះ ស្ត្រី​ដៃ​ឆើត​ក៏​បាន​បន្លំ​លួច​យក​កាបូប​លុយ រួច​គេចខ្លួន​បាត់​តែ​ម្ដង​។ ប៉ុន្តែ​លោក គឹ​ម​សុង បញ្ជាក់​ថា រាល់​សកម្មភាព​ស្ត្រី​ដៃដល់​បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ទើប​ក្រោយ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​ប្ដី​ប្រពន្ធ​នេះ​បាន និង ឈាន​ដល់​ការ​តាម​ឃាត់ខ្លួន​ដល់​លំនៅ​ឋាន​ទៀត​ផង​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ កាន់ កុឡាប បាន​ប្រាប់​សមត្ថកិច្ច​ថា ស្ត្រី​ដៃ​ឆើត​បាន​ធ្វើ​ជា​ចូល​ទៅ​រក​ទិញ​ចេក​​កន្លែង​គាត់​លក់​នៅ​ក្នុង​ផ្សារ​«​ភូ​ពុ​យ​» ប៉ុន្តែ​នៅ​ពេល​គាត់​កំពុង​រៀបចំ​ច្រក​ចេក ស្រាប់តែ​ស្ត្រី​រូប​នេះ​បាន​បន្លំ​យក​កាបូប​គាត់​ដែល​ទុក​នៅ​ខាងក្រោយ​ខ្នង រួច​គេចខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្ដង​។

បើ​តាម​ជន​រង​គ្រោះ​បាន​និយាយ​ថា ក្រោយ​លួច​បាន​កាបូប ស្ត្រី​ដៃដល់​រូប​នេះ បាន​ដើរ​ចេញ​យ៉ាង​លឿន ហើយ​ឡើង​ជិះ​ម៉ូតូ​ប្ដី​របស់​ខ្លួន ដែល​ចាំ​នៅ​ខាងក្រៅ​ផ្សារ​គេច​បាត់​ស្រមោល​។

ប៉ុន្តែ​យ៉ាងណា សកម្មភាព​ស្ត្រី​ដៃដល់​នេះ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​គេ​បំពាក់​គ្រប់​ទិស​ទី​នៅ​ក្នុង​ផ្សារ​នោះ​។ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​ស្ត្រី​ដៃដល់​ពាក់​អាវដៃវែង​ពណ៌​លឿង​។ ដំបូង​គេ​ឃើញ​ស្ត្រី​រូប​នេះ​អង្គុយ​នៅ​ក្បែរ​អ្នកលក់​ចេក ប៉ុន្តែ​ទំនងជា​អ្នកលក់​កំពុង​តែ​រវល់​លក់ដូរ​នោះ ក៏​ស្រាប់តែ​គេ​ឃើញ​ស្ត្រី​ដៃដល់​លូក​យក​កាបូប​នៅ​ក្បែរ​ខ្នង​ជន​រង​គ្រោះ​មក​ដាក់​នៅ​ក្នុង​ថង់​ប្លា​ស្ទិ​ច​ពណ៌​ស រួច​ងើប​កាន់​ថង់​នោះ​ដើរ​ចេញ​យ៉ាង​រំភើយ​បាត់​ពីមុខ​កាមេរ៉ា​ភ្លាម​ៗ​តែ​ម្ដង។

ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​ទ្រព្យសម្បត្តិ​វិញ បើ​តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ កាន់ កូ​ឡាប បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​នៅ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​ខ្មែរ​ចំនួន​១២​លាន​រៀល ប្រាក់​បាត​ចំនួន​១០​ម៉ឺន​បាត ប្រាក់​ដុល្លារ​ចំនួន​៩​ពាន់​ដុល្លារ ខ្សែ​.​ក​មាស​១​ខ្សែ​ទម្ងន់​១​តំឡឹង រួម​ទាំង​បន្ដោង​ទម្ងន់​៣​ជី និង​ទូរស័ព្ទ​ម៉ាក OPPO ១​គ្រឿង​ផង​។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រោយ​ពី​លួច​យក​កាបូប​បាន​ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​ដក​យក​លុយ​ទាំងអស់​ចេញពី​កាបូប រួច​ជិះ​ឌុ​ប​គ្នា​យក​កាបូប​នោះ​មក​បោះចោល​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក ដោយសារ​តែ​ទូរស័ព្ទ​ជន​រង​គ្រោះ​នៅ​ក្នុង​កាបូប​នោះ​រោ​ទិ៍​ញឹក​ញ៉ាប់​ពេក​។ ប៉ុន្តែ​ក្រោយមក ក៏​ត្រូវ​សន្តិសុខ​ផ្សា​របឹង​ឈូក រើស​បាន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច តែ​គេ​ឃើញ​មាន​តែ​ទូរស័ព្ទ​១​គ្រឿង និង​កាបូបស្ពាយ​១​ប៉ុណ្ណោះ មិនឃើញ​មាន​លុយ ឬ​គ្រឿងអលង្ការ​នោះ​ទេ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​១​គ្រឿង​ដែល​ជន​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ជិះ​ធ្វើ​សកម្មភាព​, កាបូបស្ពាយ​១ (​កាបូប​ដាក់​លុយ​របស់​ជន​រង​គ្រោះ​), ទូរស័ព្ទ​១​គ្រឿង​, ប្រាក់​ដុល្លា​ចំនួន​៣,៧០០​ដុល្លារ​, ប្រាក់​បាត​ចំនួន​៩​ម៉ឺន​បាត​, អាវ​យឿ​តដៃ​វែង​ពណ៌​លឿង និង​ខោជើងវែង​ពណ៌​ខ្មៅ​មួយ​កំ​ភ្លេ ដែល​ស្ត្រី​ដៃដល់​ស្លៀកពាក់​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​វត្ថុ​តាង​នានា​ដែល​បាន​ដកហូត ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​មែន​។ ប្ដី​ប្រពន្ធ​នេះ​សារភាព​ទៀត​ថា កន្លង​មក ប្ដី​ប្រពន្ធ​ខ្លួន​ធ្លាប់​ដើរ​លួច​កាបូប​លុយ​គេ​នៅ​តាម​ផ្សារ​បែប​នេះ​ចំនួន​៣​លើក​មក​ហើយ គឺ​២​លើក​ធ្វើ​សកម្មភាព​នៅ​បាត់ដំបង និង​១​លើក​ទៀត ធ្វើ​សកម្មភាព​នៅ​ខេត្ត​ប៉ៃលិន​។

ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​របស់​ប្ដី​ប្រពន្ធ​នេះ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជន​សង្ស័យ​​២​នាក់​ប្ដី​ប្រពន្ធ​នេះ ក៏​កំពុង​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ផង​ដែរ ដែល​ចេញ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ដែល​ប្ដី​ប្រពន្ធ​នេះ​ជាប់ចោទ​ពី​បទ «​លួច​» ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​ប៉ៃលិន​។

ប៉ុន្តែ​ពេល​នេះ ត្រូវ​បាន​កម្លាំង​ការិយា​ល័យ​របស់​លោក​ឃាត់ខ្លួន​បាន​ហើយ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត បន្ទាប់​ពី​ជន​ដៃដល់​២​នាក់​ប្ដី​ប្រពន្ធ​នេះ ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​លើក​ចុង​ក្រោយ នៅ​ផ្សារ​ទំនើប «​ភូ​ពុ​យ​» នៅ​ក្រុង​បាត់ដំបង​។ ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​របស់​លោក ធ្វើការ​សួរនាំ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ចោរ​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​នេះ ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ