វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃពុធនេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មមេដឹកនាំយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុននៅក្នុងប្រទេសមួយនេះ ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺលោកប៉ៃឌិនបានអះអាងថា សហរដ្ឋអាមេរិកសម្រេចបង្កក ទ្រព្យសម្បត្តិដែលជាមូលនិធិរដ្ឋាភិបាលភូមាដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារ ក្នុងទឹកដីសហរដ្ឋអាមេរិក ។
នៅក្នុងសុន្ទរកថាដ៏ខ្លីលោកប្រធានាធិបតីបាននិយាយថាលោកបានចារយល់ព្រមលើ «បទបញ្ជាប្រតិបត្តិថ្មីមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មជាបន្ទាន់ដល់មេដឹកនាំយោធាដែលដឹកនាំរដ្ឋប្រហារ រួមទាំងការដាក់ទណ្ឌកម្មលើផលប្រយោជន៍អាជីវកម្មរបស់ពួកគេ ក៏ដូចជាសមាជិកគ្រួសារជិតស្និទ្ធរបស់មេដឹកនាំយោធាផងដែរ» ។ លោកប៉ៃឌិនបាននិយាយថាពួកគេនឹងកំណត់គោលដៅនៃការដាក់ទណ្ឌកម្មទាំងនោះនៅសប្តាហ៍នេះ។

លោក ប៉ៃឌិន បានកត់សម្គាល់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដើម្បីរារាំងឧត្តមសេនីយ៍ពីការចូលប្រើមូលនិធិរដ្ឋាភិបាលភូមាដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារដែលកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក» ។
លោកប្រធានាធិបតីអាមេរិកបានបន្ថែមថា «យើងក៏នឹងដាក់ការគ្រប់គ្រងការនាំចេញដ៏ខ្លាំងក្លាផងដែរ »។ ដោយមិនហៅឈ្មោះប្រទេសមីយ៉ាន់ម៉ា តែលោកបានប្រើពាក្យថា ប្រទេសភូម៉ានោះ លោក បៃឌិន បាននិយាយថា «យើងកំពុងបង្កកទ្រព្យសម្បត្តិសហរដ្ឋអាមេរិកដែលផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលភូមា ខណៈពេលដែលយើងនៅតែគាំទ្រការថែរក្សាសុខភាពក្រុមសង្គមស៊ីវិល និងតំបន់ផ្សេងទៀតដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនភូមាដោយផ្ទាល់» ។

លោក បៃឌិន ក៏បានអំពាវនាវ ឲ្យយោធាដោះលែងអ្នកតវ៉ានិងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំឃាំង រួមទាំងលោកស្រីអ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint និងបញ្ឈប់ការបង្ក្រាបរបស់ពួកគេទៅលើក្រុមបាតុករស្លូតត្រង់ ។
«យោធាត្រូវតែលះបង់អំណាចដែលពួកគេបានកាន់កាប់និងបង្ហាញការគោរពចំពោះឆន្ទៈរបស់ប្រជាជនភូមា ដូចដែលបានបញ្ជាក់នៅក្នុងការបោះឆ្នោតរបស់ពួកគេកាលពីថ្ងៃទី ៨ ខែវិច្ឆិកា» ។ នេះជាការលើកឡើងរបស់លោកបៃឌិន ដោយសង្កត់ធ្ងន់ថាបញ្ហានេះនៅតែជាកង្វល់ទ្វេភាគីនិងអន្តរជាតិ។
លោក បៃឌិន បានមានប្រសាសន៍ថា «យើងនឹងត្រៀមវិធានការបន្ថែមហើយយើងនឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិរបស់យើងដើម្បីជំរុញឲ្យប្រទេសផ្សេងទៀតចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ» ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយនៅថ្ងៃអង្គារនេះថា «សហគមន៍អន្តរជាតិកំពុងព្យាយាមគ្រប់មធ្យោបាយដើម្បីធានាថាប្រជាធិបតេយ្យនិងការដឹកនាំស៊ីវិលត្រូវបានស្តារឡើងវិញនៅក្នុងប្រទេសភូមា» ។
ចែករំលែកព័តមាននេះ