ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ភ្នំ​តា​មីន! ​ទាក់​ទង​រឿង​រ៉ាវយុទ្ធ​សាស្ត្រ​យក​ភ្នំ​ពី​កង​ទ័ព​ថៃ​វិញ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តកោះកុង ៖ ភ្នំ​«​តា​មីន​» គឺជា​ឈ្មោះ​ភ្នំ​មួយ​ដែល​ទើបនឹង​ដាក់​ឈ្មោះ​ថ្មី ។ ភ្នំ​នេះ​សព្វថ្ងៃ​​​ស្ថិត​នៅ​​ក្នុង​ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ខ្ល​ង​យ៉ៃ ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ត្រា​ត ប្រទេស​ថៃ បន្ត​ភ្ជាប់​ដោយ​ជួរ​ភ្នំ​ដ៏​វែង​អន្លាយ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ…

ខេត្តកោះកុង ៖ ភ្នំ​«​តា​មីន​» គឺជា​ឈ្មោះ​ភ្នំ​មួយ​ដែល​ទើបនឹង​ដាក់​ឈ្មោះ​ថ្មី ។ ភ្នំ​នេះ​សព្វថ្ងៃ​​​ស្ថិត​នៅ​​ក្នុង​ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ខ្ល​ង​យ៉ៃ ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ត្រា​ត ប្រទេស​ថៃ បន្ត​ភ្ជាប់​ដោយ​ជួរ​ភ្នំ​ដ៏​វែង​អន្លាយ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​វរសេនីយ៍ត្រី ស៊ុម សា​ខន មេបញ្ជាការ​វរៈ​លេខ​​០៣ ឈរជើង​នៅ​លើ​កំពូលភ្នំ​៣២៩ តាម​ព្រំដែន​កម្ពុជា​-​ថៃ ប្រាប់​ឲ្យ​ដឹង ។

បើ​យើង​ចង់ទៅ​កាន់​ភ្នំ​តា​មីន កាលពីមុន​យើង​អាច​ធ្វើ​ដំណើរ​ទៅ​បាន​តែ​តាម​ផ្លូវទឹក​ប៉ុណ្ណោះ គឺ​ទៅ​តាម​​ស្ទឹង​មេទឹក តែ​ឥឡូវនេះ​គេ​ច្រើន​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​វិញ​ងាយស្រួល​ជាង​ផ្លូវ​ទឹក ។ បើ​យើង​​ចេញដំណើរ​ពី​ក្រុង​ខេមរភូមិន្ទ ​(​ទីរួមខេត្ត​កោះកុង​) យើង​ត្រូវ​ឆ្លងស្ពាន​កោះកុង​ដែល​មាន​ប្រវែង​​១.៩០០​ម៉ែត្រ សំដៅ​ទៅ​ទិស​ខាងលិច រួច​បន្តដំណើរ​ទៅ​តាម​ផ្លូវ​លេខ​៤៨ ទៅ​ដល់​ព្រំ​ប្រទល់​​ច្រក​ទ្វារ​ចាំ​យាម ត្រូវ​បត់​ស្ដាំ ទៅ​តាម​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​ដែល​ជា​ផ្លូវ​ទើបនឹង​ឈូស​ឆាយ​ធ្វើ​ថ្មី​នៅ​ឆ្នាំ​២០០៩ ។

ផ្លូវ​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​នាយ​ឧត្តមសេនីយ៍ យន្តមីន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែល​​លោក​គឺជា​អតីត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង ដោយ​មានការ​គាំទ្រ​ចង្អុល
បង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ គន់ គី​ម ដែល​កាល​ណោះ​ជា​អតីត​ជា​គណៈ​ពង្រឹង​ទិស​សមរ​ភូមិ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ឧកញ៉ា លី យ៉ុ​ង​ផាត់ នូវ​ប្រេង​ម៉ា​ស៊ូ​ត​ចំនួន​១០​ម៉ឺន​លី​ត្រ និង​មាន​កិច្ចសហការ​ជាមួយ​កង​វិស្វកម្ម​អគ្គបញ្ជាការ ។ ផ្លូវ​នេះ​មាន​ប្រវែង​២២​គីឡូម៉ែត្រ ចាប់ពី​ចំណុច y៨៨ ភូមិ​ថ្មី​ចាំ​យាម​រហូត​ទៅ​ដល់​ចំណុច​Y0៣ គី​រី​វង្ស​ហើយ​ធ្វើ​ដំណើរ​បន្ត​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​មួយ​ខ្សែ​ទៀត ដែល​ជា​ផ្លូវ​កសាង​ឡើង​ដោយ​ឯកឧត្តម យន្ត មីន សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក សុ​៊​ម សា​ខន បាន​រំឭក​ថា ភ្នំ​៣២៩ ឬ​ហៅ​ថា​«​ភ្នំ​តា​មីន​» ដែល​កាល​ណោះ​វរសេនីយ៍​ឯក យន្ត មីន ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង លោក​បាន​ឈ្វេងយល់​ថា ភ្នំ​នេះ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​កងទ័ព ដូចនេះ​លោក​បាន​ចិញ្ចឹមចិត្ត​មួយ​ថា​នឹង​យក​ភ្នំ​នេះ​ពី​ភាគី​ថៃ​មក​វិញ​ឲ្យ​ទាល់​តែ​បាន ទើប​លោក​មេបញ្ជាការ​បាន​ខិតខំ​រិះរក​គ្រប់​​យុទ្ធ​សាស្ត្រ​ដើម្បី​យក​ភ្នំ​នេះ​មក​វិញ ព្រោះ​ស្ថិត​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា ។

លោក​ប្រធាន​វរៈ​លេខ​០៣ បាន​រំឭក​ទៀត​ថា នៅ​ចុងឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​២០០៤ មាន​ទាហាន​ថៃ​ចំនួន​៦​នាក់ បាន​ឡើង​មក​ឈរជើង​ប្រចាំការ​នៅ​លើ​កំពូលភ្នំ​នេះ ដោយ​ធ្វើ​ជា​ផ្ទះ​ស្នាក់​នៅ​ចំនួន​២​ខ្នង និង​មាន​ដាំ​ដើម​ដូង ខ្នុរ និង​ដោត​ទង់ជាតិ​ថៃ​នៅ​លើ​ខ្នងភ្នំ​នោះ​តែ​ម្ដង ។ ដោយ​មើលឃើញ​ថា កង​ទ​ព័​ថៃ​ឡើង​មក​ប៉ង​កាន់កាប់ ​និង​បោះទីតាំង​នៅ​ទីនោះ​ដោយ​ខុសច្បាប់ ព្រោះ​ទីតាំង​នៅ​លើ​កំពូល​ភ្នំ​ស្ថិត​ក្នុង​ផែនទី​នៃ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា និង​សារៈសំខាន់​នៃ​កំពូលភ្នំ​ជា​​យុទ្ធ​​សាស្ត្រ​​ទៅ​អនាគត​នោះ ទើប​វរសេនីយ៍ឯក យន្ត មីន ដែល​កាល​ណោះ​លោក​ជា​មេបញ្ជាការ​តំបន់​ប្រ​តិ​ប​ត្តិ​ការ​សឹក​រង​កោះកុង បាន​រាយការណ៍​ជូន​អភិបាលខេត្ត​កោះកុង លោក យុទ្ធ ភូ​ថង ព្រម​ទាំង​ថ្នាក់ដឹកនាំ​កង​យោធពលខេមរភូមិន្ទ​តាម​ឋានានុក្រម ដើម្បី​ធ្វើ​យ៉ាងណា​យក​ភ្នំ​៣២៩ មក​កាន់កាប់​វិញ ។

ពេល​នោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ បាន​ប្រគល់​ភារកិច្ច​ជូន​វរសេនីយ៍ឯក យន្ត មីន មេ​បញ្ជា​ការ​​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង ចរចា​គ្រប់​វិធីសាស្ត្រ ហើយ​លោក​មេបញ្ជាការ​បាន​ប្ដេជ្ញា​ចិត្ត​ជាមួយ​ឧត្តមសេនីយ៍ទោ ម៉ៅ ឆែ​ន នាយសេនាធិការរង​កងទ័ពជើងគោក ដែល​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​នា​ខែកុម្ភៈ ឆ្នាំ​២០០៣ ថា ដើម្បី​ការពារ​ភូមិសាស្ត្រ​ទីរួមខេត្ត​កោះកុង​និង​ខ្សែ​បន្ទាត់​ព្រំដែន យើង​ត្រូវ​រំដោះ​យក​ភ្នំ​៣២៩ ពី​ភាគី​កងទ័ព​ថៃ​មក​កាន់កាប់​ឲ្យ​បាន​ចេញពី​ការ​គ្រប់​គ្រង​របស់​ថៃ​វិញ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ពេល​នោះ​វរសេនីយ៍ឯក យន្ត មីន ក៏​បាន​ទាក់ទង​ជាមួយ​ភាគី​កងទ័ព​ថៃ​តាម​រយៈ​ការទូត​ជា​លក្ខណៈ​មិត្ត​ភាព​ឯកជន រវាង​ថ្នាក់ដឹកនាំ​កង​ទ័ព​​ថៃ​ដែល​កំពុង​​ឈរជើង​លើ​កំពូលភ្នំ​ដើម្បី​ទាមទារ​យក​ភ្នំ​៣២៩ នេះ​ត្រឡប់​មក​គ្រប់គ្រង​វិញ និង​ដោយ​មានការ​គិតគូរ​យ៉ាង​ហ្មត់ចត់ ព្យាយាម​ជា​សម្ងាត់​ជា​លក្ខណៈ​ចង្អៀត​បំផុត​រវាង​វរសេនីយ៍ឯក យន្ត មីន និង​​មេដឹកនាំ​យោធា​ថៃ​ឲ្យ​ដក​កងទ័ព​ចេញ​ពីលើ​កំពូលភ្នំ​៣២៩ ដែល​ពួក​គេ​កំពុង​ឈរជើង ។ ការ​ច​រចា​ដោយ​សន្តិវិធី​របស់​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​(​បច្ចុប្បន្ន​ជា​នាយ​ឧត្តមសេនីយ៍ យន្ត មីន​) ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ដោយ​មិន​មានការ​ប្រយុទ្ធ​គ្នា​ ឬ​ការ​បង្ហូរ​ឈាម​គ្នា​ឡើយ ។

នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០០៤ វរសេនីយ៍​ឯក យន្ត មីន និង​វរសេនីយ៍ទោ ចំរើន សា​ខន មេ​បញ្ជា​ការ​វរ​សេនា​តូច​លេខ​៣០៣ បាន​ដឹកនាំ​កងទ័ព​ចំនួន​៥០​នាក់​ទៅ​កាន់កាប់​ឈរជើង​បង្ហូត​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​លើ​កំពូលភ្នំ កន្លែង​ដែល​កង​ទ័ព​ថៃ​ធ្លាប់​ឈរជើង​វិញ​ម្តង ។ ចាប់តាំងពី​ពេល​នោះ​មក ភ្នំ​៣២៩​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ហៅ​ត​ៗ​គ្នា​ថា​«​ភ្នំ​តា​មីន​» រហូត​មក​ដល់​សព្វថ្ងៃ ។

វរសេនីយ៍ត្រី​យ៍ ស៊ុម សា​ខន បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះ​នៅ​លើ​កំពូល​«​ភ្នំ​តា​មីន​» មាន​​២​កងអនុសេនាតូច​ឈរជើង​ការពារ​តំបន់​«​ភ្នំ​តា​មីន​»​ដោយ​ឈរជើង​ទល់មុខ​ជាមួយ​ភាគី​កង​ទ័​ព​ថៃ​កងអនុសេនាធំ​លេខ​៥៣៦ ឈុត​ខ្មៅ​មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​គ្នា ជាប់​ភូមិ​ហាត​លិ​ក ឃុំ​ហាត​លិ​ក ស្រុក​ខ្ល​ង​យ៉ៃ ខេត្ត​ត្រា​ត ប្រទេស​ថៃ​។​ លោក​ប្រធាន​វរៈ​លេខ​០៣ បាន​បន្ត​ទៀត​ថា ភ្នំ​តា​មីន​នេះ​​មាន​លក្ខណៈ​ពិសេស ការពារ​បាន​តាំងពី​សម័យ​ខ្មែរក្រហម​រហូត​មក​ដល់​បច្ចុប្បន្ន ។

ភ្នំ​៣២៩ ឬ​ភ្នំ​តា​មីន មាន​ស្រះ​ទឹក​មួយ​កន្លែង​សម្រាប់​ឲ្យ​កងទ័ព​យើង​ដែល​ឈរជើង​នៅ​លើ​​កំពូល​ភ្នំ​អាច​ប្រើប្រាស់​ទឹកបាន​ទាំង​ប្រាំង​ទាំង​វស្សា ជា​លក្ខណៈ​មួយ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ដល់​កងទ័ព​មក​ដល់​សព្វ​ថ្ងៃនេះ ។ នៅ​លើ​កំពូលភ្នំ​តា​មីន​គេ​ឃើញ​មាន​ចារឹក​ឈ្មោះ​ថា «​ភ្នំ​តា​មីន​»​សូម​​​ស្វាគមន៍ និង​តម្កល់​នូវ​រូបសំណាក​លោក​មេទ័ព​មុខ​៨ ដែល​មាន​បារមី​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ស័ក្តិ​សិទ្ធ ដើម្បី​ជួយ​ការពារ​ភ្នំ​នេះ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ថែ​រក្សា​កងទ័ព​ដែល​ឈរជើង​នៅ​លើ​ភ្នំ​នោះ មាន​ភាព​សុខក្សេមក្សាន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ទាមទារ​យក​ភ្នំ​៣២៩​បាន​មក​វិញ​ពី​ភាគី​ថៃ ហើយ​មាន​ចារឹក​អក្សរ​«​ភ្នំ​តា​មីន​» គឺជា​សម្បត្តិ​ជាតិ​យើង មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឡើយ ។

វរសេនីយ៍ត្រី ស៊ុម សា​ខន ដែល​ដឹកនាំ​អង្គភាព​ឈរជើង​នៅ​លើ​ខ្នងភ្នំ​តា​មីន​នៃ​ជួរ​ភ្នំ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា បច្ចុប្បន្ន​នេះ​នៅ​លើ​កំពូលភ្នំ​តា​មីន មាន​២​កង​អនុ​សេនាតូច​ឈរជើង ដែល​មាន​ភារកិច្ច​ការពារ​តំបន់​«​ភ្នំ​តា​មីន​» ដោយ​ឈរជើង​ទល់មុខ​ជាមួយ​ភាគី​ថៃ​កងអនុសេនាធំ​លេខ​៥៣៦​ឈុត​ខ្មៅ​មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​គ្នា ដើម្បី​ការពារ​អធិប​តេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង សូ​ម្បី​តែ​មួយ​មី​ល្លី​ម៉ែត្រ​ក៏​មិន​ឲ្យ​បាត់បង់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ