ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អនុប្រធាន​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា ប្តឹង​ព្រះរាជអាជ្ញា​រង​(​ប្តី​) និង​ចៅក្រម​(​ប្រពន្ធ​)​ខេត្ត​ប៉ៃលិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ព្រះរាជអាជ្ញា​រង នៃ​សាល​ដំបូង​ខេត្ត​ប៉ៃលិន (​ប្តី​) និង​ចៅក្រម​ជំនុំ​ជម្រះក្តី (​ប្រពន្ធ​) បាន​ចេញ​សាលក្រម​ចំនួន​៣​ដង​ខុស​ៗ​គ្នា​ត្រឡប់ត្រឡិន ហើយ​ត្រូវ​បាន​សម្រេច​ឱ្យ​លោក​បង់ប្រាក់​ចំនួន​៦​លាន​រៀល និង​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​(​ព្យួរ​)…


ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ព្រះរាជអាជ្ញា​រង នៃ​សាល​ដំបូង​ខេត្ត​ប៉ៃលិន (​ប្តី​) និង​ចៅក្រម​ជំនុំ​ជម្រះក្តី (​ប្រពន្ធ​) បាន​ចេញ​សាលក្រម​ចំនួន​៣​ដង​ខុស​ៗ​គ្នា​ត្រឡប់ត្រឡិន ហើយ​ត្រូវ​បាន​សម្រេច​ឱ្យ​លោក​បង់ប្រាក់​ចំនួន​៦​លាន​រៀល និង​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​(​ព្យួរ​) បន្ទាប់​ពី​លោក​បាន​ផ្ញើ​សារ​ទៅ​លោក លី​ម វាសនា ប្រធាន​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ករណី​បងប្អូន​អ្នកទោស​រអ៊ូរទាំ​រឿងរ៉ាវ​មិន​ប្រក្រតី​ធ្វើបាប​អ្នកទោស​ក្នុង​នោះ​ក៏​ត្រូវ​គេ​ប្តឹង​ទៅ​តុលាការខេត្ត​តែ​ម្តង​។

ទើប​រហូត​មក​ដល់​ពេល​នេះ លោក ទឹម ស៊ី​ថន កើតទុក្ខ​មិន​សុខចិត្ត ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ប្តឹង​ទៅ​លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ទឹម ស៊ី​ថន អនុប្រធាន​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ៖

នៅ​ក្នុង​ពាក្យបណ្តឹង​លោក គឺ​សុំ​ឱ្យ​មានការ​ចាត់តាំង​ប្រតិភូ​អធិការកិច្ច របស់​ក្រសួង សម្រាប់​ការ​ចុះ​តាមដាន​ការ​អនុវត្ត​ច្បាប់​លើ​សំនុំរឿង​ព្រហ្មទណ្ឌ​លេខ​៤១ ចុះ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​មាន​ភាព​មិន​ប្រក្រតី និង​មាន​ព្រ​សន​កម្ម ព្រមទាំង​ពិនិត្យ​ភាព​ចាំបាច់ ក្នុង​ការ​ចុះ​ធ្វើ​អធិការកិច្ច លើ​ភាព​មិន​ប្រក្រតី​នានា នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​។ លោក​បន្ត​ទៀត​ថា សូម​ឱ្យ​ក្រសួង​ធ្វើ​តាម​ការ​ចាំបាច់ សម្រាប់​ការ​រក​យុត្តិធម៌​តាម​ច្បាប់ ធានា​តម្លាភាព និង​ប្រសិទ្ធភាព ក្នុង​រដ្ឋបាល​សាធារណៈ ដោយ​លោក​បាន និង​កំពុង​ជួប​នូវ​រឿង​អយុត្តិធម៌​មួយ ពី​តុលាការខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​គាបសង្កត់​ការ​រំលោភ​ដោយ​អំណាច​ពី​អ្នកមាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​ទីនោះ​ផង​ដែរ​។

លោក​បញ្ជាក់​ថា លោក​តែងតែ​មានការ​ទទួលខុស​ត្រូវជា​និច្ច ទាំង​តាម​ផ្លូវច្បាប់ ផ្លូវ​រដ្ឋបាល និង​ក្នុង​ជីវិត​ឯកជន មិន​ដែល​ប្រព្រឹត្ត​អ្វី​ខុសច្បាប់ ខុស​គោលការណ៍​ណែនាំ​នោះ​ទេ​។ ប៉ុន្តែ​កន្លង​មក​មានការ​ចោទប្រកាន់​រូប​លោក តាម​ផ្លូវ​តុលាការ ចោទ​ដោយ​បំពាន ខុស​ពី​ការ​ពិត ដោយ​គោលបំណង​ជំរិត​យក​ប្រយោជន៍ និង​បំបាក់​ផ្នែក​សា្មរ​តី ជា​លក្ខណ​:​បុគ្គល និង​ដល់​អង្គភាព ជា​មន្ត្រី​អធិការកិច្ច​ផង​ដែរ​។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ភាព​មិន​ប្រក្រតី​របស់​ព្រះរាជអាជ្ញា​រង​ឈ្មោះ ជា សា (​ប្តី​) និង​ចៅក្រម​ជំនុំ​ជម្រះក្តី ឈ្មោះ តាន់ គឹ​ម​ហៀ​ក (​ប្រពន្ធ​) ត្រូវជា​មិត្តភក្តិ​ជាមួយនឹង​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ឈ្មោះ លី​ម វាសនា​។

នៅ​ព្រឹក​មុន​ពេល​កើតហេតុ ខណៈ​ពេល​លោក​ទៅ​ហូប​កាហ្វេ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ឈ្មោះ ប៉ៃលិន​ស៊ី​ធី ស្រាប់តែ​មាន​ស្ត្រី​ម្នាក់ បាន​មក​ប្រាប់​លោក​ថា គាត់​មាន​បងប្អូន​ម្នាក់​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​ខាង​ប្រធាន​ពន្ធនាគារ​ធ្វើបាប ដោយ​ទារ​ឱ្យ​បង់លុយ​ចំនួន​៣​លាន​រៀល ទើប​ឱ្យ​ដេក​សម្រាក​នៅ​ក្នុង​បន្ទប់​ទូលាយ បើ​មិន​ព្រម​ទេ​គឺ​ឱ្យ​ដេក​ក្នុង​បន្ទប់​ដែល​ចង្អៀត ២​ម៉ែត្រ​៤​ជ្រុង អ្នកទោស​ចំនួន​៨​នាក់​។ ពេល​នោះ​បងប្អូន​អ្នក​ជាប់គុក​នោះ​ក៏​បាន​សុំ​អង្វរ​ឱ្យ​លោក​ជួយ​អន្តរាគមន៍ គឺ​សុំ​លោក លី​ម វាសនា ប្រធាន​ពន្ធនាគារ​ឱ្យ​ជួយ​សម្រួល​ផង​។ លើស​ពី​នេះ​ក៏​មាន​បញ្ហា​ផឹកស៊ី​ជាមួយ​អ្នកទោស និង​អំពើ​ពុក​រលួយ​ក្នុង​ពន្ធនាគារ ក៏​ដូច​ជា​ករណី​គ្រឿងញៀន​ជាដើម​។

គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​នេះ លោក​ដែល​ធ្លាប់​រាប់អាន​លោក​ប្រធាន​ពន្ធនាគារ​ក៏​បាន​សរសេរ​សារ​តាម​ទូរស័ព្ទ​ឆាត​ជា​លក្ខណៈ​រាប់អាន​គ្នា​ទៅ​លោក លឹ​ម​វាសនា​ថា «​សួស្តី​ប្អូន​ស្នា​! សូម​ប្អូន​ពិនិត្យ និង​អាច​មេត្តា​ផ្តល់​លក្ខណៈ​អនុគ្រោះ​ណាមួយ ដល់​ឈ្មោះ យ៉េ​ត ច​ន្ធូ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង ព្រោះ​បើ​មិន​ចឹ​ង​ទេ​មានការ​ពង្រីក​ព័ត៌មាន​បែកធ្លាយ ពី​សកម្មភាព​គ្រឿងញៀន និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​ពន្ធនាគារ​ប៉ៃលិន ដែល​ចង់​មិន​ចង់ ពិត​មិន​ពិត តែ​វា​ជា​រងើកភ្លើង​នាំ​ទៅ​ដល់​អន្តរាយ​ជា​អគ្គិភ័យ​បាន​។ បំណង​ល្អ ! » ។

លុះ​មិន​ព្រម​ដោះស្រាយ​សម្រួល​ដល់​អ្នកទោស ស្រាប់តែ​មាន​ករណី​បងប្អូន​អ្នកទោស​ធ្វើ​ឱ្យ​បែកធ្លាយ​មែន ទើប​គេ​ដាក់​ពាក្យ បណ្តឹង​លោក​តែ​ម្តង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​លេខាធិការដ្ឋាន នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ៖ បើសិនជា​លោក ទឹម ស៊ី​ថន អនុប្រធាន​ទំនាក់​ទំ​នាង​រដ្ឋសភា ព្រឹទ្ធសភា យល់​ថា សាលក្រម​ខាងលើ ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង និង​ចៅក្រម​ជំនុំ​ជម្រះក្តី មិន​យុត្តិធម៌ គឺ​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​ថ្នាក់លើ​បន្ត​ទៀត ឬ​ក៏​អាច​តវ៉ា​ចំពោះ​សាលក្រម​នោះ​ឡើង​វិញ​។ ប្រភព​បន្ត​ទៀត​ថា លោក ជា សា ព្រះរាជអាជ្ញា​រង និង​លោកស្រី តាន់ គឹ​ម​ហៀ​ក គឺ​ពិតជា​ប្តី​ប្រពន្ធ​នឹង​គ្នា​មែន ហើយ​កាន់​សំនុំរឿង​នេះ​ផង​ដែរ​៕ ដោយ ៖ នី យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ