ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសធ្វើបដិសណ្ឋារកិច្ចប្រតិភូភរិយាឯកអគ្គរដ្ឋទូត ប្រទេសអាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពជា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ដែលមានជីវភាពមធ្យម ក្នុងមុខរបរកសិកម្ម មានដូចជា៖ ការដាំដំណាំផ្សេង ការដាំដំណាំស្រូវ ការនេសាទ ការចិញ្ចឹមសត្វ ស្មូនឆ្នាំង និងសិប្បកម្មតម្បាញ ជាដើម។ល។
សូមបញ្ជាក់ថា ប្រតិភូភរិយាឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ច នៅខេត្តកំពង់ឆ្នាំង រយៈពេលពេញ ១ថ្ងៃ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាការអភិវឌ្ឍន៍ និងការរីកចំរើនរបស់ខេត្តកំពង់ឆ្នាំង ក្រោមការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ ជាស្រ្តី នៅតាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានរាយការណ៍បន្តពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច ការវិនិយោគ និងសក្តានុពលទេសចរណ៍ មានការរីកចំរើន ព្រមទាំងការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ជាពិសេស មុខងារស្ត្រី នៅក្នុងខេត្ត។
ជាមួយគ្នានេះ លោកជំទាវ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះភរិយាឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន ប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តកំពង់ឆ្នាំង នាពេលនេះ ផងដែរ។
នៅក្នុងឱកាសនោះ ប្រតិភូភរិយាឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះការទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំស្រ្តី ខេត្តកំពង់ឆ្នាំង ដែលបានទទួលនូវភាពកក់ក្តៅបំផុត។
ជាមួយគ្នានេះ ប្រតិភូ ក៏សូមកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ រៀបចំការកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងហេដ្ឋារេចនាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សំណង់ថ្មីៗជាច្រើន និងពិសេសធ្វើឱ្យប្រជាពលរដ្ឋ មានកម្រិតជីវភាពសមរម្យ។
នៅក្នុងការដឹកនាំប្រតិភូភរិយាឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅទស្សនាស្វែងយល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនោះដែរ គឺបានទៅទស្សនានួវទិដ្ឋភាពតាមដងទន្លេ ទីតាំងការអភិវឌ្ឍន៍ដី ៤០ ហិតតា នៅចំណុចចុងកោះ ក្នុងឃុំស្វាយជ្រុំ ទស្សនាសិប្បកម្មស្មូនឆ្នាំង និងសិប្បកម្មសេរ៉ាម៉ិច នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ទស្សនាការផលិតស្មូនឆ្នាំង នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី និងទស្សនាមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៅភូមិអូរសណ្តាន់ ក្នុងឃុំទឹកហូតផងដែរ៕ ដោយ៖ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ