ព្រះពុទ្ធសាសនា បានសម្ដែងសង្កត់ធ្ងន់ទៅលើកម្មនិងផល អ្នកធ្វើកម្មណានឹងទទួលកម្មនោះជាផល គ្មានទេវតា ឥន្ទ ព្រហ្មឯណាមកសម្រេចវាសនាល្អ ឬអាក្រក់ឱ្យយើងឡើយ ។
កម្មគឺជាការងារដែលសត្វលោកត្រូវប្រព្រឹត្ត ឯផលគឺអ្វីដែលសម្រេចបានមកអំពីការប្រព្រឹត្តនោះឯង ដូច្នេះការសម្ដែងអំពីកម្មផល មិនមែនជាការសម្ដែងធ្វើឲ្យមនុស្សទន់ខ្សោយស្មារតីនោះទេ ។
តាមពិតរឹតតែធ្វើឲ្យមនុស្សមានស្មារតី យកចិត្តទុកដាក់បំពេញយ៉ាងពេញទំហឹងនូវការងាររបស់ខ្លួនដែលកំពុងធ្វើ ថែមទាំងមានទំនុកចិត្តថា ការដែលនឹងធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សអន់ឬថ្លៃថ្នូរនោះ គឺអាស្រ័យទៅលើការងារដែលខ្លួនឯងកំពុងប្រព្រឹត្តនោះឯង ដោយមិនប្រគល់វាសនាឲ្យទេវតា ឬអាទិទេពណាជាអ្នកសម្រេចនោះឡើយ ។
ការងារអាចបែងចែកសត្វលោកឲ្យថ្លៃថ្នូរឬថោកទាបបាន ដូច្នេះសូមឲ្យមនុស្សគ្រប់រូបប្រឹងប្រែងប្រកបការងារចិញ្ចឹមជីវិតណា ដែលល្អប្រាសចាកទោស រួមជាមួយនឹងសេចក្ដីសន្ដោស ចេះត្រេកអរនឹងលទ្ធផលដែលសម្រេចបានអំពីការងារដែលខ្លួនទទួលនោះផង ៕ សាន សារិន
ចែករំលែកព័តមាននេះ