រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិននិងវៀតណាម អះអាងថាបានត្រៀមថវិកាសម្រាប់ពីធីចូលឆ្នាំថ្មី និងការសែនព្រេន ដែលនឹងមកដល់ប៉ុន្មានថ្ងៃទៀតនេះ។ ពលរដ្ឋខ្លះថាមានថវិកាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិតាមដូនតានេះ តែក៍មានពលរដ្ឋផ្សេងទៀតថាមានការខ្វះខាត ដោយសារឆ្នាំនេះ ជួបវិបត្តិកូវីដ១៩ប៉ុន្តែមិនចោលការសែនព្រេន ដែលបានធ្វើច្រើនឆ្នាំមកហើយនោះទេ ។
លោក ស៊ីថា ពលរដ្ឋម្នាក់ដែលត្រៀមជាស្រេចដើម្បីចូលឆ្នាំចិន បាននិយាយថារាល់ឆ្នាំលោកតែងតែរៀបពិធីសែនចូលឆ្នាំចិននៅផ្ទះ ដោយមានការចូលរួមពីបងប្អូនបង្កើត បង្អូនជីដូន ជាច្រើននាកើ មកជូបជុំគ្នា ដើម្បីអុជធូបររំលឹកគុណលោកឳពុក អ្នកម្តាយ កុងមា ដែលបានចែកឋានទៅហើយនោះហើយសូម្បីសេចក្តីសុខសេចក្តីចម្រើនពីលោកទំាងអស់នោះវិញ ។
លោក ស៊ីថា បាននិយាយដូច្នេះ “ខ្ញុំកាន់ជើងធូបពីព្រោះខ្ញុំកូនប្រុសបងបន្តពីកុងមា ។ ការរៀបចំពិធីនេះ យើងធ្វើឡើងតៗគ្នាមក ។ បងប្អូនខ្ញុំតាំងពីមុនមកជាប់សែស្រឡាយចិន។ ដូច្នេះពួកខ្ញុំដែលជាកូនចៅ តែងតែជួបជុំគ្នារៀបចំសែនព្រេននេះតាមទម្លាប់។ កាលពីពេលដែល ប៉ា ម៉ាក់ខ្ញុំ លោកនៅមានជីវិតខ្ញុំទៅសែនផ្ទះគាត់” ។
![Picture]()
ពលរដ្ឋជាច្រើនអះអាងថាការរៀបចំពិធីសែនព្រេនក្នុងឱកាសចូលឆ្នាំចិននេះ គឺធ្វើឡើងតៗគ្នា ហើយអត្ថន័យមែនទែនយ៉ាងណានោះពួកគាត់មិនដឹងស៊ីជម្រៅឡើយ។ ពួកគាត់មានបំណងត្រឹមថាសែនទៅបានសុខសប្បាយ រកស៊ីមានបានតែប៉ុណ្ណោះ។ អ្នកខ្លះសូម្បីតែការរៀបចំម្ហូបអាហារ នំចំណី ក្នុងការសែននោះ ក៍ចេះតែអនុវត្តតាមទម្លាប់តៗគ្នារហូតមក។កូនឃើញម៉ែឪរៀបចំយ៉ាងមេចក៍ចេះតែបន្តរៀបចំបែបនោះរហូតមក។
លោកសុផល ដែលឈរតថ្លៃបម្រុងទិញផ្កាអង្គាសីល ក្នុងតម្លៃ៥០ដុល្លារ ដើម្បីយកតុបតែងផ្ទះ ទទួលឆ្នាំថ្មី និយាយទំាងអស់សំណើចថា “តាមពិតទៅខ្ញុំមិនជាជាប់ចិនអីទេ ប៉ុន្តែខាងប្រពន្ធខ្ញុំគាត់ចិន ហើយគាត់ជាស្រី តែចង់រក្សាទម្លាប់នេះ ខ្ញុំក៍ធ្វើតាមគាត់ឲ្យគាត់សប្បាយចិត្តទៅ”។ លោកសុផល ដែលមើលទៅហាក់ជាមនុស្សមានជីវភាពសមរម្យ លោកថារៀងរាល់ឆ្នាំក្នុងរដូវចូលឆ្នាំថ្មីជនជាតិចិននេះ គ្រួសារលោកបានចំណាយប្រមាណ៧០០ដុល្លារសម្រាប់រៀបចំ។
លោកពោលទំាងទឹកមុខញញឹមថា “រៀបចំសែននេះ ដូចជាការជួបជុំបងប្អូនទទួលទានអាហារជុំគ្នាអញ្ជឹង។ យើងចំណាយលើម្ហូប ទិញសម្ភារៈសែន សរុបទៅប្រហែល៧០០ដុល្លារនេះមិនរាប់ពីថវិកា ដែលត្រូវដើរលេងនោះផងទេ”។
![Picture]()
ចំណែក លោក ស៊ីថា បានងាកមករាប់ទំនិញដែលចំាបាច់ត្រូវទិញសម្រាប់សែនមាន ផ្លែឈើ នំចិន មាន់ស្ងោរ ជ្រូកខ្វៃ និងសម្ភាៈសម្រាប់ដុតសែន លុយក្រដាស ផ្ទះក្រដាស ឡានក្រដាស ជាដើម។ លោកបន្ថែមថា “ឆ្នាំខ្លះខ្ញុំចំណាយច្រើនរយដុល្លារដើម្បីទិញរបស់មករៀបចំសែន ឆ្នាំខ្លះតិចទៅតាមលទ្ធភាពជាក់ស្តែង ហើយមិនមែនចំណាយតែម្នាក់ឯងទេ បងប្អូនគេជួយបន្តិចៗម្នាក់ដើម្បីសប្បាយនិងសេចក្តីសុខទំាងអស់គ្នា”។
អ្នកជាប់សែស្រឡាយចិននិងវៀតណាមឲ្យដឹងថាពិសីសែនពេលចូលឆ្នាំមានពីរបែប ទីមួយសែនម្ចាស់ទឹកម្ចាស់ដី និងមួយទៀតសែនកុងមា សាច់ញាត្តិដែលស្លាប់។ ពិធីសែនចូលឆ្នាំចិនគេនិយមដាក់របស់ ឬផ្លែឈើដែលមានពណ៌ក្រហម និងទឹកក្រូច។ ព័ណ៌ទំាងពីរនេះ គេជឿថានាំលាភ នាំសំណាង ចូលផ្ទះពួកគេ។
![Picture]()
លោកស៊ីថា ហាក់មានចិត្តទូលាយលើជំនឿសាសនា ។ លោកថានេះជាសិទ្ធិនិងសេរីភាពរបស់បុគ្គលម្នាក់ៗ គេយល់ថាសែននាំឲ្យគេបានសុខ បានចម្រើន ក៍នាំគ្នាសែនទៅហើយអ្នកគិតថាសែនមិនបានផលមិនសែនទៅចប់ហើយ។
សូមជម្រាប់ថាអាជីវករលក់ដូរទំនិញសម្រាប់សែននៅតាមផ្សារមួយចំនួននៅក្នុងក្រុងភ្នំពេញ និយាយឲ្យដឹងថាទំនិញនិងសម្ភារៈប្រើប្រាស់ក្នុងពេលសែន ភាគច្រើននាំចូលពីបរទេស ហើយថាក្នុងមួយឆ្នាំៗបើគិតជាទឹកប្រាក់លើទំនិញសែននេះមិនតិចម៉ឺនដុល្លារនោះទេ ៕