ខេត្តសៀមរាប ៖ តួប៉មចំនួន២នៃប្រាសាទគោកចក បែរមុខទៅទិសខាងកើត ដែលប្រឈមនឹងការខូចខាតកម្រិតខ្ពស់ដោយសារការបំផ្លាញពីរុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ ធ្វើឱ្យឫសឈើចាក់ចូលជ្រៅទៅក្នុងរចនាសម្ពន្ធឥដ្ឋ បណ្តាលឱ្យជញ្ជាំងបែកជាពីរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងឱ្យផុតពីការបាក់រលំជាបន្តបន្ទាប់ ។
តាមការបញ្ជាក់របស់លោក ស្រី ឈុន រតនា បុរាណវិទូ និងជាប្រធានគម្រោងអភិរក្សប្រាសាទគោកចកនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្កាឱ្យដឹងថា ទាក់ទងនឹងការខូចខាតសំណង់តួប៉មទាំងពីរនៃប្រាសាទគោកចក គឺបណ្តាលមកពីកត្តារុក្ខជាតិ អាយុកាលសំណង់ មនុស្ស និងអាកាសធាតុ ។
លោកស្រីបន្តទៀតថា កាលពីឆ្នាំ២០១៥ ក្រុមការងារបានជួសជុលតួប៉មខាងត្បូងដែលរលុះឱ្យល្អប្រសើរឡើងវិញ នៅផ្នែកខាងមុខ និងជញ្ជាំងខាងត្បូង ។ ចំណែកនៅឆ្នាំ២០២០ ក្រុមការងារក៏បានបញ្ចប់ការជួសជុលតួប៉មខាងជើង ដែលរលុះនៅជ្រុងនិរតី ។
ចំពោះការជួសជុលប្រាសាទគោកចក គឺមានជាប្រចាំ ដោយយើងនឹងជួសជុលបន្ថែមទៀតនៅជញ្ជាំងខាងជើង និងជញ្ជាំងទិសពាយ័ព្យនៃតួប៉មខាងជើងផងដែរ ដើម្បីទប់ស្កាត់ការទ្រុឌទ្រោមនាំឱ្យបាក់រលំ ។ ក្នុងកិច្ចការអភិរក្សប្រាសាទឥដ្ឋដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះ លោកស្រី រតនា និងក្រុមការងារបានសង្កត់ធ្ងន់លើបច្ចេកទេសជួសជុលដោយពង្រឹងរចនាសម្ពន្ធប្រាសាទឥដ្ឋនេះឡើងវិញ ដោយការរើឥដ្ឋពុកផុយនិងឥដ្ឋគ្មានសុវត្ថិភាពចេញ ជំនួសដោយឥដ្ឋថ្មីខ្លះៗក្នុងករណីចាំបាច់ ដើម្បីពង្រឹងភាពមាំទាំនៃតួប្រាសាទ ។
បន្ទាប់មកដកស្មៅ សម្អាតរុក្ខជាតិតូចធំដែលដុះលើតួប្រាសាទ និងផ្លុំកំណកដីចេញពីស្រទាប់ឥដ្ឋ ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏យកចិត្តទុកដាក់លើការបិទភ្ជិតរន្ធតូចធំដែលអាចឱ្យទឹកដក់ឬទឹកជ្រាបចូលក្នុងរចនាសម្ពន្ធប្រាសាទ ងាយបង្កផលប៉ះពាល់ដល់ប្រាសាទឆាប់ពុកផុយ ។ រាល់ការជួសជុលនេះ គឺគោរពតាមបទដ្ឋានជួសជុលក្នុងតំបន់អង្គរ ការប្រើផលិតផលនិងបច្ចេកទេសបុរាណ ហើយត្រឹមត្រូវតាមទម្រង់ដើមនៃប្រាសាទ ។
បើគិតមកដល់ឆ្នាំ២០២១នេះ ប្រាសាទគោកចក មានអាយុកាលជាងមួយពាន់ឆ្នាំហើយ យោងតាមសិលាចារឹកប្រាសាទគោកចក (K.521) ផ្ទាល់បង្ហាញថា សំណង់ប្រាសាទនេះ សង់ឡើងនាឆ្នាំ៨៥០នៃគ.ស. ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ សម្រាប់ឧទ្ទិសដល់ព្រះនរាយណ៍ ៕
ចែករំលែកព័តមាននេះ