ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​អ្នក​រកស៊ី​នឹង​ចេះ​រកស៊ី សេពគប់​អ្នក​ផឹកស្រា​នឹង​ចេះ​ផឹកស្រា !

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគ​ទី​ ២ រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ភាគ​ទី​ ១ នៃជីវិត​ជាក់ស្តែងស្តីពី «តើ​លុយ ​១០០ដុល្លារ​កែប្រែ​ជីវិត​ខ្ញុំ​របៀប​ណា ?»…

ភាគ​ទី​ ២

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ភាគ​ទី​ ១ នៃជីវិត​ជាក់ស្តែងស្តីពី «តើ​លុយ ​១០០ដុល្លារ​កែប្រែ​ជីវិត​ខ្ញុំ​របៀប​ណា ?» ខ្ញុំ​បាន​លើកឡើង​រួច​មក​ហើយ​ថា​ មនុស្ស​ត្រូវ​មាន​ក្តី​ស្រមៃ ​ហើយ​រៀបចំ​ផែនការ​សម្រាប់​ការ​សម្រេច​ក្តី​ស្រ​មៃ​នោះ ដើម្បី​គិត​ចេញ​ជា​មុខរបរ​មួយ​ដែល​នឹង​អាច​ជួយ​យើង​រក​លុយអោយ​បាន​ច្រើនល្មម​រស់នៅ​បាន​សមរម្យ​នៅ​ក្នុង​សង្គម ​។

នៅ​ថ្ងៃនេះ ខ្ញុំ​នឹង​នាំ​អ្នក​ទាំងអស់​គ្នា​ទៅ​កាន់​ចំណុច​មួយ​ផ្សេង​ទៀត​គឺ តើ​មាន​អ្វី​ជំរុញ​ខ្ញុំ​អោយបង្កើត វេ​ប​សាយ​សុខភាព (health.com.kh) ដើម្បី​បម្រើ​មហាជន ​និង​រក​ចំណូល​សម្រាប់​ខ្លួនឯងដោយ​ផ្តើមចេញពី​លុយ​តែ ​១០០​ដុល្លារ​ក្នុង​មួយ​ខែ ​។ ហេតុការណ៍​ពីរ​បាន​ជំរុញ​អោយ​ខ្ញុំ​ចាប់ផ្តើម​គិត​ពី​ការ​បង្កើត​មុខរបរ​មួយ​សម្រាប់​ខ្លួន​ជា​ជាង​ការ​បន្ត​ធ្វើការ​អោយ​គេ​អស់​មួយ​ជីវិត ​។

ហេតុការណ៍​ទី​មួយ ​គឺ​ខ្ញុំ​បាន​ស្គាល់​ឧកញ៉ា ហៃ លី​អ៊ា​ង ​។ គាត់​ គឺជា​ប្រធាន​សហគ្រាស​ផលិត​ឱសថ ប៉េ ប៉េ អឹ​ម ដែល​ជា​សហគ្រាស​ផលិត​ឱសថ​ធំ​ជាងគេ​នៅកម្ពុជា ​និង​បាន​នាំ​ចេញ​ឱសថជា​ច្រើន​មុខទៅ​លក់នៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ​។ ក្នុង​ការ​សន្ទនា​មួយ គាត់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​ត្រូវធ្វើការ​ងារអោយគេ​អស់​មួយ​ជីវិត​ទេ ​ហើយ​គាត់​ពន្យល់​ថា​ មនុស្ស​យើង​បើ​ដល់​អាយុ ​៤០​ឆ្នាំ​ហើយ​មិន​មាន​អ្វី​ទេ ​គឺ​ចប់​ហើយ ​។ សម្តី​របស់​គាត់​បាន​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ក្រ​ញ៉ា​ង ដោយសារ​តែ​ខ្ញុំ​រវល់​ខ្លាំងពេក​នឹង​ធ្វើការងារ ហើយមិន​បាន​គិតឡើយ​ថា ​តើ​ត្រូវ​បង្កើត​មុខរបរ​អ្វី​សម្រាប់​ខ្លួនឯង ​។ ចាប់ពី​ពេល​នោះ​មក ខ្ញុំ​ក៏​តាំងចិត្ត​ថា ​ត្រូវគិត​បង្កើតមុខរបរ​មួយ​សម្រាប់​ខ្​ួ​ន​ឯង នៅ​ពេល​ចាស់​ទៅ​។ ខ្ញុំ​តាំងចិត្ត​ថា​ខ្ញុំ​មិន​ត្រូវ​ធ្វើការ​អោយ គេ​អស់​មួយជីវិត​ឡើយ​។

ហេតុការណ៍​ទី​ពីរ​ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ។ ជា​ទូទៅ​នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ខ្ញុំ​ចូល​ចិត្ត​ទៅ​កាន់​ហាង​សៀវភៅ​ដើម្បី​រក​ទិញ​សៀវភៅ​សម្រាប់​អាន​ពេល​ត្រឡប់​មក​ប្រទេស​វិញ​ ។ នៅ​ហាង​សៀវភៅ​ក្នុង​ទីក្រុង​ញូ​វ​ដេ​លី ខ្ញុំ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នឹង​ទស្សនាវដ្តី​សុខភាពរបស់​ឥណ្ឌា ដែល​មាន​អត្ថបទ​ល្អ​ៗ​ជា​ច្រើន ​។ ពេល​កំពុង​អាន​សៀវភៅ​នោះគំនិត​មួយ​បាន​លេចឡើងក្នុងខួរក្បាល ខ្ញុំ ​។​ នោះគឺ ខ្ញុំ គួរ​តែ​ប្រើ​ជំនាញ​សារព័ត៌មាន​ និង​ជំនាញ​ពេទ្យ​របស់ខ្ញុំ​បង្កើតវេ​ប​សាយ​សុខភាព​ជំនួសអោយ​ការ​ធ្វើ​ទស្សនាវដ្តី​ដែល​ចំណាយ​លុយ​ច្រើន​ ។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ​ខ្លួន​អាច​ធ្វើ​បាន​ផ្អែក​លើ​ចំណេះដឹង​ហើយ ខ្ញុំ​ក៏​ប្រាកដ​ដែរ​ថា ​ខ្ញុំ​នឹង​អាច​រក​លុយ​បាន​ពី​វេ​ប​សាយ​នេះដោយសារ​ខ្ញុំ​មាន​បណ្តាញច្រើន​ផ្នែក​ពេទ្យ​ ។

សម្តី​ប៉ុន្មាន​ម៉ាត់​ពី​ឧកញ៉ា ហៃ​ លី​អ៊ា​ង និង​ដំណើរ​ទស្ស​កិច្ច​នៅ​ឥណ្ឌា​បាន​នាំ​ផ្លូវ​ខ្ញុំ​ឆ្ពោះទៅ​កាន់ការ​សម្រេចចិត្ត​បង្កើត​វេ​ប​សាយ​សុខភាព​ដំបូង​នៅ​កម្ពុជា ​។ រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​គិត​ថា​ នោះគឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹម​ត្រូ​ង ​និង​មានប្រយោជន៍ទាំង​សម្រាប់​ខ្ញុំ​ និង​ប្រជាជន​ដែលត្រូវការព័ត៌មាន​សុខភាព​ ។

តើ​អ្នក​ទាំងអស់​គ្នា​អាច​ទាញ​ប្រយោជន៍​អ្វីខ្លះ​ពី​បទ​ពិសោធន៍​ជីវិត​ជាក់ស្តែង​នេះរបស់ ខ្ញុំ ? ខ្ញុំ​គិត​ថា​ ការ​សេពគប់​មនុស្ស​ត្រូវ​នឹង​នាំ​យើង​ដើរ​ផ្លូវត្រូវ ការ​សេពគប់​មនុស្ស​ខុស​នឹង​នាំ​យើង​ដើរ​ផ្លូវខុស​ ។ បើសិនជា​យើងចង់រក​លុយ​បាន​ច្រើន យើង​ត្រូវ​ស្គាល់​អ្នកជំនួញ​ជោគ ជ័យ​អោយ​បានច្រើន​ហើយឈ្វេងយល់ពី​ភាគជោគជ័យ​របស់​ពួក​គេ និង​ទ​ទូល​យក​យោបល់​របស់​គេ​មក​ពិចារណា ​។ ក្នុង​ករណីរបស់ខ្ញុំ គឺសម្តី​របស់លោក ឧកញ៉ា ហៃ​ លី​អ៊ា​ង បាន​កែប្រែ​ជីវិតរបស់ខ្ញុំ ​។ ទន្ទឹម​នោះការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ក៏​ជួយយើងអោយបើកភ្នែក​មើលឃើញឱកាស​ជា​ច្រើន​នៃមុខរបរ​ដែល​អាចយ​កមក​រកស៊ី​ក្នុងប្រទេសរបស់​យើង ​។

សូម​ប្រិ​យ​មិត្ត​រង់ចាំ​តាមដាន​អាន​បន្ត​ទៀត​ទាក់ទង​នឹង​ការ​ចែករំលែក​បទ​ពិសោធន៍​ជីវិត​របស់ខ្ញុំ​ថា«តើ​លុយ ​១០០​ដុល្លារ​កែប្រែ​ជីវិត​ខ្ញុំ​របៀប​ណា ?» ។ ចំណែក​ប្រិ​យ​មិត្ត​ដែល​ចង់​ចែករំលែក​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​រក​លុយ​ដល់​មហាជន​ក៏​អាច​ទាក់ទង​គម្រោង «លុយ​» របស់​សារព័ត៌មាន​ «កោះសន្តិភាព» ​ផង​ដែរ ​។ យើង​រីករាយ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន ដើម្បី​ជា​ការ​ចែករំលែក​ចំណេះដឹង​ជាក់ស្តែង​ពិត​ៗ​ទាក់ទង​នឹង​ការ​រក​លុយ ការ​សន្សំ​លុយ និងការ​គ្រប់គ្រង​លុយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ