នាងឧត្តរាបានសម្រេចសោតាតាំងពីក្មេង នាងជាធីតារបស់បុណ្ណសេដ្ឋី និងជាភរិយារបស់រាជគហសេដ្ឋីដែលជាមនុស្សមិច្ឆាទិដ្ឋិ ។
តាំងពីថ្ងៃដែលនាងទៅនៅក្នុងផ្ទះស្វាមីមកនាងមិនមានឱកាសនឹងបានបរិច្ចាគទានឡើយ ។ ក្រោយមក នាងបានជួយនាងសិរិមា ដែលជាស្ត្រីពេស្យាផ្កាមាសឲ្យមកនៅបម្រើស្វាមីរបស់នាង ដើម្បីនឹងមានឱកាសចេញទៅធ្វើការកុសល ។ ឯនាងសិរិមានោះកាលបើបាននៅជាមួយនឹងស្វាមីរបស់គេតែត្រឹមកន្លះខែ ក៏កម្រើកចិត្តគិតចង់ដណ្ដើមយកតំណែងជាមេផ្ទះ ហើយបានប្រទូស្ដដល់នាងឧត្តរាមានប្រការផ្សេងៗ ដរាបដល់ប្រើគេឲ្យយកទឹកក្ដៅកំពុងពុះស្រោចលើនាងឧត្តរា តែនាងឧត្តរាមិនក្រេវក្រោធសោះ ទឹកដែលក្ដៅនោះត្រឡប់ជាទឹកត្រជាក់ដូចទឹកធម្មតា ។
ឯនាងសិរិមាដឹងថាខ្លួនមានទោស ទើបចូលទៅសូមស្មាលាទោសនឹងនាងឧត្តរា ហើយនាងឧត្តរាក៏នាំទៅចូលគាល់ព្រះបរមសាស្ដាក្រាបបង្គំទូលរឿងនុះឲ្យទ្រង់ជ្រាប ។ ព្រះអង្គទ្រង់ប្រទាននូវធម្មទេសនាទូន្មានយ៉ាងនេះថា ៖
បុគ្គលគប្បីឈ្នះសេចក្ដីក្រោធបាន ដោយការមិនក្រោធតប, ឈ្នះសេចក្ដីមិនល្អ ដោយសេចក្ដីល្អ, ឈ្នះអ្នកកំណាញ់ស្វិត ដោយការឧស្សាហ៍ឲ្យទាន, ឈ្នះមនុស្សនិយាយឡេះឡោះ ដោយការនិយាយតែពាក្យពិតត្រង់ ៕ សាន សារិន
ចែករំលែកព័តមាននេះ