រាជធានីភ្នំពេញ ៖កម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ជាកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ផ្នែកត្រួតពិនិត្យធនាគារ។ មន្រ្តីធនាគារជាតិកម្ពុជា បានទទួលការបណ្តុះបណ្តាលជំនាញនេះ តំាងពីឆ្នាំ ២០១៥ មក ។ រហូតដល់បច្ចុប្បន្ន មន្ត្រីនិងបុគ្គលិកធនាគារជាតិនៃកម្ពុជាសរុបចំនួន ៣០៣រូប បានចូលរួមវគ្គសិក្សា NBC-FSI Connect ដែលក្នុងនោះសិក្ខាកាម ១១៦រូបបានបញ្ចប់ការសិក្សាកម្រិតបឋម ៤១រូបបានបញ្ចប់កម្រិតមធ្យម និង ៣៦រូបបានបញ្ចប់កម្រិតខ្ពស់ ។

ក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ដែលបានបញ្ចប់វគ្គសិក្សាកម្រិតខ្ពស់ កាលពីថ្ងៃអង្គារ ទី ៩ខែកុម្ភៈ ឆ្នាំ ២០២១ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី-បុគ្គលិកដែលបញ្ចប់កម្រិតខ្ពស់នៃកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect នេះ ។ ដែលបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន ។

លោកទេសាភិបាល បានផ្តាំផ្ញើសិក្ខាកាមទាំងអស់ឱ្យបន្តខិតខំរៀតសូត្រ អភិវឌ្ឍជំនាញ តាមរយៈការស្វ័យសិក្សាស្រាវជ្រាវ ដកស្រង់និងផ្លាស់ប្តូរបទពិសោធន៍ជាមួយរៀមច្បង ឬតាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ព្រមទាំងប្រើប្រាស់ជំនាញនេះឱ្យចំទិសដៅនិងមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ៕
ចែករំលែកព័តមាននេះ