រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក PORSHCE MACAN សង្ស័យអ្នកបើកបរស្រវឹងបានបើកបោះពួយយ៉ាងលឿន រួចក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើង ប៉ុន្តែមិនបណ្តាលឱ្យអ្នកបើកបរ និងមនុស្សណាម្នាក់រងគ្រោះនោះឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីឈានចូលព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចច្រកចូលផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តស៊េរីទំនើបមួយគ្រឿងខាងលើម៉ាក PORSHCE MACAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់ និងស្ត្រី២នាក់ជាអ្នករួមដំណើរ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តហោះផ្លោងក្រឡាប់ផ្ងារជើងវិលក្បាលត្រឡប់ក្រោយវិញរងការខូចខាតយ៉ាងដំណំ។
តាមប្រភពខាងលើបានបន្តថា ចំណែកឯរបាំងថ្មពុះចែកទ្រូងផ្លូវបានរងការខូចខាតបែកឆ្កូតបន្តិចបន្តួច និងមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ បន្ទាប់ពីកើតហេតុ គេឃើញអ្នកបើកបររថយន្ត និងអ្នករួមដំណើរក៏បាននាំគ្នាលូនចេញពីក្នុងរថយន្ត រួចប្រមូលសម្ភារៈចេញពីក្នុងរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕










ចែករំលែកព័តមាននេះ