មនុស្សឆ្លាតតែងអប់រំចិត្តឱ្យចេះទទួលស្វាគមន៍នូវអ្វីដែលគេចមិនផុត ដោយរក្សាចិត្តឱ្យស្ថិតក្នុងសេចក្តីស្ងប់ ឬក្នុងសភាពធម្មតា ។ កាលបើមាននូវសេចក្តីស្ងប់ក្នុងចិត្តហើយ ហេតុការណ៍អាក្រក់ ឬហេតុការណ៍ដែលយើងគិតថាអាក្រក់នោះ ក៏នឹងបានល្អឡើងវិញ ។ម្យ៉ាងទៀតហេតុការណ៍ដែលយើងគិតថាអាក្រក់ក្នុងពេលនេះ អាចត្រឡប់ក្លាយទៅជាមានផលល្អនៅពេលខាងមុខវិញដ៏ថាបាន ។
ដូចគ្រួសារមួយដែលរស់នៅក្នុងវត្តព្រះសង្ឃ ក្រោយមកវត្តត្រូវការទីត្រង់នោះសាងសេនាសនៈសម្រាប់វត្ត ក៏សូមឱ្យគ្រួសារនោះឯងរើកន្លែងចេញពីវត្ត ដោយផ្តល់ប្រាក់ឱ្យត្រឹម តែ តម្លៃរើប៉ុណ្ណោះ ។ គ្រួសារនោះ បានគិតថាជារឿង អាក្រក់សម្រាប់ជីវិតរបស់ពួកគាត់ខ្លាំងណាស់ ពួកគាត់កើតទុក្ខទោមនស្សទាស់ចិត្តក្រៃលែង ។
តមកពួកគាត់ក៏កាត់ចិត្តបានរួបរួមទ្រព្យសម្បត្តិដែលមាន និងខ្ចីអ្នកដទៃខ្លះទៀត ខាំធ្មេញ អត់ធន់ចំពោះរឿងដែលកើតឡើង ទិញផ្ទះបានមួយនៅក្រៅវត្ត ។ តមកទៀតមិនបានប៉ុន្មានឆ្នាំផងក៏សងបំណុលគេរួច ម្ល៉ោះហើយគ្រួសារមួយនេះក៏មានផ្ទះ និងដីជារបស់ខ្លួនឯង រស់នៅយ៉ាងសប្បាយក្លាយជាគ្រួសារមង្គល ។
ក្រោយមកទើបគិតថា បានមកជាយ៉ាងដូច្នេះព្រោះគេឱ្យចេញពីដីរបស់វត្តនោះឯង ប្រសិនបើអ្នកវត្តមិនធ្វើយ៉ាងនេះទេ ម្ល៉ោះសមត្រូវនាំគ្នា នៅនឹងដីវត្តរហូតស្លាប់ ហើយត្រូវនៅតកូនតចៅទៀតផង បើប្រព្រឹត្តរឿងមិនល្អក្នុងវត្តទៀតផង ដូចសន្សំបាបយកមកដាក់ខ្លួនអ៊ីចឹង ៕ សាន សារិន
ចែករំលែកព័តមាននេះ