រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប្រញាប់ទៅមើលប្រពន្ធជិតសម្រាលកូន ក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រ បណ្តាលឱ្យបោកក្បាលបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវហាណូយ នៅចំណុចក្បែរនឹងហ្គេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សពជនរងគ្រោះខាងលើមានឈ្មោះ លី ស្រៀង ភេទប្រុស អាយុ23ឆ្នាំ មុខរបរអ្នកបើកឡានដឹកអីវ៉ាន់ ស្នាក់នៅម្តុំភ្នំបាសិត មានស្រុកកំណើតនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តប្រភេទធន់ធំកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D 3779 បើកបរតាមបណ្តោយផ្លូវហានណូយ ក្នុងទិសដៅពីត្បូងទៅជើង ។

ប្រភពដដែលបន្តថា ខណៈពេលបើកមកដល់ចំណុចកើតហតុខាងលើនេះ រថយន្តកុងតឺន័រ ក៏បានបើកមកឈប់នៅចិញ្ចើមផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FD 2309 ដែលទើបតែចេញមកពីធ្វើការ ហើយប្រញាប់ទៅជួបប្រពន្ធគ្រប់ខែជិតសម្រាលកូន ដោយបើកបរតាមបណ្តោយផ្លូវហាណូយពីត្បូងទៅជើងស្របទិសដៅគ្នាជាមួយនឹងរថយន្តកុងតឺន័រ ក្នុងបើកលឿនធ្វើឱ្យគាត់មិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកចំគូទរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលទាំងមួកសុវត្ថិភាព ធ្វើឱ្យបែកក្បាលហូរឈាមស្រោចពេញផ្លូវ រហូតបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ប្រភពដដែលបន្តទៀតថា រីឯម៉ូតូរបស់ជនរងគ្រោះវិញ គឺរងការខូចខាតខ្ទេចស្ទើរទាំងស្រុង ដោយរួញក្បាលចូលគ្នា លុះបានមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីទំនងទំនាក់ហៅក្រុមគ្រួសារដឹកយកសពជនរងគ្រោះទៅធ្វើបុណ្យ ។
ក្រោយពេលកើតហេតុខាងលើនេះ សពជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្តាយក្មេក ដើម្បីយកទៅផ្ទះនៅឯភ្នំបាសិត ធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕
ចែករំលែកព័តមាននេះ