រាជធានីភ្នំពេញ ៖ ផ្ដើមចេញពីរឿងចរាចរណ៍បន្តិចបន្តួច ដោយភាគីម្ខាងបើករថយន្តម៉ាកព្រូស ជិះហួសស្តុប(ភ្លើងក្រហម) ធ្វើអោយភាគីម្ខាងទៀត បើកបររថយន្តឡិចស៊ីស ក៏បានស៊ីប្លេរឲ្យចៀស ធ្វើអោយមានការខឹងសម្បារ កើតជាជម្លោះពាក្យសម្តី ជេរប្រមាថគ្នាទៅវិញទៅមកទាញទូរស័ព្ទដៃថតគ្នាទៅវិញទៅមក រហូតឈានដល់ប្រទូសរ៉ាយបណ្ដាលឲ្យរងរបួស កើតក្តីប្ដឹងផ្តល់ ។
កោះសន្តិភាពមិនដឹងទេថា តើភាគីខាងណាខុស ខាងណាត្រូវទេ ? ទុកអោយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ជាអ្នកដោះស្រាយតាមច្បាប់ ។ យ៉ាងណា បើសិនភាគី(ក) និងភាគី(ខ) ព្រមទម្លាក់ចុះម្នាក់បន្តិចៗកាលពីយប់កើតហេតុនោះ ប្រាកដជាមិនមានរឿងអ៊ីចឹងទេ រឿងកើតមកពីមិនចេះយោគយល់ អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១
នៅស្តុបនាងគង្ហីញ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ប៉ុន្តែរថយន្តទាំង២ បន្តបើកតាមឈ្លោះគ្នារហូតដល់ទីតាំងកើតហេតុក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ភាគី ដែលជិះហួសស្តុបក្រហម គឺបើកបរដោយស្ត្រី (មិនស្គាល់អត្តសញ្ញាណ) មានបុរសម្នាក់ជិះជាមួយក្នុងរថយន្តម៉ាកព្រូស ស្លាកលេខ ភ្នំពេញ 2AW 2984 ។ ចំណែកភាគីម្ខាងទៀតដែលស៊ីប្លេរដាក់បែបខឹង ជិះរថយន្តម៉ាកឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2BB 0773 បើកបរដោយបុរសម្នាក់ និងអ្នកជិះអមដំណើរមានស្ត្រីម្នាក់ ដែលមានឈ្មោះនៅលើហ្វេសប៊ុក Bee Yinna ។
បើតាមភាគីឈ្មោះ Bee Yinna បានដំណើររឿងជាបឋមដល់អ្នកសារព័ត៌មានថា ភាគីរថយន្តឡិចស៊ីស ធ្វើដំណើរក្នុងទិសដៅពីផ្សារអូរឫស្សី ឆ្ពោះទៅផ្សារដេប៉ូ ពេលមកដល់ត្រង់ស្តុបនាងគង្ហីញ រថយន្តត្រូវឈប់រងចាំភ្លើងខៀវដើម្បីបន្តដំណើរទៅមុខ ។ នៅពេលភ្លើងចរាចរណ៍ពណ៌ខៀវរថន្តរបស់គាត់ក៏ចេញដំណើរ ស្រាប់តែមានរថយន្តម៉ាកព្រូស ធ្វើដំណើរលើមហាវិថីហ្សាដឺហ្គោល ឆ្លងកាត់ស្តុបនាងគង្ហីញដែរ ប៉ុន្តែស្តុបនៅភ្លើងក្រហមនៅឡើយ មិនដឹងថា រថយន្តព្រូស ប្រញាប់រឺយ៉ាងណា បានបើកកាត់មុខរថយន្តរបស់គាត់ ពេលនោះគ្រួសាររបស់គាតើជាអ្នកបើករថយន្ត ក៏បានចុចស៊ីប្លេរដាក់ បែបខឹងថា ហេតុអីជិះអត់ដឹងអីបែបនេះ (បើសិនចាប់ហ្វ្រាំងអត់ទាន់មិនមានបុកគ្នាទៅហើយ ? ) ។
ប្រភពពីភាគីឈ្មោះ Bee Yinna បានបន្តថា ពេលចុចស៊ីប្លេរខ្លាំងៗដាក់រួចហើយ ធ្វើអោយភាគីខាងរថយន្តព្រូស កើតការខឹងសម្បារផងដែរ ទើបបើករថយន្ត វ៉ាគ្នាទៅវ៉ាមក ក៏បានបើកកញ្ចក់សួរគ្នាទៅអ្នកបើករថយន្តឡិចស៊ីសថា អ្ហែងចង់ម៉េច ? ។ ស្ត្រីឈ្មោះ Bee Yinna ក៏បានឃាត់គ្រួសារថាកុំតប! ទុកអោយគាត់និយាយវិញ ព្រោះអីជាស្ត្រីនិងស្ត្រី ។ ហើយក៏មានជម្លោះពាក្យសម្តីជេរគ្នាទៅវិញ ទៅមក រហូតដល់ភាគីរថយន្តព្រូស ទូរស័ព្ទហៅបុរសម្នាក់ទៀត ជិះម៉ូតូកាក់មុខរថយន្តឡិចស៊ីសឲ្យឈប់ រហូតដល់កើតមានការប្រទូសរ៉ាយប្រវាប្រតប់ បណ្ដាលឲ្យរងរបួសលើរាងស្ត្រីឈ្មោះ Bee Yinna ។
ដោយឡែក បើយោងតាម គណនីហ្វេសប៊ុកឈ្មោះ Oudom Chheat អះអាងជាបងប្រុសរបស់ស្ត្រីនបើកបររថយន្តព្រូស បានបង្ហោះវីដេអូ និងសរសេរថា បើមិនមានផ្សែង ក៏គ្មានភ្លើងដែរ សូមមើលវីដេអូទី១ ដល់ទី៤ ដើម្បីជួយរកយុត្តិធម៍ អោយជនរងគ្រោះពិតប្រាកដ ដែលពេលនេះប្អូនខ្ញុំត្រូវដេកពេទ្យ ព្រោះត្រូវគេវ៉ៃ មិនដឹងប៉ះពាល់អ្វីខ្លះ ។
ដំបូងឡើយ ជាជម្លោះតិចតួច ដោយពាក្យសំដី ក៏កើតចេញជាការប្រតាយប្រតប់ រហូតភាគីម្ខាងទៀត មកទះកំភ្លៀងប្អូនខ្ញុំ រួចហើយក៏ភាគីបង្ក បានបើករថយន្តចេញទៅ ធម្មតាទាំងយើង ទាំងគេ មិនមែនចិត្តព្រះឯណា តែងតែចង់តបត ជារឿងធម្មតា ចឹងហើយភាគីប្អូនស្រីខ្ញុំ ក៏បើកឡានតាមអោយភាគីម្ខាងទៀតឈប់ នឹងកាក់សួរនាំ ហេតុអ្វីបានជាទះកំភ្លៀងគាត់ ? តែបែរជាភាគីម្ខាងទៀត រៀបចំថតវីដេអូ សកម្មភាព ដែលប្អូនខ្ញុំតាមនោះ ហើយមិនតបត អ្វីឆ្លើយតបវិញទាំងអស់ ដើម្បីយកវីដេអូ ទី៤ យកទៅបង្ហោះមួលបង្កាច់បង្ខូចកិត្តិយសប្អូនស្រីខ្ញុំ ថាប្អូនខ្ញុំជាជនបង្ក ចំណែកខ្លួនគាត់ជាអ្នកថតវីដេអូ ជាជនរងគ្រោះទៅវិញ ។
សូមសមត្ថិកិច្ច ពាក់ព័ន្ធ និងបងប្អូនក្នុងសង្គមហ្វេសប៊ុក មេត្តាជួយរកយុត្តិធម៍ អោយគ្រួសារខ្ញុំ ដែលជាជនរងគ្រោះពិតប្រាកដផង ! ព្រោះភាគីម្ខាងទៀត គាត់មានលុយ និងមានអំណាច វាអាចអោយសរ ទៅជាខ្មៅបាន ។
គ្រួសារខ្ញុំ សុំតែភាពយុត្តិធម៍ពិតប្រាកដ ដើម្បីលុបលាងនៅពាក្យចចាមអារ៉ាម ខូចកិត្តិយសគ្រួសារខ្ញុំទាំងមូល ដែលមើលតែម្ខាង ហើយមកដៀលគ្រួសារខ្ញុំ ដោយទាំងគ្នា ជាជនរងគ្រោះពិតប្រាកដ បែរជាក្លាយជាជនបង្កទៅវិញ ។ ដោយការគោរព នឹងសូមអរគុណ ។
សូមបញ្ជាក់ថា កោះសន្តិភាពរង់ចាំទទួលការបំភ្លឺបន្ថែមពីភាគីទាំងសងខាង ជុំវិញរឿងរ៉ាវខាងលើនេះ ទោះជាយ៉ាងណា នរណាខុសឫត្រូវ ទុកអោយច្បាប់ដោះស្រាយ ព្រោះភាគីទាំង២ អះអាងថា ជាជនរងគ្រោះពិតប្រាកដរាងៗខ្លួន ៕
សូមចុចលីងនេះ=> វីដេអួ ភាគីម្ខាងទៀត ដេីមហេតុដំបូងបែបនេះ….! ទស្សនាទាំងអស់គ្នាខាង












ចែករំលែកព័តមាននេះ