ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋប្រគល់វត្ថុបុរាណ ៤ ប្រភេទ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ វត្ថុបុរាណ ធ្វើពីថ្មភក់ចំនួន ៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុក នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានប្រគល់ជូនអាជ្ញាធរ​ជាតិអប្សរា​។…

ខេត្តសៀមរាប៖ វត្ថុបុរាណ ធ្វើពីថ្មភក់ចំនួន ៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុក នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានប្រគល់ជូនអាជ្ញាធរ​ជាតិអប្សរា​។ វត្ថុបុរាណទាំង ៤ប្រភេទនោះ​ រួមមាន៖ ថ្មគោល ធ្វើពីថ្មភក់ចំនួន ១ ព្រះហស្ថឆ្វេងទេពស្រី ( ប្រាជ្ញា បារមិតា ) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រ ចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណ ចំនួន ៤ជួរ នៅផ្ទៃចំហៀង។

វត្ថុបុរាណទាំងនោះ ត្រូវបានយកចេញពីទីតាំងដើម ដោយប្រជាពលរដ្ឋ ក្នុងគោល​បំណងរក្សាទុកបណ្តោះអាសន្ន។ ប៉ុន្តែក្រុមការងារកំណត់បុរាណដ្ឋាន​នៃអាជ្ញាធរជាតិ​អប្សរា ក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុក នៅមជ្ឈមណ្ឌល​អាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុបុរាណ​ទាំងនោះផង ដើម្បីទុកសិក្សា​ស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។

​​លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋាន​អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែន​ជាលើកទីមួយទេ ដែលក្រុម​ការងារបានចុះទៅទទួលយករូបចម្លាក់ផ្សេងៗ ពី​ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្ងាយៗ ក្នុងតំបន់រដ្ឋបាលខេត្តសៀម​រាបទាំងមូល។ ដូចករណីនេះ ចម្លាក់ព្រះហស្ថឆ្វេង​ប្រាជ្ញាបារមិតា គឺត្រូវបានយកមកពីប្រាសាទ​ទាវប៉ាត់ ក្នុង​ភូមិរលំរុនថ្មី ឃុំស្រែណូយ។ រីឯជើងទម្រចំនួន២ ដែលមួយមាន​សិលាចារិក ត្រូវបានគេយកចេញពីប្រាសាទត្រពាំងឈូក ក្នុង​ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ 

​លោក សុម៉ាឡា បានបន្តថា ការដឹកយក​វត្ថុបុរាណដ៏មានតម្លៃទាំងនេះ ទៅរក្សា​ទុក​ឱ្យទាន់ពេលវេលា គឺជាការប្រសើរខ្លាំងណាស់ ដ្បិតវត្ថុមួយចំនួន អាចនឹងត្រូវបែកបាក់ ខូចខាតដោយប្រការណាមួយ ជាយថាហេតុ។ តួយ៉ាងដូចជាជើងទម្រ ដែលយើងបាន​ដឹកមករក្សាទុកនេះ គឺមានសិលាចារិកយ៉ាងសំខាន់ ដែលមានផ្នែកខ្លះ ត្រូវបានគេយក​កាំបិត ទៅសំលៀង និងមានផ្នែកខ្លះទៀត មានស្នាមដំបំបែក ខូចខាតជាដំណំ។

តាងនាមឱ្យអាជ្ញាធរជាតិអប្សរា លោក សុម៉ាឡា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជួយចូលរួមថែរក្សាប្រាសាទ​បុរាណ និងវត្ថុបុរាណទាំងឡាយនេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំ និងស្រុក ដែលបាន​សហការ​យ៉ាងកក់ក្តៅ ដើម្បីដឹកជញ្ជូន​រតនវត្ថុទាំងនេះ យកមករក្សាទុកឱ្យមាន​សុវត្ថិភាព សម្រាប់ជាកេរមរតក​ដូនតាយើងទាំងអស់គ្នា និង​សម្រាប់ក្មេងជំនាន់​ក្រោយមើលផងដែរ៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ