រាជធានីភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ស្តីពីការអនុវត្ដយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រង់ចំណុចមួយ បានបង្ហាញថា ចំពោះបុគ្គលដែលមិនទាន់អាចចាក់វ៉ាក់សាំងបាន(វ៉ាក់សាំងស៊ីណូហ្វាម Sinopharm របស់ក្រុមហ៊ុនចិន) មានដូចជា ៖
- មានអាយុក្រោម ១៨ឆ្នាំ និងលើសពី៦០ឆ្នាំឡើងទៅ។
- មានអាការក្ដៅខ្លួន។
- មានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត (Asthma)។
- មានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរ៉ាំរ៉ៃឧស្សាហ៍ធ្វើទុក។
- មានជំងឺអាឡែកស៊ី (Allergic) ដូចជា ប្រតិកម្មអាឡែកស៊ី ជំងឺប្រទាលត្រអាក (Angioedema)
- មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង ឫអ្នកដែលមានចេញអាការប្រតិកម្មផ្នែកប្រព័ន្ធប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្តងទៀតនោះទេ។
- អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបានមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។
- ស្រី្តមានផ្ទៃពោះ និងស្ត្រីក្នុងរយៈពេលបំបៅដោះ ឬស្ត្រីមានផែនការពរពោះក្នុងរយៈពេល៣ខែ។
- អ្នកមានជំងឺប្រកាច់ (កន្ត្រាក់) មានជំងឺឆ្កួតជ្រូក មានជំងឺសរសៃប្រសាទ(ស្កន់) ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម។
- អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត (Immune deficiency) អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ (Lymphoma) អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ (Autoimmune)។
- អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី…)។
- អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩។
- អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង។
- បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង ៕


ចែករំលែកព័តមាននេះ