ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយ​លុយ​បែប​ណាដែល​ប្រកបដោយ​ភាព​វៃឆ្លាត​ និងចំគោលដៅ !

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត បាន​ចែករំលែក ៣​ចំណុច ដែល​ជា​គន្លឹះ​សម្រាប់​បងប្អូន​យុវវ័យ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត បាន​ចែករំលែក ៣​ចំណុច ដែល​ជា​គន្លឹះ​សម្រាប់​បងប្អូន​យុវវ័យ ជា​ពិសេស​អ្នក​មិន​ទាន់​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​ប្រាក់​ចំណាយ​។ ខាងក្រោម​នេះ​ជា​ចំណុច​ទាំង ៣ ៖

ចំណុច​ទី​១)- ការ​ចាយ​លុយ គឺ​យើង​ត្រូវ​ចាយ​ឱ្យ​ប្រាកដប្រជា និង​ចាយ​ប្រកបដោយ​ភាព​វៃឆ្លាត​៖ ចាយ​ប្រកបដោយ​ភាព​វៃឆ្លាត គឺ​ចាយ​ឱ្យ​ចំ ចាយ​ឱ្យ​ចូល និង​ការ​ចាយ​ឱ្យ​ចំណេញ ​។ ចាយ​ឱ្យ​ចំ​មាន​ន័យ​ថា គឺ​យើង​ចាយ​ទៅ​លើ​អ្វី​ដែល​ចាំបាច់​បាន​ហើយ អ្វី​ដែល​មិន​ចាំបាច់​កុំ​ចាយ​ ។ របស់​ដែល​ចាំបាច់​ជា​ច្រើន ដែល​យើង​មិន​បាន​រក​នឹក ប៉ុន្តែ​បែ​ជា​ចាយ​ទៅ​លើ​របស់​មិន​ចាំបាច់​ជា​ច្រើន របស់​ដែល​មិន​ចាំ​នោះ មាន​ន័យ​ថាបើ​អត់​ក៏​បាន​ដែរ ឆ្លង​មួយ​ថ្ងៃ​ផុត​គឺ​ផុត ឬ​ពេល​ខ្លះ​ចំណាយ​ដល់​ទៅ ១០ ប៉ុន្តែ​ចំណូល​បាន​តែ​មួយ​នោះ​ក៏​គេ​ហៅ​ថា​មិន​ចាំបាច់​ដែរ ​។ យើង​ក្រឡេក​មើល​ទូរស័ព្ទ​ដែល​យើង​ប្រើ ប្រសិនជា​ទូរស័ព្ទ​មួយ​តម្លៃ ៥០០ ដុល្លារ​អា​មេ​រិ​ក មួយទៀត​តម្លៃ ៣០០ ដុល្លារ ហើយ​យើង​ប្រើ​បាន​ដូច​គ្នា អ​ញ្ចឹ​ង​យើង​មិន​ទាន់​មាន​លទ្ធភាព យើង​ប្រើ ៣០០​ដុល្លារ​សិន​ទៅ​។ ម៉ូតូ​ដែល​យើង​ជិះ វា​នៅ​ប្រើ​បាន ហើយ​មិន​ទាន់​អី​ចាស់​ទ្រុឌទ្រោម​ណា ចាំបាច់​អ្វី​ត្រូវ​ដូរ​សា​រ៉ី ទោះ​ដូរ​ទៅ​ដល់​ណា​ក៏​មិន​អាច​ហោះ​បាន​ដែរ ការ​ចង់​ដូរ​សា​រ៉ី​នឹង​គ្រាន់តែ​ជា​អារម្មណ៍​កូន​ក្មេង​តើ​។ ប៉ុន្តែ​ប្រសិនបើ​ម៉ូតូ​យើង​មាន​បញ្ហា​ខ្លាំង ចាស់​ទ្រុឌទ្រោម នោះ​យើង​អាច​ធ្វើការ​គិតពិចារណា​ទិញ​ថ្មី​បាន ប៉ុន្តែ​ចាំបាច់​ត្រូវ​គិត ប្រ​សិន​ថ្មី ៣០០០​ដុល្លារ ហើយ​ម៉ូតូ​ល្មម​ៗ​ត្រឹមតែ ១២០០​ ទៅ ១៥០០​ដុល្លារ យើង​អាច​ប្រើ​បាន​ដូច​គ្នា នោះ​យើង​គួរ​ប្រើ​របស់​ថោក​ៗ​សិន ​។

រីឯ​សំលៀក​បំពាក់​វិញ ខ្លះ​មាន​តម្លៃ​រហូត​ដល់ ១០០ ដុល្លារ ចុះ​តម្លៃ​១០​ដុល្លារ​ក៏​អាច​ប្រើ​បាន​ដែរ អ​ញ្ចឹ​ង​មាន​ហេតុផល​អ្វី​យើង​ត្រូវ​ចំណាយ​លុយ​យ៉ាងច្រើន​ទៅ​លើ​វា យើង​ត្រូវ​មើលខ្លួន​យើង​ថា​យើង​ជា​មនុស្ស​ប្រ៊េ​ន​ហើយ​ឬ​នៅ ជា​មនុស្ស​ល្បីល្បាញ ត្រូវ​ចេញ​មុខជា​សាធារណៈ​ហើយ​ឬ​នៅ (​ជា​មនុស្ស​ដែល​ត្រូវ​គេ​យក​ទៅ​ថត ជា​មនុស្ស​ដែល​គេ​យក​ទៅ​ផ្សព្វផ្សាយ​) និយាយ​រួម​សួរ​ថា​យើង​រក​លុយ​បាន​ច្រើន​ជាង​ប្រាក់​ចំណាយ​ខ្លាំង​ដែរ​ឬទេ? យើង​ប្រើ​របស់​ទាំងអស់​នឹង​វា​មិន​បង្កើន​គុណ​តម្លៃ​អ្វី​ផង ដូចនេះ​មាន​ថា​វា​មិន​ចាំបាច់​ទេ​។ ហើយ​ប្រសិនជា​យើង​នៅ​តែ​បន្ត​ទិញ​អ្វី​ដែល​មិន​ចាំបាច់ យើង​នឹង​បាត់បង់​អ្វី​ដែល​ចាំបាច់​នៅ​ថ្ងៃ​អនាគត​។ យើង​គួរ​រៀន​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់ ស្គាល់​ពេលវេលា​ច្បាស់ កាលៈទេសៈ​ច្បាស់ ស្គាល់​មនុស្ស​ដែល​ត្រូវ​ជួប​ច្បាស់ មាន​កិច្ច​ការងារ​ខ្លួន​ច្បាស់ ទិញ​របស់របរ​ទាំងឡាយ​ណា​ដែល​ធ្វើ​ទៅ​មិន​ចំណេញ មិន​កើន​លុយ​មិន​កើន​ចំណូលអត់​ទិញ ​។

ចំណុច​ទី​២)- ចំណាយ​ឱ្យ​ចូល​៖ ចំណុច​នេះ​មាន​ន័យ​ថា​ទិញ​តែ​អ្វី ដែល​ជា​មុខងារ​សម្រាប់​រក​លុយ​។ ឧទាហរណ៍​ថា ទិញ​ទូរស័ព្ទ​មក​លេង ដូច​ជា​ការ​លេង​ហ្គេ​ម​ជាដើម ចុះបើ​យើង​យក​វា​មក​រកស៊ី​ដូច​ជា​ការ​លក់ទំនិញ​តាម​អ៉ី​ន​ធើ​ណេ​ត ឬ​ឡ៊ា​យ​លក់​ទៅ​ទំនិញ យក​មក​រៀនសូត្រ នោះ​ហើយ​ជា​ការ​ប្រើប្រាស់​សម្ភារ​ទទួល​បានការ​ចំណេញ​។ មួយវិញទៀត​ទិញ​កុំព្យូទ័រ​អ្នកខ្លះ​យក​មក​តែ​ដើម្បី​តែ​លេង​ហ្គេ​ម ចុះបើ​យើង​ប្រើ​វា​ក្នុង​បង្កើត​វេ​ប​សាយ និង​ប្រើប្រាស់​ក្នុង​ដំណើរ​ការងារ​អ៊​ន​ឡាញ នោះ​ហើយ​ជា​ការ​ប្រើប្រាស់​ដើម្បី​ទាញ​ប្រយោជន៍​មក​វិញ​ឬ​ឱ្យ​ចូល​វិញ​។ ការ​ចំណាយ​អ្វី​ដែល​នាំ​ឱ្យ​យើង មាន​ចំណូល​គឺជា​រឿង​សំខាន់​ជាទី​បំផុត​ដែល​យើង​ត្រូវធ្វើ ទើប​យើង​អាច​មាន​ឳ​កាស​និង​លទ្ធភាព​បន្តដំណើរ​តទៅ​មុខ​ ។

ចំណុច​ទី​៣)- ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ចំណេញ ៖ ចាយ​លុយ​នាំ​ឱ្យ​ចំណេញ ឧទាហរណ៍​ថា យើង​កំពុង​មាន​លុយ ១០,០០០​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​គម្រោង​ទិញ​ឡាន ហើយ​ភ្លាម​នោះ​មាន​គេ​លក់​ដី (​ដី​ទិញ​ភ្លាម​ចំណេញ​បាន ១០០០​ដុល្លារ​ភ្លាម​) នោះ​យើង​គួរ​គិត​ថា​ត្រូវ​ទិញ​សិន​ទៅ​ល្អ​ជាង​។ នៅ​ពេល​ដែល​យើង​មាន​លុយ​មួយ​បាច់​ក្នុង​ដៃ ឬ​ក៏​យើង​មាន​លុយ​ក្នុងផ្ទះ នោះ​យើង​គួរ​សំលឹង​មើល​ជុំ​វិញ​ខ្លួន​យើង ថា​តើ​អ្វី​ទាំងឡាយ​ណា​ដែល​យើង​ចាយ​ទៅ វា​បាន​ចំណេញ​មក​វិញ​ភ្លាម​ៗ យើង​ចាយ​ទាំងអស់​នឹង​សិន បើ​ទោះបី​ចំណេញ​តិចតួច​ក៏​ដោយ​។ កុំ​ទាន់​ស្រឡាញ់​អ្វី​ៗ​ទាំងឡាយ ខណៈ​ដែល​យើង​មិន​ទាន់​មាន​ប្រាក់​ចំណូល​ដែល​មាន​ស្ថេ​រ​ភាព​ឬ​សុវត្ថិភាព​។ នៅ​ពេល​ដែល​យើង​មាន​ប្រភព​ប្រាក់​ចំណូល​ដែល​មាន​ស្ថេ​រ​ភាព​ឬ​សុវត្ថិភាព​ហើយ ពេល​នោះ​យើង​អាច​ប្តូរ​របៀប​ចាយ​លុយ​របស់​យើង​បាន ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នោះ​ត្រូវ​តែ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន បាន​សេចក្តី​ថា​យើង​អាច​ចាយ​លុយ​តាម​អារម្មណ៍​របស់​យើង​បាន​ ៕ ដោយ៖ ស្រី ​គំនិត

អត្ថបទសរសេរ ដោយ