រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនមួយគ្រឿងបានបើកបត់នៅចំណុចផ្លូវកែង ក៏បានស្រុតផុងដីចិញ្ចើមផ្លូវរអិលចូលទៅក្នុងប្រឡាយទឹកស្អុយ បោកផ្ទប់នឹងស្ពានឆ្លងប្រឡាយ ប៉ុន្តែពុំបណ្តាលអោយអ្នកបើកបរ និងមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពានឆ្លងប្រឡាយ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តមួយគ្រឿងដែលស្រុតដីធ្លាក់ចូលប្រឡាយ ខាងលើម៉ាក FUSO ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ ៥A-៣៣៩៧ ជារថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនមួយ ដែលមានលេខ សំគាល់ G T.15 បើកបរដោយឈ្មោះអៃ បេន ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅភូមិ បឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានគេចខ្លួនបាត់បន្ទាប់ពីគ្រោះថ្នាក់។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតឆ្លងស្ពានហើយបត់ឆ្វេងចូលតាមផ្លូវដីស្របប្រឡាយទឹកស្អុយ ដើម្បីទៅក្រុមហ៊ុន ដែលស្ថិតនៅក្បែរនោះ ។ ខណៈពេលបត់ចុះពីស្ពាន ស្រាប់ែកង់ក្រោយក៍បានស្រុតផុងដីមាត់ប្រឡាយ ហើយរថយន្តក៍បានរអិលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ ចំណែកផ្នែកខាងក្រោយបោកផ្ទប់នឹងស្ពាន បណ្តាលអោយរងការខូចខាតបែកជ្រុងបេតុងបន្តិចបន្តួច។
តាមសាក្សីបានអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបរបានជាប់នៅក្នុងរថយន្តនោះ ហើយត្រូវបានក្រុមជាងសំណង់នាំគ្នាទៅជួយបើកទ្វារពីក្រៅយកចេញរួច បន្ទាប់មកអ្នកបើកបររូបនោះក៏គេចខ្លួនបាត់ ។
បន្ទាប់ពីគ្រោះថ្នាក់ នគរបាលមូលដ្ឋានក៍បានចុះទៅកន្លែងកើតហេតុសាកសួរ តំណាងក្រុមហ៊ុន និងបានរាយការណ៍ទៅនគរបាលចរាចរណ៍ ចុះទៅស្ទួចយករថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតស្ពានដែលទើបតែសាងសង់រួចបានប្រមាណ២ទៅ៣ខែតែប៉ុណ្ណោះ ៕












ចែករំលែកព័តមាននេះ