ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាតុកម្ម​ធំ​ៗ ​នាំ​ឱ្យ​កងទ័ព​បន្តឹង​សំឡេង​​​ច្បាប់អាជ្ញាសឹក​

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុកម្ម​ធំ​ៗ​នៅ​បន្ត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​៨ ខែ​​កុម្ភៈ ឆ្នាំ​២០២១ ​ក្នុង​ទីក្រុង​ជា​ច្រើន ដើម្បី​បរិហារ​រដ្ឋប្រហារ​របស់​កង​យោធា កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​ និង​ទាម​ទារ​ឲ្យ​ដោះ​លែង…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុកម្ម​ធំ​ៗ​នៅ​បន្ត​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​៨ ខែ​​កុម្ភៈ ឆ្នាំ​២០២១ ​ក្នុង​ទីក្រុង​ជា​ច្រើន ដើម្បី​បរិហារ​រដ្ឋប្រហារ​របស់​កង​យោធា កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​ និង​ទាម​ទារ​ឲ្យ​ដោះ​លែង មេដឹកនាំ​ប្រទេស​លោកស្រី​អ៊ួ​ង​ សាន់​ស៊ូ​ជី នាំ​ឲ្យ​កងទ័ព​បន្តឹង​សំឡេង ហើយ​ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​នោះ ក្នុង​ទីក្រុង​ជា​ច្រើន​។

បណ្ដា​ឧត្ដមសេនីយ​ជា​លើក​ដំបូង បាន​គំរាម​ពី​ការ​សងសឹក ប្រឆាំង​ពួក​បាតុករ​ដែល​លើកគ្នា​ដែរ​ហែ​ក្បួន​ច្រើន​រយ​ពាន់​នាក់ នៅ​តាម​ដង​វិ​ថី​នានា​ប្រឆាំង​រដ្ឋប្រហារ​។

បាតុកម្ម​ទាំងនោះ​ពិតជា​ធំ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​បដិវត្តន៍​ឆ្នាំ​២០០៧​របស់​ព្រះ​ស​ង្ឃ ដែល​ត្រូវ​បង្ក្រាប​។ អ​គ្គ​មេ​បញ្ចា​ការ​កងទ័ព​ឧត្ដមសេនីយ៍ ​MIN AUNG HLAING បាន​ចេញ​មុខជា​លើក​ដំបូង ថ្លែង​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ទី​៨​កុម្ភៈ ដោយ​លើក​ជា​ថ្មី ពី​ការ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត​​ខែវិច្ឆិកា ដែល​ជា​មូលហេតុ​នៃ​រដ្ឋប្រហារ​។

តាម​ទូ​​រ​ទស្សន៍​កងទ័ព MYAWADDY TV ឧត្ដមសេនីយ​រូប​នោះ​ថ្លែង​ថា យើង​ស៊ើប​អង្កេត​លើ​ពួក​អ្នក​ទទួលខុសត្រូវ ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​។ លោក​សន្យា​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ក្រោយ​បញ្ចប់​ការ​ប្រកាស​អាសន្ន​រយៈពេល​១​ឆ្នាំ និង​សន្យា​ពី​ការ​បង្កើត​របប​យោធា​មួយ​ដែល​ខុស​ពី​របប​យោធា​មុន​ៗ​។ មី​យ៉ា​ន់​ម៉ា​ធ្លាប់​ស្ថិត​ក្រោម​នឹម​យោធា​ជិត​៥០​ឆ្នាំ ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៤៨​មក ហើយ​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១​កុម្ភៈ បាន​បញ្ចប់​របប​ប្រជាធិបតេយ្យ​ដែល​មាន​អាយុកាល​ទើបបាន​១០​ឆ្នាំ​។

ច្បាប់អាជ្ញាសឹក​ត្រូវ​បាន​ប្រកាស​ក្នុង​សង្កាត់​ជា​ច្រើន​នៃ​ទីក្រុង​រ៉​ង់​ហ្គូ​ន រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រទេស ក្នុង​ទីក្រុង​ម៉ា​ន់​ដា​ឡៃ​ទីក្រុង​ធំ​ទី​២​របស់​ប្រទេស ព្រមទាំង​នៅ​កន្លែង​ដទៃ​ៗ​ទៀត​។ បាតុ​កម្ម ​និង​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៥​នាក់​ទៅ​ត្រូវ​ហាមឃាត់ និង​បម្រាម​គោ​ចរណ៍​ត្រូវ​បាន​ដាក់​ចាប់ពី​ម៉ោង​២០​ដល់​ម៉ោង​៤​ភ្លឺ​។ កងទ័ព​លើក​ពី​ការ​គំំ​រាម​សងសឹក ប្រឆាំង​ពួក​បាតុករ​ស្និទ្ធ​ប្រជា​ធិបតេយ្យ​ដែល​នៅ​បន្ត​។

ក្នុង​សុន្ទរកថា​តាម​ទូ​​រ​ទស្សន៍​ឧត្ដមសេនីយ៍ ​MIN AUNG HLAING លើក​ឡើង​ថា ​របប​យោធា​នឹង​​​បង្កើត​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែល​អាច​ត្រួតពិនិត្យ​បាន​និង​មាន​វិន័យ ដោយ​ថា គណៈ​កម្មាធិ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​កែទម្រង់​។ លោក​អះអាង​ទៀត​ថា កងទ័ព​មិន​មាន​បំណង​ដឹកនាំ​ប្រទេស ដូច​ក្នុង​របប​ផ្ដាច់​ការ​យោធា​ជា​ច្រើន​ដែល​មី​យ៉ា​ន់​ម៉ា​ធ្លាប់​ជួប​ប្រទះ ចាប់តាំងពី​ទទួល​បាន​ឯក​រាជ្យ​មក​ឡើយ​។

នយោបាយ​ការ​បរទេស​នឹង​នៅ​ដដែល ដោយ​មិន​មានការ​ផ្លាស់​ប្ដូរ ហើយ​ប្រទេស​ទាំងឡាយ​ត្រូវ​បាន​​លើកទឹកចិត្ត ឲ្យ​មក​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា​។ ឧត្ដមសេនីយ​រូប​នោះ​មិន​បាន​លើក​ពី​ឈ្មោះ​របស់​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ