រាជធានីភ្នំពេញ ៖ យុវជនម្នាក់បន្ទាប់ពីដើរលេង និងញ៉ាំអីជុំគ្នាជាមួយសង្សារ និងមិត្តភ័ក្ដិនៅថ្ងៃរំលឹកខួបស្រលាញ់គ្នាជាមួយសង្សាររយៈពេល2ឆ្នាំ2ខែ ក៏ជិះម៉ូតូយ៉ាងលឿនមិនបានប្រយ័ត្ន ក៏ស្រាប់តែជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលរថយន្តផ្សេងបុកដួលកាត់ទទឹងផ្លូវ បណ្ដាលអោយដួលម៉ូតូបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង3ទាបភ្លឺ ថ្ងៃទី9 ខែកុម្ភៈ ឆ្នាំ2021 នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ជិតនិងស្តុបក្តាន់ពីរ ទល់មុខអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ស្ថិតនៅខាងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សពយុវជនខាងលើត្រូវសង្សារប្រាប់អោយដឹងថា មានឈ្មោះ ហង្សមាស សុវណ្ណចេស្តា អាយុ22ឆ្នាំ មុខរបរមើលហាងអ៊ីនធើរណែត នៅម្តុំផ្សារកណ្ដាល ស្នាក់នៅបុរីពិភពថ្មីផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HS-6632 ។

ប្រភពពីនារីជាសង្សារសពជនរងគ្រោះបានប្រាប់បន្តថា នៅយប់ថ្ងៃកើតហេតុ ពួកគាត់ និងមិត្តភ័ក្ដិផ្សេងទៀតបាននាំគ្នាជិះម៉ូតូដើរលេង និងញ៉ាំអីជុំគ្នានាថ្ងៃរំលឹកខួបរបស់ពួកយើងដែលបានស្រលាញ់គ្នាអស់រយៈពេល2ឆ្នាំ2ខែមកហើយ ។

នារីជាសង្សាររបស់ជនរងគ្រោះបានបន្តថា ហើយមុនកើតហេតុនោះ ពួកគាត់ទើបនឹងចេញពីញ៉ាំអីជុំគ្នានៅម្តុំវិមានឯករាជ្យ ក្នុងគោលបំណងជិះម៉ូតូត្រលប់ទៅផ្ទះវិញនៅសង្កាត់ក្រាំងធ្នង់ ។ ហើយនាងជាសង្សារជិះម៉ូតូជាមួយមិត្តភ័ក្តិផ្សេងទាំងអស់4ម៉ូតូ ចំណែកយុវជនរងគ្រោះជិះតែម្នាក់ឯង ។

ប្រភពដដែលបន្តថា ខណៈពេលធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ យុវជនរងគ្រោះក៏ជិះលឿនទៅបុកនឹងរបាំងថ្មដួលតែម្តង ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបានបើកបុកបន្ថែម បណ្តាលឲ្យយុវជននោះខ្ទាតអូសជាច្រើនម៉ែត្របោកក្បាលបាត់បង់ជីវិតចោលសង្សារ និងគ្រួសារ យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ធ្វើបុណ្យនៅវត្តតាំងក្រសាំង តាមប្រពៃណីហើយ៕

ចែករំលែកព័តមាននេះ