ខេត្តកំពង់ឆ្នាំង៖ ប្រាសាទថ្នមប្ដី ឬប្រាសាទស្លុតតី គឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទជាច្រើន ក្នុងស្រុកកំពង់លែង។ ប្រាសាទនេះ មានទីតាំងស្ថិតលើទីទួលមួយកន្លែង ក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អ្វីដែលគួរឲ្យស្រងេះស្រងោចនោះ គឺប្រាសាទបុរាណមួយនេះ ហាក់កំពុងឈរត្រដែត ក្នុងព្រៃ និងស្មៅ ដុះយ៉ាងស៊ុបឌ្រុបយ៉ាងឯកោ ហាក់គ្មានមនុស្សថែរក្សានូវសម្បតិ្តវប្បធម៌ ជាមរតកមានតម្លៃនេះសោះ។ មូលហេតុ ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ បញ្ជាក់ថា ដោយសារតែក្រសួងយឺតយូរ មិនទម្លាក់ថវិកា ទើបមិនអាចបញ្ជូនឆ្មាំការពារ ទៅថែរក្សាប្រាសាទទាំងនោះ។
លើសពីនេះទៀត នៅជាប់ទីទួលប្រាសាទ ត្រូវបានមនុស្សមួយក្រុមតូច លួចធ្វើរបងហ៊ុំព័ទ្ធយកជាកម្មសិទ្ធិ មិនញញើតច្បាប់ឡើយ។
ទាក់ទងនឹងករណីខាងលើនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារកោះសន្តិភាពថា នៅគ្រប់ប្រាសាទទាំងអស់ សុទ្ធតែមានដាក់ឆ្មាំនៅការពារ និងថែរក្សា ដោយមានការឧបត្ថម្ភប្រាក់បំណាច់ពីរដ្ឋ ជាប្រចាំឆ្នាំ។ ប៉ុន្តែតែនៅឆ្នាំ២០២១ ខាងមន្ទីរ បានបញ្ជូនឈ្មោះឆ្មាំការពារប្រាសាទទាំងអស់ ទៅក្រសួងហើយ ដើម្បីស្នើសុំប្រាក់ឧបត្ថម ប៉ុន្តែខាងក្រសួង មិនទាន់ឆ្លើយតបនៅឡើយទេ ដែលជាធម្មតា អាចធ្លាក់មកក្នុងអំឡុងខែ០២នេះហើយ ហើយនៅពេលមានឆ្មាំការពារ ទើបមន្ទីរចាត់ចែងឱ្យឆ្មាំការពារប្រាសា ទជួយថែរក្សាការពារប្រាសាទ ឱ្យមានបរិស្ថានល្អបាន។
លោក សុខ ធួក បានបន្តថា ចំពោះការគ្រប់គ្រងទីតាំងដីទួលប្រាសាទវិញ កន្លងមក ក្រសួងវប្បធម៌ មិនអនុញ្ញាតឱ្យធ្វើរបងហ៊ុំព័ទ្ធប្រាសាទឡើយ តែអាចបោះត្រឹមបង្គោលព្រំសម្គាល់បាន ហើយបើតាមគោលការណ៍របស់ក្រសួងវប្បធម៌ ក្នុងឆ្នាំ២០២១ នេះ ក្រុម ការងាររបស់ក្រសួង និងសហការជាមួយមន្ទីរវប្បធម៌ខេត្ត ចុះធ្វើធ្វើជំរឿន ទីតាំងដីទួលប្រាសាទទាំងអស់ នៅក្នុងខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធិសម្បត្តិរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងវប្បធម៌ ឲ្យអោយបានត្រឹមត្រូវផងដែរ ដើម្បីអភិរក្សថែរក្សាការពារឲ្យបានគង់វង្សទៅអនាគត។
ដោយឡែក ចំពោះរណ្តៅដីក្នុងតួប្រាសាទ ដែលត្រូវបានជនខិលខូចលួចកាយរកវត្ថុ បុរាណ កាលពីយូរយារណាស់មកហើយនោះ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា យើងមិនអាចលុបរណ្តៅដី នៅក្នុងប្រាសាទនោះ តាមចិត្តបានឡើយ ព្រោះវាខុសនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រាសាទ។ ការលុបរណ្តៅក្នុងប្រាសាទ ឬធ្វើអ្វីផ្សេងទៀត ដែលពាក់ព័ន្ធដល់ប្រាសាទបុរាណ លុះត្រាតែមានក្រុមវិស្វករ បច្ចេកទេសរបស់ក្រសួងវប្បធម៌ ចុះត្រួតពិនិត្យ និងវាយតម្លៃជាមុន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ ទើបធ្វើបាន។
លោកបន្ថែមថា ជាក់ស្តែង គ្រាន់តែព្រះវិហាបុរាណ នៅវត្តកំពង់ព្រះ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ មានសភាពទ្រុឌទ្រោម សុំជួសជុលឡើងវិញ គឺខាងក្រសួង បានបញ្ជូនក្រុមការងារ និងអ្នកឯកទេស មកជួសជុល រួចរាល់ និងមានសភាពដូចដើមទាំងស្រុង។ ក្នុងនាមលោក ជាមន្ត្រីជំនាញ សូមអំពាវនាវដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ សូមចូលរួមថែរក្សាការពារនូវសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់យើងទាំងអស់គ្នា៕ ដោយ៖ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ