ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង យឺតសម្រេច នាំឲ្យ​ប្រាសាទ​ថ្នមប្តី ក្នុងស្រុកកំពង់​លែង គ្មានអ្នកថែ!

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ប្រាសាទថ្នមប្ដី ឬប្រាសាទស្លុតតី គឺជាប្រាសាទមួយ ក្នុងចំណោម​ប្រាសាទជាច្រើន​ ក្នុងស្រុកកំពង់លែង​។ ប្រាសាទនេះ​ មានទីតាំងស្ថិតលើទី​ទួលមួយកន្លែង ក្នុង​ភូមិជ្រលង ឃុំដា…

ខេត្តកំពង់ឆ្នាំង៖ ប្រាសាទថ្នមប្ដី ឬប្រាសាទស្លុតតី គឺជាប្រាសាទមួយ ក្នុងចំណោម​ប្រាសាទជាច្រើន​ ក្នុងស្រុកកំពង់លែង​។ ប្រាសាទនេះ​ មានទីតាំងស្ថិតលើទី​ទួលមួយកន្លែង ក្នុង​ភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អ្វីដែលគួរឲ្យស្រងេះស្រងោច​នោះ គឺប្រាសាទបុរាណ​មួយនេះ ហាក់កំពុងឈរ​ត្រដែត ក្នុងព្រៃ និងស្មៅ ដុះយ៉ាងស៊ុបឌ្រុប​យ៉ាងឯកោ ហាក់គ្មានមនុស្ស​ថែរក្សានូវ​សម្បតិ្តវប្បធម៌ ជាមរតកមានតម្លៃនេះសោះ​។ មូលហេតុ ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ បញ្ជាក់ថា ដោយសារតែ​ក្រសួងយឺតយូរ មិនទម្លាក់ថវិកា ទើបមិនអាចបញ្ជូនឆ្មាំ​ការពារ ទៅថែរក្សា​ប្រាសាទ​ទាំងនោះ​។

លើសពីនេះទៀត នៅជាប់ទីទួលប្រាសាទ ត្រូវបានមនុស្សមួយ​ក្រុមតូច លួចធ្វើរបងហ៊ុំព័ទ្ធយកជាកម្ម​សិទ្ធិ មិនញញើតច្បាប់ឡើយ​។

ទាក់ទងនឹងករណីខាងលើនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារកោះសន្តិភាពថា ​នៅគ្រប់ប្រាសាទទាំងអស់ សុទ្ធតែមានដាក់ឆ្មាំនៅការពារ និង​ថែរក្សា ដោយមានការឧបត្ថម្ភប្រាក់បំណាច់ពីរដ្ឋ ជាប្រចាំឆ្នាំ។ ប៉ុន្តែតែនៅឆ្នាំ​២០២១ ខាងមន្ទីរ បានបញ្ជូនឈ្មោះ​ឆ្មាំការពារ​ប្រាសាទទាំងអស់ ទៅក្រសួងហើយ ដើម្បីស្នើសុំ​ប្រាក់ឧបត្ថម ប៉ុន្តែខាងក្រសួង មិនទាន់​ឆ្លើយតបនៅឡើយទេ ដែលជាធម្មតា អាចធ្លាក់មកក្នុងអំឡុងខែ០២នេះហើយ ហើយនៅពេលមានឆ្មាំការពារ ទើបមន្ទីរចាត់ចែងឱ្យឆ្មាំការពារប្រាសា ទជួយថែរក្សាការពារប្រាសាទ ឱ្យមានបរិស្ថានល្អបាន​។

លោក សុខ ធួក បានបន្តថា​ ចំពោះការគ្រប់គ្រងទីតាំងដីទួលប្រាសាទវិញ កន្លងមក ក្រសួងវប្បធម៌ មិនអនុញ្ញាតឱ្យធ្វើរបងហ៊ុំព័ទ្ធប្រាសាទឡើយ តែអាចបោះត្រឹម​បង្គោលព្រំសម្គាល់បាន ហើយបើតាមគោលការណ៍របស់ក្រសួងវប្បធម៌ ក្នុងឆ្នាំ២០២១ នេះ ក្រុម ការងាររបស់ក្រសួង និងសហការជាមួយមន្ទីរវប្បធម៌ខេត្ត ចុះធ្វើធ្វើជំរឿន ទីតាំងដីទួលប្រាសាទទាំងអស់ នៅក្នុងខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធិសម្បត្តិរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងវប្បធម៌ ឲ្យ​អោយបានត្រឹមត្រូវផងដែរ ដើម្បីអភិរក្សថែរក្សាការពារឲ្យបានគង់វង្សទៅអនាគត​។

ដោយឡែក ចំពោះរណ្តៅដីក្នុងតួ​ប្រាសាទ ដែលត្រូវបានជនខិលខូចលួចកាយរកវត្ថុ បុរាណ កាលពីយូរយារណាស់មកហើយនោះ លោក​ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា​ យើងមិនអាច​លុបរណ្តៅដី នៅក្នុងប្រាសាទនោះ តាមចិត្តបានឡើយ ព្រោះវាខុសនឹង​ច្បាប់ស្តីពីការគ្រប់គ្រង​ប្រាសាទ​។ ការលុបរណ្តៅក្នុងប្រាសាទ ឬ​ធ្វើអ្វីផ្សេងទៀត ដែលពាក់ព័ន្ធ​ដល់ប្រាសាទ​បុរាណ លុះត្រាតែមានក្រុមវិស្វករ បច្ចេកទេស​របស់ក្រសួង​វប្បធម៌ ចុះត្រួតពិនិត្យ និងវាយតម្លៃជាមុន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ ទើបធ្វើបាន​។

លោកបន្ថែមថា ជាក់ស្តែង គ្រាន់តែព្រះវិហាបុរាណ នៅវត្តកំពង់ព្រះ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ មានសភាពទ្រុឌទ្រោម សុំជួសជុលឡើងវិញ គឺខាងក្រសួង បានបញ្ជូនក្រុមការងារ និងអ្នកឯកទេស មកជួសជុល រួចរាល់ និងមានសភាព​ដូចដើមទាំងស្រុង​។ ក្នុងនាមលោក ជាមន្ត្រីជំនាញ សូមអំពាវនាវដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ សូមចូលរួមថែរក្សាការពារនូវសម្បត្តិវប្បធម៌​ដ៏មានតម្លៃរបស់​យើងទាំងអស់គ្នា​៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ