ខេត្តកំពង់ស្ពឺ ៖ មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅសង្គ្រោះ ខណៈដែលជិះម៉ូតូ១គ្រឿង ត្រូវបានរថយន្តកាមរីបាឡែនបើកលឿនបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០៦ និង២០នាទីព្រលប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១៤៤០ ចំណុចភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ០១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P-0696 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាននោះទេ(គេចខ្លួនបាត់ក្រោយកើតហេតុ) បើកបរតាមបណ្តោយផ្លូវជាតិលេខ១៤៤០ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-1318 ពេញទំហឹង។
អ្នកបើកបរឈ្មោះ អ៊ុំ សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងទន្លាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ឌុបមនុស្ស០២នាក់ ៖ ទី០១-ឈ្មោះ សឿន សុខជា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី០២- ឈ្មោះ នៅ សុខគា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខេត្តតាកែវ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីខាងត្បូងទៅខាងជើង បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ប្រុស នៅកន្លែងកើតហេតុ, របួសមនុស្ស០២នាក់ស្រី ធ្ងន់០១នាក់។
ក្រោយកើតហេតុនគរបាលជំនាញចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ។ ចំពោះវត្ថុតាងទាំង០២គ្រឿងនគរបាល ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ វង្ស សន
ចែករំលែកព័តមាននេះ