ប្រទេសមីយ៉ាន់ម៉ា ៖ បាតុកម្មតវ៉ានៅបន្តក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែកុម្ភៈ ២ថ្ងៃជាប់ៗគ្នា ក្នុងទីក្រុងជាច្រើនដើម្បីបរិហារ រដ្ឋប្រហាររបស់កងយោធា កាលពីថ្ងៃទី១ កុម្ភៈ និងទាមទារឲ្យដោះលែង មេដឹកនាំប្រទេសលោកស្រីអ៊ួងសាន់ស៊ូជី។
បាតុកម្មទាំងនោះពិតជាធំ ពុំធ្លាប់មានចាប់តាំងពីបដិវត្តន៍ កាលពីឆ្នាំ២០០៧របស់ព្រះសង្ឍ ដែលត្រូវបង្ក្រាបតែទីបំផុតឈានដល់ការកែទម្រង់ប្រជាធិបតេយ្យក្នុងប្រទេស។ នៅក្រុងរ៉ង់ហ្គូន ជាទីក្រុងធំបំផុតរបស់ប្រទេស ពួកបាតុករបានស្លៀកពាក់ លើកទង់និងកាន់បាល់ឡុងពណ៌ក្រហម ជាពណ៌របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ LND ជាគណបក្សរបស់លោកស្រីស៊ូជី ដែលជាអ្នកឈ្នះដាច់ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៨ វិច្ឆិកា ហើយតវ៉ាដោយពួកយោធា។

ពួកបាតុករនាំគ្នាស្រែកថា យើងមិនចង់បានអំណាចផ្ដាច់ការយោធា! យើងចង់បានលទ្ធិប្រជាធិបតេយ្យ!។ កងទ័ពនារសៀលថៃ្ងទី៧ កុម្ភៈ បានស្ដារឡើងវិញសេវាកម្មអ៊ីនធើរណេត ដែលផ្អាកនាពេលមុននេះ បណ្ដាលឲ្យប្រជាជនមួយផ្នែកមានការខឹងសម្បា។
ពួកបាតុករបានលើកគ្នាដើរហែក្បួន តាមសង្កាត់ផ្សេងៗនៃទីក្រុងរ៉ង់ហ្គូន ហើយមកប្រមូលផ្ដុំគ្នានៅវត្ត SULE ស្ថិតនៅកណ្ដាលក្រុង ជាកន្លែងប្រមូលផ្ដុំធ្វើបាតុកម្មធំកាលពីឆ្នាំ២០០៧និងឆ្នាំ១៩៨៨ប្រឆាំងរបបយោធាមុនៗ។
ពួកបាតុករនាំគ្នាលើកម្រាមដៃ៣ជានិមិត្តរូបនៃការតវ៉ា ចំណែកបណ្ដាអ្នកបើករថយន្តនាំគ្នាចុចស៊ីប្លេរ និងលើករូបរបស់លោកស្រីស៊ូជី។បាតុករនិយាយថា យើងមិនចង់បានអំណាចផ្ដាច់ការសម្រាប់មនុស្សជំនាន់ក្រោយៗឡើយ។ យើងនឹងមិនបញ្ចប់ការតវ៉ាបើដរាបណា យើងមិនបានចារប្រវត្តិសាស្ត្រថ្មី។ យើងនឹងតស៊ូរហូតដល់ទីបញ្ចប់។
របបយោធាដឹកនាំដោយឧត្ដមសេនីយ៍ MIN AUNG HLAING មានទីតាំងនៅទីក្រុងណៃពិដោ រដ្ឋធានីប្រទេសចម្ងាយប្រមាណជា៣៥០គីឡូម៉ែត្រខាងជើងក្រុងរ៉ង់ហ្គូននាថ្ងៃទី៧កម្ភៈ ពុំបាននិយាយពីអ្វីឡើយ។ តាមព័ត៌មាននានាថា នៅក្រុងណៃពិដោ មានមនុស្សប្រមាណជា១.០០០នាក់បានធ្វើបាតុកម្ម ហើយមនុស្ស៦០.០០០នាក់លើកគ្នាតវ៉ានៅក្រុងរ៉ង់ហ្គូន។ បាតុកម្មក៏កើតមានដែរនៅក្រុងម៉ាន់ដាឡៃ ជាទីក្រុងធំទី២របស់ប្រទេស និងក្នុងមូលដ្ឋានឯទៀតៗរបស់ប្រទេស មានប្រជាជនប្រមាណជា៥៣លាននាក់នោះ។
មកទាល់ពេលនេះ ក្នុងបាតុកម្មទាំងនោះមិនទាន់មានអំពើហិង្សាណាមួយនៅឡើយ ផ្ទុយពីកាលក្នុងចលនាតវ៉ាកាលពីឆ្នាំ១៩៨៨ និង២០០៧ ដែលត្រូវបង្ក្រាបក្នុងថ្លុកឈាម។ ប៉ុន្តែមានស្នូរកាំភ្លើងនៅទីក្រុងមីយ៉ាវ៉ាដឌី នាភាគអាគ្នេយ៍ប្រទេស ពេលមានអន្តរាគមន៍របស់ប៉ូលិស ប្រឆាំងបាតុករច្រើនសិបនាក់។ គេមិនដឹងថាតើមានជនរងគ្រោះដែរឬយ៉ាងណាឡើយ។
មនុស្សជាង១៦០នាក់បានត្រូវចាប់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារមក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ