វត្តមានវ៉ាក់សាំងចិន៖ អ្នកគួរចាក់ និងមិនគួរចាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វត្តមានវ៉ាក់សាំងចិន៖ អ្នកគួរចាក់ និងមិនគួរចាក់

2 អាទិត្យ មុន
  • Phnom Penh

ភ្នំពេញ៖ ទីបំផុតទៅ​ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ( SINOPHARM ) ចំនួន ៦០ម៉ឺនដូស​ ក្នុងចំណោម…

ភ្នំពេញ៖ ទីបំផុតទៅ​ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ( SINOPHARM ) ចំនួន ៦០ម៉ឺនដូស​ ក្នុងចំណោម ១លាន​ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ត្រូវបានដឹកតាម​យន្តហោះ​ពិសេស ​មកដល់​កម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដូច​កា​រ​​គ្រោ​ង​​​ទុក។​​ ​​

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅទទួល​វ៉ាក់សាំងកូវីដ១៩ ជា ជំនួយរបស់ចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំង ស៊ីណូ ហ្វាម របស់​មិត្តចិន ដែល​បានផ្តល់​ឲ្យកម្ពុជា នាពេលនេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់​ថា ជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព​។

ចំពោះឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិលបាល និងដោយផ្សាយផ្ទាល់​តាម​ទូរទស្សន៍ក្នុងស្រុក និងតាមហ្វេសប៊ុកជាច្រើនផង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំសូមគូសបញ្ជាក់​ជាថ្មីម្តងទៀតថា វ៉ាក់សាំង​ស៊ីណូហ្វាម របស់មិត្តចិន ដែលត្រូវបានផ្តល់មកកម្ពុជានេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ថា ជាប្រភេទវ៉ាក់សាំងមួយ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព​ សម្រាប់ស្រទាប់​មនុស្សអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ហើយត្រូវបានបញ្ជាទិញ និងអនុម័ត​ឲ្យប្រើប្រាស់​ដោយប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសកល​លោក»​។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «​សុភាសិត​ខ្មែរ​ ពោលថា មិត្ត​ល្អ ជួយគ្នា ក្នុងគ្រាក្រ​។ ក្នុងន័យនេះ ជំនួយវ៉ាក់សាំងនេះ គឺជាសក្ខីភាព​ថ្មីដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំង​អំពី​ចំណង​មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជន​យើងទាំងពីរ កម្ពុជា-ចិន នៅក្នុងក្របខណ្ឌ​កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងការកសាង​សហគមន៍ វាសនារួមគ្នា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ​១៩ នៅពេល​នេះ ដោយសារតែ​កម្ពុជា និងចិត្ត​មានកិច្ចសហប្រតិបត្តិការមិត្តភាព​​រឹងមាំ​​នឹងគ្នា។ សម្តេច​​តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «​បើគ្មាន​ចំណង​មិត្តភាពរឹងមាំ​រវាង​កម្ពុជា និងចិនទេ ថ្ងៃនេះ យើងគ្មានបានទទួ​លវ៉ាក់សាំង​ សម្រាប់​ប្រជាជន​យើង​ទេ»។

ដើម្បីបង្កើនទំនុកចិត្តលើការចាក់វ៉ាក់សាំងកូវីដរបស់ចិននេះ សម្តេចតេជោ ហ៊ុន សែន ដែលលើសអាយុ មិនអាចចាក់បាន តែសម្តេច​បានប្រកាស​អនុញ្ញាត​ឲ្យកូនៗ​របស់​សម្តេច រួមទាំងកូនអ្នកធំៗ រដ្ឋមន្ត្រីអាយុក្រោម ៥៩ឆ្នាំ និងឧត្តមសេនីយ៍ ចាក់វ៉ាក់សាំង​កូវីដ១៩ នេះ ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍​ក្នុងស្រុកផង។

វ៉ាក់សាំង ដែល​មកដល់កម្ពុជាជាលើកដំបូងនេះ​ មានចំនួន ៦០ម៉ឺនដូស។ ក្នុងនោះ ចំនួន ៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង ៣០ម៉ឺនដូសទៀត សម្រាប់​ក្រសួងការពារជាតិ​។​

ក្រសួងសុខាភិបាល​កម្ពុជា បានបញ្ជា​ក់​ថា  មនុស្សអាយុ ៦០ឆ្នាំឡើ​ង  មិនអាចចាក់​វ៉ាក់សាំង  Sinopharm ​ដែល​ចិនផ្តល់ឲ្យនេះទេ។ អាយុពី ១៨ឆ្នាំ  ដល់​ ៥៩ឆ្នាំ  គឺអាច​ចាក់​បាន តាមការស្ម័គ្រចិត្ត  ហើយរយ:ពេលចន្លោះ ១៤ថ្ងៃ ទៅ ២៨ថ្ងៃ  សម្រាប់​វ៉ាក់សាំង  Sinopharm ចាក់ដូសទីពីរ​។ ក្នុងម្នាក់ ត្រូវចាក់ពីរដូស​។

​​​ក្រសួង​សុខាភិបាល ក៏បានប្រកាស​ថា ដំណើរ​ការយុទ្ធនាការចាក់វ៉ាក់សាំង​នេះ នឹង​ប្រព្រឹត្តិទៅ សម្រាប់តែអ្នក ដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ​ ទៅតាមក្រុម​អាទិភាព​ ដែលមានចែង​នៅក្នុងពិធីសារ សម្រាប់​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។

ក្រសួងសុខាភិបាល ក៏បានប្រកាស ​ទទួលចុះឈ្មោះអ្នក​ចាក់វ៉ាក់សាំង​កូវីដ១៩​ ដោយ​ស្ម័គ្រចិត្ត ដែលការចុះឈ្មោះនេះ នឹងធ្វើឡើង តាមប្រព័ន្ធ​អនឡាញ ដែល​នឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់ ​នៅសប្តាហ៍​​ក្រោយនេះ។ ​ការចាក់វ៉ាក់សាំង​នេះ នឹងប្រព្រឹត្តទៅនៅតាម​មន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិ ខេត្ត និងស្រុក ទៅតាមពេលវេលា​ ដែលក្រសួងសុខាភិបាល នឹងជម្រាបជូន​តាមក្រោយទៀត​។

មុនវ៉ាក់សាំងមកដល់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី​ ឱ វណ្ណឌីន បានលើក​ឡើងថា បុគ្គល​ ដែល​មិនអាចចាក់វ៉ាក់សាំងកូវីដ១៩ បាន​ រួមមាន៖ អ្នកមានបញ្ហា​អាឡែកហ្ស៊ី អ្នកមានជំងឺ​រលាកផ្លូវដង្ហើម អ្នក​ចេញប្រទាលតាអាក អ្នកស្ថិតក្នុងជំងឺ​ធ្ងន់ធ្ងរ ក្តៅខ្លួន​ដោយសារជំងឺរ៉ាំរ៉ៃ​ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបោះដោះកូន និងស្ត្រី​ ដែលមានបំណង​ពពោះ ក្នុងរយៈពេល ៣ខែទៀត​ អ្នកមានជំងឺ ឆ្កួតជ្រូក អ្នកជំងឺ​ស្ក័ន ដែលមិនអាចគ្រប់គ្រងបាន អ្នកមានជំងឺសរសៃប្រសាទ អ្នកមានជំងឺរលាកស្រោមខួរ​ អ្នកដែល​ពិនិត្យឃើញខ្វះ​ភាពស៊ាំ​ពីកំណើត អ្នកមានសុខភាពខ្សោយ អ្នកជំងឺ​អេដស៍ អ្នកមានជំងឺមហារីកកូនកណ្តុរ អ្នកមានជំងឺ​ឈាមស ឬមានជំងឺភាពស៊ាំពីកំណើត អ្នកជំងឺ​ផ្លូវដង្ហើមធ្ងន់ធ្ងរ អ្នកជំងឺ​បេះដូង​សរសៃឈាមធ្ងន់ធ្ងរ អ្នកជំងឺ​តម្រង់នោមធ្ងន់ធ្ងរ​ អ្នកជំងឺដុះដុំ​សាច់មហារីក​ធ្ងន់ធ្ងរ​ អ្នកប្រើប្រាស់ថ្នាំប្រឆាំងមហារីក​ដុំសាច់​ អ្នកកំពុង​ព្យាបាល​មហារីក​ និង​អ្នកធ្លាប់កើត​ជំងឺ​កូវីដ១៩​។

ឯកសារបង្ហាញថា សព្វថ្ងៃ ចិន មានវ៉ាក់សាំងកូវី​ដ១៩ ចំនួន ២ គឺ​វ៉ាក់សាំងរបស់​ក្រុមហ៊ុន Sinopharm និងរបស់ក្រុមហ៊ុន Sinovac។ មកទល់ខែកុម្ភៈនេះ​ មានប្រទេស យ៉ាងហោចចំនួន១៦​ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ទាំង២​ របស់ក្រុមហ៊ុនចិន​។

ក្នុងនោះ វ៉ាក់សាំង​ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ​អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៊ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ​ប្រេស៊ីល ឥណ្ឌូណេស៊ី តួកគី ឈីលី កូឡុំប៊ី និង​អាស៊ែបៃហ្សង់។

​វ៉ាក់សាំងកូវីដ១៩ ​របស់​ចិន ត្រូវបានប្រទេសខ្លះទិញ ខ្លះទៀត ទទួលបានអំណោយ​​ពី​រដ្ឋាភិបាល​ចិន។ ក្នុងបណ្តាប្រទេសទាំងនោះ ក៏បាន​ចាក់​ជាបន្តបន្ទាប់ ហើយក្នុងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី បានចាក់វ៉ាក់សាំងកូវីដរបស់ចិន មុនគេ មុននឹង​ចាក់​ជូន​ប្រជាជន​ឥណ្ឌូនេស៊ី​។

យ៉ាងណាក៏ដោយ សម្រាប់​កម្ពុជា នៅពេលវ៉ាក់សាំង​របស់ចិន បានមកដល់​កម្ពុជា ជាលើកដំបូង​ នៅពេលនេះ មាន​ការសង្ស័យ​ខ្លះ លើប្រសិទ្ធភាព​ ហើយ​អ្នកខ្លះ រាងរារែក​ ដោយខ្លាចថា ចិន​យកវ៉ាក់សាំងនោះ មកចាក់ពិសោធន៍ ជាដើម។​

ក៏ប៉ុន្តែ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយ៉ាងម៉ឺងម៉ាត់​រួចហើយ កាល ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយ​បន្តនៅពេលនេះទៀត គឺ​សម្តេច មិន​អនុញ្ញាត​ដាច់​ខាត​ឲ្យប្រទេសណាមួយ យកប្រជាជនកម្ពុជា ដើម្បីពិសោធន៍ថ្នាំវ៉ាក់សាំង​ណាមួយឡើយ​។

ម្យ៉ាងទៀត ការដែល​សម្តេច​ លុបចោលគម្រោង​ដាក់វ៉ាក់សាំង​ នៅថ្ងៃទី១០ ខែកុម្ភៈ ក៏ដោយ សារតែ​សម្តេចលើសអាយុ ដែល​ថ្នាំវ៉ាក់សាំង​នេះ តម្រូវ​ឲ្យចាក់បាន ត្រឹមតែអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំប៉ុណ្ណោះ។

ក៏ប៉ុន្តែ​មុន ឬក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏នឹង​ចាក់​វ៉ាក់សាំងកូវីដ ព្រោះថា បន្ទាប់ពីកម្ពុជា ទទួលវ៉ាក់សាំងជំនួយរបស់ចិននេះ គឺ​នៅមានវ៉ាក់សាំង​កូវីដ មកជាបន្តបន្ទាប់ទៀត ពី​យន្តការ កូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ចំនួន ៧​លានដូស ជំនួយ​វ៉ាក់សាំង​មកពីឥណ្ឌា ១សែនដូស ព្រមទាំង​ជំនួយវ៉ាក់សាំងពីអូស្ត្រាលី ចំនួន ៣លាន ដូស​​ទៀត​។

​ក្រៅពីនោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏នឹង​បន្តស្វែងរកជំនួយ និងទិញវ៉ាក់សាំង ឲ្យបានយ៉ាង ហោចណាស់ ៩លានដូសថែមទៀត ដើម្បីឲ្យគ្រប់ ២០លានដូស​ សម្រាប់ចាក់ជូនប្រជាជន​កម្ពុជាយ៉ាងហោចណាស់ ១០លាននាក់​។

ដូច្នេះ​នៅពេលនេះ វ៉ាក់សាំង​របស់ចិន បានមកមុនគេ ចំនួន ៦០ម៉ឺនដូស ដែលអាច​ចាក់ជូន​ប្រជាជនកម្ពុជា ៣០ម៉ឺននាក់។ អ្នកចាក់វ៉ាក់សាំង​នេះ ដំបូង គឺ​ក្រុមជួរមុខ ដែលរួមមាន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំង​ប្រជាជន ដែលស្ម័គ្រចិត្ត ចុះឈ្មោះតាមអនឡាញ​ ជាដើម​​។ តែប្រជាជនយើង ក៏មិនគួរ​ភ័យ​ខ្លាច ដោយសារតែ​ការនិយាយបន្លាច​តៗគ្នានោះទេ​។ ចូរជឿ​លើសម្តេចតេជោ ហ៊ុន សែន ជឿលើរាជ រដ្ឋាភិបាលកម្ពុជា ពិសេស​មហាយក្ស​ចិន ដែល​ជាប្រទេស​មហាអំណាច ពិភពលោក។ ចិន មិនអាច​យកកេរ្តិ៍ មកចោល​កណ្តាល​វាល​នោះ​​ឡើយ​៕