ខេត្តកណ្តាល ៖ ក្រុមអាជីវករជាច្រើនបាននាំគ្នាយកម្ហូបអាហារ បន្លែផ្លែឈើ ត្រីសាច់ គ្រឿងទេស មកដាក់តាំងអង្គុយលក់ដូរអមសងខាងផ្លូវលំ១ខ្សែក្បែរផ្សារគគីរធំចាស់ ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើឲ្យបាត់បង់សោភ័ណភាព និងបង្កការលំបាកដល់អ្នកដំណើរកកស្ទះជារៀងរាល់ព្រឹកល្ងាច បើទោះបីជាគម្រោងផ្សារឯកជនថ្មីដែលគេទើបនឹងសាងសង់រួចរាល់ជាស្ថាពរនៅក្បែរខាងក្រោយខ្នងរបស់ពួកគាត់ ក៏ពួកគាត់មិនព្រមទៅលក់ដែរ។ បើតាមក្រុមអាជីវករបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ពួកគាត់លក់ដូរនៅទីនេះខ្លះជាង១ឆ្នាំ និងខ្លះរហូត៣-៤-៥ឆ្នាំក៏មានដែរ។

ប៉ុន្តែពីមុនលក់នៅតាមចិញ្ចើមថ្នល់ជាតិលេខ១ តែដល់អាជ្ញាធរសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ គេដេញពួកគាត់ឲ្យចូលមកលក់នៅក្នុងផ្សារគគីរធំចាស់ តែផ្សារចង្អៀតពេកគ្មានកន្លែងលក់ ក៏សម្រេចចិត្តរៀងៗខ្លួននាំគ្នាមកអង្គុយលក់នៅតាមចិញ្ចើមផ្លូវលំតែម្តង។ ហើយការអង្គុយលក់នេះពួកគាត់ចំណាយប្រាក់បង់ថ្លៃភាស៊ី១ថ្ងៃ៥០០រៀល និងបង់ថ្លៃលក់តាមមុខផ្ទះគេម្នាក់១០០០រៀល ២០០០រៀល ៣០០០រៀលទៀត តាមអ្នកលក់តិចឬច្រើន។ ក្រុមអាជីវករអះអាងថា ការអង្គុយលក់ដូររបស់ពួកគាត់មិនបង្កអោយប៉ះពាល់ដល់អ្នកធ្វើដំណើរឡើយ ព្រោះគាត់ចូលរួមស្តាប់តាមការណែនាំរបស់ អាជ្ញាធររាល់ពេលចុះមករៀបចំសណ្តាប់ធ្នាប់ម្តងៗឲ្យពួកគាត់លក់ត្រូវទុកផ្លូវ៤ម៉ែត្រដាច់ខាតមិនរំកិលចូលទេ។

អាជីវករបន្តថា ឥឡូវមានក្រុមហ៊ុនឯកជនគេវិនិយោគសាងសង់ផ្សារថ្មីនៅក្បែរផ្សារចាស់ ពួកគាត់ក៏ចង់ទៅលក់នៅកន្លែងនោះដែរ ព្រោះត្រជាក់ហើយតម្លៃក៏ថោកសមរម្យទៀត ដោយ១ចន្លោះទំហំ១ម៉ែត្រ២តឹកបួនជ្រុង តម្លៃត្រឹមតែ៦០០០០រៀល (ប្រាំមួយម៉ឺនរៀល)ក្នុង១ខែ។ តែពួកគាត់ខ្លាចទៅលក់មិនដាច់គ្មានលុយបង់សងគេ។ ជាក់ស្តែងអាជីវករមួយចំនួនក៏ធ្លាប់បានទៅលក់នៅផ្សារថ្មីនោះដែរ តែលក់មិនដាច់ក៏នាំគ្នារត់មកលក់នៅចិញ្ចើមផ្លូវនេះវិញ។

ទោះយ៉ាងណាមហាជនជាច្រើននិយាយរិះគន់ថា ផ្លូវលំគឺជាផ្លូវសាធារណៈសម្រាប់ឲ្យប្រជាជនទូទៅធ្វើដំណើរឆ្លងកាត់ មិនមែនសម្រាប់ឲ្យជីវករដាក់តាំងលក់ម្ហូបអាហារ នំចំណី បន្លែផ្លែឈើត្រីសាច់គ្រប់ប្រភេទ គ្រឿងទេស អាណាធិបតេយ្យនៅអមសងខាងផ្លូវបែបនេះឡើយ វានាំឲ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់អ្នកធ្វើដំណើរកកស្ទះណែនតាន់តាប់ចាប់ពីព្រឹកម៉ោង៥ដល់ម៉ោង៧ និងល្ងាចចាប់ពីម៉ោងប្រហែលដល់ម៉ោង៥ កុំថាឡើយឡានម៉ូតូ សូម្បីតែមនុស្សដើរសឹងតែមិនរួចផង។ បើទោះបីអាជ្ញាធរសមត្ថកិច្ចចុះមករៀបចំសណ្តាប់ធ្នាប់ញឹកញ៉ាប់ក៏ដោយ តែពេលអាជ្ញាធរត្រឡប់ទៅវិញដដែលដូចវែកចកអ៊ីចឹង៕ ដោយ ៖ ស៊ឹម សាន់
ចែករំលែកព័តមាននេះ