ខេត្តមណ្ឌលគិរី ៖ ដើម្បីបង្ការការរីករាលដាលនៃជំងឺសកលកូវីដ១៩ អាជ្ញាធរខេត្តមណ្ឌលគិរី បានបង្កើនទីតាំងធ្វើចត្តាឡីស័កចំនួន៣កន្លែងបន្ថែមទៀត នៅតាមច្រកព្រំដែនសំខាន់ៗដែលជាប់ប្រទេសវៀតណាម និងដាក់កម្លាំងឈរជើងតាមច្រករបៀង ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដែលនាំហានិភ័យនៃជំងឺកូវីដ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កនៅតាមច្រកសំខាន់ៗចំនួន៣ ក្នុងនោះមានដូចជា ច្រកឡាប៉ាខេ ក្នុងស្រុកកែវសីមា, ច្រកដាក់ដាំ ស្រុកអូររាំង និងច្រកណាំលៀរ ស្រុកពេជ្រចិន្តា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ covid-19 ដែលប្រទេសវៀតណាម កំពុងតែកើតមានការឆ្លងនៅក្នុងសហគមន៍។

មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្តមណ្ឌលគិរីបានដាក់កម្លាំងឈរជើងតាមច្រករបៀងសំខាន់ៗចៀសវាងការលួចឆ្លងដែនពីសំណាក់ប្រជាជនវៀតណាម ក៏ដូចជាប្រជាជនកម្ពុជា ឆ្លងទៅវិញទៅមក ដែលពិបាកក្នុងការគ្រប់គ្រងការចម្លងជំងឺក្នុងសហគមន៍។

បើគិតចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ អាជ្ញាធរខេត្តមណ្ឌលគិរី បានសម្រេចបិទការចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែនជាបណ្ណោះអាសន្ន ដោយអនុញ្ញាតឲ្យតែមានការផ្ទេរទំនិញចំណុចកណ្តាលនៃកម្ពុជា-វៀតណាម និងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដោយមានមន្ត្រីនៅចាំត្រួតពិនិត្យ និងបាញ់ថ្នាំស.ម្លា.ប់មេរោគជាប់ជាប្រចាំ៕



ចែករំលែកព័តមាននេះ