ខេត្តពោធិ៍សាត់ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងនៅក្នុងសាលាបឋមសិក្សាកែវវិជ័យ ស្ថិតក្នុងឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យអគារសិក្សាមួយខ្នង៤បន្ទប់ ធ្វើអំពីឈើប្រក់ក្បឿង ទទឹង០៦ម៉ែត្រ និងបណ្ដោយ៣២ម៉ែត្រ ត្រូវអណ្តាតភ្លើងឆាបឆេះរងការខូចខាតទាំងស្រុង គោងា.ប់២ក្បាល និងនាយកសាលាម្នាក់រងរបួសផងដែរ។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មូលហេតុគឺបណ្ដាលមកពីការទុស្សេខ្សែភ្លើង។ ខណៈពេលអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ គឺមានការជួយអន្ដរាគមន៍ពីប្រជាពលរដ្ឋក្នុងភូមិ និងរថយន្ដពន្លត់អគ្គិភ័យចំនួន០២គ្រឿង ដែលមួយគ្រឿងជារបស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង និងមួយគ្រឿងទៀតជារបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជួយបាញ់ទឹកពន្លត់ផងដែរ។
ហើយរថយន្ដពន្លត់អគ្គិភ័យទាំង២គ្រឿងនោះ បានប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ដ ទើបអាចគ្រប់គ្រងស្ថានភាពគ្រោះអគ្គិភ័យនេះបាន ប៉ុន្តែអគារសិក្សាមួយខ្នងបួនបន្ទប់ តុ កៅអី ក្ដារខៀន និងសម្ភារៈមួយចំនួនទៀតដែលមាននៅក្នុងថ្នាក់ត្រូវអណ្តាតភ្លើងលេបត្របាក់ខ្ទេចទាំងស្រុង។ មិនតែប៉ុណ្ណោះ បានបង្កឲ្យងាប់គោចំនួន២ក្បាលដែលចងក្បែរនោះ និងនាយកសាលាម្នាក់ឈ្មោះ អ៊ុយ លាងហាក់ ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសទៀតផង៕
ចែករំលែកព័តមាននេះ