ប្រទេសមីយ៉ាន់ម៉ា ៖ មនុស្សច្រើនសិបពាន់នាក់ បានលើកគ្នាធ្វើបាតុកម្មកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅមីយ៉ាន់ម៉ា ដើម្បីបរិហាររដ្ឋប្រហារ និងទាមទារឲ្យដោះលែងមេដឹកនាំលោកស្រីអ៊ួងសាន់ ស៊ូជី ដែលតាមព័ត៌មានថា កំពុងត្រូវឃុំក្នុងផ្ទះ។ ចំណែកពួកយោធាបានខ្ទប់អ៊ីនធើរណេតក្នុងប្រទេស។
នៅទីក្រុងរ៉ង់ហ្គូន ជាទីក្រុងធំជាងគេរបស់ប្រទេស ពួកបាតុករបាននាំគ្នាស្រែកពាក្យថា ពួកផ្ដាច់ការយោធាបរាជ័យ លទ្ធិប្រជាធិបតីពិតជាឈ្នះ។ ពួកគេបានលើកប៉ង់កាតនានាដែលចារថា ប្រឆាំងលទ្ធិផ្ដាច់ការយោធា។ បណ្ដាអ្នកដំណើរបានចែកទឹក និងអាហារដល់ពួកគេ។ បាតុករជាច្រើននាក់បានស្លៀកពាក់ពណ៌ក្រហម ជាពណ៌នៃទង់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ LND របស់លោកស្រីស៊ូជី ដែលជាអ្នកឈ្នះដាច់ក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី៨វិច្ឆិកាហើយតវ៉ាដោយពួកយោធា។

បាតុករច្រើនពាន់នាក់បានលើកគ្នាដើរសំដៅសាលាក្រុង ចំណែកពួកអ្នកបើករថយន្ត បាននាំគ្នាចុចស៊ីប្លេ ហើយបញ្ចេញម្រាមដៃ៣ក្រៅរថយន្តជាសញ្ញានៃការរួបរួមជាមួយពួកបាតុករ។ បាតុករមួយចំនួនបានលើកទង់របស់គណបក្ស LND ឬលើករូបរបស់លោកស្រីស៊ូជី ទះដៃនិងច្រៀងរាំ។
នាពេលល្ងាចបាតុករភាគច្រើនបានបំបែកជួរ។ សម្រាប់យប់ទី៥ជាប់គ្នា ដែលប្រជាជនបាននាំគ្នាវាយឆ្នាំង ខ្ទះឬឃ្មោះ លាន់ទ្រហឹងក្នុងទីក្រុងរ៉ង់ហ្គូន ដែលមួយផ្នែកធ្លាក់ក្នុងភាពងងឹត ដោយសារការកាត់ផ្ដាច់ភ្លើង។
មនុស្សជាច្រើនពាន់នាក់ក៏លើកគ្នាធ្វើបាតុកម្មនៅទីក្រុងម៉ង់ដាឡៃ ជាទីក្រុងធំទី២របស់ប្រទេសនិងនៅទីក្រុងណៃពិដោ ជារដ្ឋធានីកសាងឡើងដោយពួកយោធា និងជាទីតាំងរបស់រដ្ឋាភិបាល ដោយនៅទីនោះពួកបាតុករនាំគ្នាស្រែកពាក្យនានា ប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈ និងទាមទារឲ្យដោះលែងលោកស្រីស៊ូជី។

បាតុកម្មទាំងនោះមានទំហំកាន់តែធំ ក៏ទោះបីមានការផ្ដាច់អ៊ីនធើរណេតក៏ដោយ។ អាជ្ញាធរយោធាបានស្នើដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធើរណេត ឲ្យខ្ទប់FACEBOOK TWITTER និង INSTAGRAM រហូតដល់មានបទបញ្ជាជាថ្មី។
យោងតាមមេធាវីម្នាក់របស់លោកស្រីស៊ូជីថា លោកស្រីនិងប្រធានាធិបតីលោកWIN MYINT ត្រូវឃុំក្នុងផ្ទះ។
ចលនាតវ៉ាបានរីកកាន់តែធំនាសប្ដាហ៍កន្លងទៅនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារដោយគ្រូពេទ្យ គ្រូបង្រៀនមួយចំនួនបដិសេធមិនចូលធ្វើការ។ និស្សិតខ្លះក៏ចូលរួមធ្វើបាតុកម្ម។ ចំណែកសហគមន៍អន្តរជាតិ ក៏បានថ្កោលទោសរដ្ឋប្រហារនោះ ហើយក្រុមប្រឹក្សាសន្តិសុខអ.ស.ប ទាមទារឲ្យដោះលែងជាបន្ទាន់ មនុស្សទាំងអស់ដែលត្រូវចាប់ខ្លួន រួចសហរដ្ឋអាមេរិក ពិចារណាពីការដាក់ទណ្ឌកម្មនានា។។
ចិនដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយកងទ័ពមីយ៉ាន់ម៉ា ពេលនេះបានចូលរួមក្នុងកុងសង់ស៊ុស នៅ អ.ស.ប ដើម្បីស្នើឲ្យដោះលែងបណ្ដាមនុស្សត្រូវចាប់ខ្លួន តែចិនមិនថ្កោលទោសការដណ្ដើមអំណាចរបស់ពួកយោធាឡើយ។ ក្រុងប៉េកាំងស្នើដល់គ្រប់ភាគី ឲ្យមានប្រតិកម្មក្នុងផលប្រយោជន៍នៃស្ថេរភាពនៅមីយ៉ាន់ម៉ា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ