ខេត្តស្ទឹងត្រែង ៖ ជនប្រព្រឹត្តទោះរត់គេចដល់ទីណាក៏មិនអាចគេចផុតពីផ្លូវច្បាប់ដែរ នេះបើតាមការអះអាងរបស់សមត្ថកិច្ចបានប្រាប់កោះសន្តិភាព កាលពីថ្ងៃទី៦ ខែកុម្ភៈ ២០២១នេះ ពាក់ព័ន្ធករណីចាក់សម្លាប់បុរសម្នាក់នៅយប់ ថ្ងៃទី៤ ខែកុម្ភៈ នៅស្រុកសេសាន ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា នៅយប់កើតហេតុ ថ្ងៃទី៤ កុម្ភៈ ២០២១ វេលាម៉ោង១១និង៣០ នាទីមានអំពើឃាតកម្មមួយកើតឡើង នៅវត្តបាដឺម ឃុំសាមឃួយ ស្រុកសេសាន បានបណ្ដាល ឲ្យយុវជនម្នាក់ស្លាប់ ។ សមត្ថកិច្ចដដែលបន្តថា ជនរងគ្រោះឈ្មោះ វី ឧត្តម អាយុ២១ឆ្នាំ រស់នៅភូមិភ្លុកឃុំភ្លុក ស្រុកសេសាន ។
ប្រភពបន្ថែមយប់កើតហេតុនៅវត្ត បាដឺម មានរៀបចំពិធីកំសាន្តមួយដោយមាន អ្នកភូមិក្មេងចាស់ប្រុសស្រីជាច្រើនចូលរួមសប្បាយរីករាយ ។ ក្រោយមកស្រាប់តែមានទំនាស់ឡើងរវាងយុវជនពីរក្រុមទំនងជាឌឺដងដាក់គ្នារវាងអ្នកឃុំភ្លុក និងអ្នកឃុំសាមឃួយរហូតឈានដល់ប្រើប្រាស់អាវុធមុតស្រួចចាក់ចំដើមដោះខាងឆ្វេង បណ្ដាលឱ្យជនម្នាក់ដួលស្លាប់នៅក្នុងបរិវេណវត្ត ។
ប្រភពដដែលបានបន្តអោយដឹងថា នៅយប់កើតហេតុយុវជនទាំងពីរក្រុមបានបង្កជម្លោះម្តងរួចទៅហើយ តែត្រូវប្រជាការពារភូមិឃាត់ដកហូតសម្ភារៈអាវុធមានដាវមួយចំនួន ។ លុះពេលយប់ជ្រៅក្រុមទាំងពីរ ក៏បានបង្កជម្លោះម្ដងទៀត ខណៈពេលប្រជាការពារភូមិទៅផ្ទះ ។ ពេលបង្កជម្លោះលើកទីពីរក៏មានភាគីម្ខាងទៀតចាក់ទៅលើយុវជនម្នាក់ បណ្តាលអោយស្លាប់នៅនិងកន្លែង ។
សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់ដែលបានចាក់សម្លាប់យុវជនម្នាក់នោះនៅឡើយទេ ខណៈពេលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនបង្កនោះផងដែរ ៕
ចែករំលែកព័តមាននេះ