ខេត្តបាត់ដំបង៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តម្នាក់ត្រូវជនមិនស្គាល់មុខចំនួន០២នាក់ ជិះម៉ូតូតាមវាយបំបែកកញ្ចក់រថយន្តស៊េរីទំនើបរបស់គាត់ រួចលូកយកកាបូបលុយបានដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី០៥ កុម្ភ: ក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខណ:លោកចតរថយន្តនៅខាងមុខផ្ទះ ។

សមត្ថកិច្ចបានឲ្យដឹងថា អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តដែលត្រូវចោរវាយកញ្ចក់រថយន្តលួចយកកាបូបលុយនោះឈ្មោះ តាន់ សុផល ។ ដោយឡែករថយន្តរបស់គាត់ដែលត្រូវចោរវាយបំបែកកញ្ចក់នោះ ម៉ាកឡង់គ្រឹស័រពណ៍ស ស៊េរីឆ្នាំ២០២១ ដែលលោកទើបទិញជិះថ្មីៗនេះ ។

កោះសន្តិភាពមិនទាន់អាចធ្វើការបំភ្លឺពីលោក តាន់ សុផល បានភ្លាមៗទេ ជុំវិញករណីនេះ ។ ប៉ុន្តែបើតាមសមត្ថកិច្ចបានផ្ដល់ព័ត៌មានបឋមថា មិនពេលកើតហេតុ លោកតាន់ សុផល បានបើករថយន្តចេញពីធនាគារមួយកន្លែង នៅខាងលិចផ្សារលើ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលគាត់ទៅដល់ផ្ទះ គាត់បានចតរថយន្តនៅលើចិញ្ចើមថ្នល់ខាងមុខផ្ទះ ។ ប៉ុន្តែពេលគាត់ចុះពីរថយន្តដើរចូលផ្ទះមិនទាន់បានប៉ុន្មាននាទីផង ក៏ត្រូវចោរជិះម៉ូតូទៅឈប់វាយកញ្ចក់រថយន្តគាត់បំបែករួចលូកយកកាបូបលុយ ជិះគេចខ្លួនដោយសុវត្ថិភាព ។

ក្រោយកើតហេតុ នៅរសៀលថ្ងៃដដែល លោក តាន់ សុផល បានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលក្រុងបាត់ដំបង ដើម្បីឱ្យជួយអន្តរាគមន៍លើករណីនេះ ។ ពាក់ព័ន្ធនឹងសកម្មភាពចោរវាយកញ្ចក់រថយន្តអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ខាងលើនេះ បើតាមសមត្ថកិច្ចបានប្រាប់ថា សកម្មភាពចោរវាយកញ្ចក់រថយន្តមានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពដែលគេបំពាក់នៅតាមផ្ទះ ។ នៅក្នុងកាមេរ៉ា គេឃើញជន០២នាក់ បានជិះម៉ូតូតាមពីក្រោយរថយន្តលោកតាន់ សុផល តាំងពីលោកបើករថយន្តចេញពីធនាគាររហូតមកដល់ផ្ទះ ។ ពេលនេះ សមត្ថកិច្ចកំពុងពិនិត្យលើសកម្មភាពជនសង្ស័យទាំង០២នាក់នោះហើយ ។

លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៦ កុម្ភ: ថាលោកតាន់ សុផល ពិតជាបានមកដាក់ពាក្យបណ្ដឹងនៅអធិការក្រុងមែន ពាក់ព័ន្ធនឹងចោរវាយកញ្ចក់រថយន្តរបស់គាត់លួចយកលុយ ។ លោក ឆាង វណ្ណឆៃ បាននិយាយថា ជនសង្ស័យមានបក្សពួក០២នាក់ បានជិះម៉ូតូតាមរថយន្តជនរងគ្រោះ ។ នេះបើតាមការពិនិត្យសកម្មភាពជនសង្ស័យដែលជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ។
លោកបានបញ្ជាក់ថា ពេលគាត់បើករថយន្តដល់ផ្ទះចតលើចិញ្ចើមថ្នល់ ហើយគាត់ចុះពីរថយន្តដើចូលផ្ទះក៏ត្រូវជនដៃដល់ចុះទៅវាយកញ្ចក់រថយន្តលូកយកកាបូបលុយភ្លាមៗដែរ ។ បើតាមជនរងគ្រោះថា លុយក្នុងកាបូបដែលចោរលូលួចនោះមានចំនួន៥០០ដុល្លារ ។ ពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវលើរូបភាពជន០២នាក់ដែលជិះម៉ូតូតាមពីក្រោយរថយន្តជនរងគ្រោះនោះហើយ ៕
ចែករំលែកព័តមាននេះ