តាមទស្សន៍ទាយមើលទៅ «វប្បធម៌សន្ទនា» រវាងបក្សកាន់អំណាច និងបក្សប្រឆាំង ទំនងមានអាយុមិនវែងទេ ។ បើវាមានអាយុមិនវែង… ប្រាកដជា «អាយុខ្លី» ។
«វប្បធម៌សន្ទនា» វាជាមូលដ្ឋានគ្រឹះមួយ ឱ្យសង្គមមានសន្តិសុខ ស្ថេរភាព ប្រសិនបើភាគីទាំង២ មានមារយាទស្មោះត្រង់នឹងគ្នា… ។ ប្រសិនបើ «វប្បធម៌សន្ទនា» វាជា «កូនអុក» សម្រាប់បំរើការស្វែងរកចំណេញឱ្យនយោបាយ មិនយូរមិនឆាប់គង់ «អាយុខ្លី» ព្រោះមេបក្សទាំង២ ដែលទើបផ្អែមមាត់ជាមួយគ្នា… ចាប់ផ្តើមតិចៗ ផ្លែងសដាក់គ្នាទៅហើយ ។ បើគង់តែ «អាយុខ្លី» គួរទិញក្តារមឈូសតំកល់ទុកឱ្យហើយទៅ… កុំធ្វើដូចក្របីផោមឱ្យម្ចាស់វាហិត ។
នយោបាយ «វប្បធម៌សន្ទនា» របស់បក្សធំ-តូចទាំង២ ប្រៀបដូចការប្រយុទ្ធដ៏ស៊ីសាច់ហុតឈាមនៅសមរភូមិណាមួយ… ។ ពួកគ «វ៉ៃផង ចរចាផង» ជួនកាល «វ៉ៃរហ័ស ដករហ័ស» ដល់មិនឈ្នះ មិនចាញ់… ទើបចរចាជាថ្មី… ។
តាមការមើលឃើញទៀត… បើមេបក្សទាំង២ ចាប់ដៃគ្នាញញឹមដោយស្មោះត្រង់… វាអត់អីទេ… ហើយវប្បធម៌សន្ទនានឹងមានអាយុវែង… វែងទៅហោង ។
ប៉ុន្តែបើ២នាក់ចាប់ដៃគ្នា… ហើយម្ខាងញាក់ភ្នែកឱ្យអាកូនចៅយក «ជើងជាន់» ដែលគេនិយាយថា «ចាប់ដៃ…ជាន់ជើង» មហាជនគិតថា «វប្បធម៌សន្ទនា» ច្បាស់ជា «អាយុមិនវែង» ឡើយ ។ បើវាបានជា «អាយុខ្លី» ដដែល ឱ្យវា «ឆាប់ងាប់» ទៅចុះ… ។
គួរយកវប្បធម៌ «អ្នកណាខ្លាំង អ្នកនោះឈ្នះ» ដែលជា «វប្បធម៌អ្នកលេង» មកដាក់លើតុវិញប្រសើរជាង !
អាឡេវ
ចែករំលែកព័តមាននេះ