ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​រណ្តៅ​ដី​២​កន្លែង​ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ផ្អាក ខណៈ​មិន​អនុវត្ត​តាម​ការ​ណែនាំ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អាជីវកម្ម​ជីក​កាយ​ដឹក​ជញ្ជូន​យក​អាច​ម៌​ដី​លក់​២​កន្លែង​នៅ​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​បាន​លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តព្រៃវែង​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន…


ខេត្តព្រៃវែង ៖ អាជីវកម្ម​ជីក​កាយ​ដឹក​ជញ្ជូន​យក​អាច​ម៌​ដី​លក់​២​កន្លែង​នៅ​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​បាន​លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តព្រៃវែង​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។ ខណៈ​ដែល​ម្ចាស់​អាជីវកម្ម​ទាំង​២​កន្លែង​ខាងលើ​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​។ ម្ចាស់​អាជីវកម្ម​ទាំង​២​នេះ​ត្រូវ​បាន​គេ​ស្គាល់​ទី​១.​ឈ្មោះ ហោ ម៉េ​ង​គី​,​ទី​២.​ឈ្មោះ ផាត ដែល​ជា​ឈ្មួញ​មាន​ឥត​ទ្ធិ​ពល​ខ្លាំង​ខាង​រកស៊ី​ជីក​កាយ​ដឹក​ជញ្ជូន​យក​អាច​ម៌​ដី​លក់​ធំ​ជាងគេ​នៅ​ក្នុងស្រុក​ព្រះស្តេច​ដោយ​មិន​ខ្លាចញញើត​គោរព​ច្បាប់​នោះ​ទេ​។​

គួរ​បញ្ជាក់​ថា កន្លង​មក​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ចុះ​ផ្អាក​អាជីវកម្ម​ម្តង​រួច​ហើយ​។ បើ​តាម​ប្រភព​ការ​ផ្អាក​នេះ ដោយសារ​រក​ឃើញ​កំហុស​ជីក​ប៉ះពាល់​លើ​ដី​ចំណី​ទន្លេតូច និង​ដី​បាត​បឹង​ព្រៃខ្លា​សាធារណៈ​របស់​រដ្ឋ ហើយ​រណ្តៅ​ដី​មាន​ជម្រៅ​ជ្រៅ​លើ​ច្បាប់​កំណត់ និង​ដឹក​ជញ្ជូន​ដាក់​អាច​ម៌​ដី​ហៀរ​ៗ​ទ្រុង​អត់​គ្រប​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​បើកបរ​លឿន​ៗ​លើស​ម៉ោង​កំណត់ បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាជន​អម​សងខាង​ផ្លូវ ជា​ពិសេស​បងប្អូន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ថ្នល់ជាតិ​លេខ​១​អាច​ប្រឈម​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​ទៀត​ផង​។

ជុំវិញ​បញ្ហា​នេះ​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ព្រះស្តេច បាន​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​យើង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​ថា ពាក់ព័ន្ធ​ដឹក​ជញ្ជូន​អត់​គ្រប​នោះ ក្នុង​នាម​អាជ្ញាធរ​ស្រុក លោក​បាន​កោះហៅ​ម្ចាស់​អាជីវកម្ម​ទាំង​២​នេះ មក​ធ្វើ​កិច្ចសន្យា​រាប់​ភ្លេច​ទៅ​ហើយ​រហូត​ឈាន​ដល់​ចង់​ដក​អាជ្ញាប័ណ្ណ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មិន​អនុវត្ត​តាម​ដដែល​។

ហើយ​ដី​កន្លែង​លោក ហោ ម៉េ​ង​គី និង​លោក ផាត កាយ​នោះ​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ព្រះស្តេច និង​មន្ត្រី​រ៉ែ បាន​អះអាង​ថា ជា​ដី​កម្ម​សិទ្ធ​របស់​លោក ហោ ម៉េ​ង​គី និង​លោក ផាត បាន​ទិញ​ប្រហែល​ជាង​១០​ហិ​កតា មិនមែន​ដី​បឹង ឬ​ដី​ចំណី​ទន្លេតូច​ប្រភព​ព័ត៌មាន​និយាយ​នោះ​ឡើយ​។ ទោះ​យ៉ាងណា​មហាជន​រិះគន់​ថា ក្រុម​តៃកុង​ឡាន​ដឹក​ដី​នោះ​មួយ​ចំនួន​ក្មេង​ៗ​គ្មាន​សីលធម៌ គ្មាន​សុជីវធម៌​ទេ មាន​ចរិត​ឈ្លើយ​ៗ​ណាស់​បើ​ប្រាប់​ទៅ​បើកបរ​កាន់តែ​ផ្គើន​ឡើង​ថែម​ទៀត​។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ តៃកុង​ឡាន​ដឹក​ដី​អាជីវកម្ម​របស់​លោក ហោ ម៉េ​ង​គី បាន​បើកបរ​លឿន​ៗ​ចុច​ស៊ី​ផ្លេ​ឮ​ខ្លាំង​ៗ​ដី​ហុយ​ទ្រលោម​បំណង​កៀរ​អ្នក​សារព័ត៌មាន​យើង​ពេល​កំពុង​ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​ឡាន​ដឹក​ដី​អត់​គ្រប​។ ទន្ទឹម​នោះ​ក៏​មាន​បងប្អូន​អ្នក​ធ្វើ​ដំណើរ​ឃើញ​ហេតុការណ៍​នេះ ក៏​នាំ​គ្នា​ភ័យ​ហើយ​ស្រែក​ជេរ​តៃកុង​ឡាន​នោះ​ថា​អា​ចំលើយ​។ ក្រោយមក​អ្នក​សារព័ត៌មាន ក៏​បាន​រាយការណ៍​ជូន​ទៅ​លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តព្រៃវែង​។ ភ្លាម​នោះ​លោក សួន សុ​ម៉ា​លី​ន ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ផ្អាក​អាជីវកម្ម​ទាំង​២​កន្លែង​នោះ​តែ​ម្តង​។ លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្ត បញ្ជាក់​បន្ថែម​ថា រឿង​ចំណុច​ដី​ដែល​លោក ហោ ម៉េ​ង​គី និង​លោក ផាត ជីក​នោះ លោក​ពុំ​ទាន់​បានដឹង​ថា​មានច្បាប់​ឬ​អត់​ច្បាប់​នោះ​ទេ រង់ចាំ​រូប​លោក​ពិនិត្យ​មើល​ឯកសារ​សិន​៕ ដោយ ៖ ស៊ឹ​ម សាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ