ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្រង​លុយ​ឱ្យ​បាន កុំឱ្យ​លុយ​គ្រប់គ្រង​ជីវិត​យើង​!

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​គ្រប់​បានដឹង​ហើយ​ថា មនុស្ស​ទូ​ទាំង​ពិភពលោក​រស់នៅ​ដោយ​គ្មាន​លុយ​ពិតជា​មិន​បាន ឬ​ពិបាក​ខ្លាំង​ណាស់​។ ជា​ពិសេស​មនុស្ស​គ្រប់​រូប​តែងតែ​ខិតខំ​ប្រឹងប្រែង ធ្វើការ​យ៉ាង​លំបាកលំបិន ដើម្បី​តែ​លុយ​ព្រោះ​លុយ​គឺជា​ជីវិត អ្នកខ្លះ​គិត​ថា បើ​គេ​គ្មាន​លុយ​ពិតជា​ពិបាក​រស់នៅ​លើ​លោក​នេះ​ណាស់​។…

រាជធានី​ភ្នំពេញ ៖ ដូច​គ្រប់​បានដឹង​ហើយ​ថា មនុស្ស​ទូ​ទាំង​ពិភពលោក​រស់នៅ​ដោយ​គ្មាន​លុយ​ពិតជា​មិន​បាន ឬ​ពិបាក​ខ្លាំង​ណាស់​។ ជា​ពិសេស​មនុស្ស​គ្រប់​រូប​តែងតែ​ខិតខំ​ប្រឹងប្រែង ធ្វើការ​យ៉ាង​លំបាកលំបិន ដើម្បី​តែ​លុយ​ព្រោះ​លុយ​គឺជា​ជីវិត អ្នកខ្លះ​គិត​ថា បើ​គេ​គ្មាន​លុយ​ពិតជា​ពិបាក​រស់នៅ​លើ​លោក​នេះ​ណាស់​។ ប៉ុន្តែ​តាម​រយៈ​អ្នកជំនាញ​បើ​ទោះ​អ្នកមាន​ខ្លាំង​ប៉ុណ្ណា ក៏​មាន​មនុស្ស​ខ្លះ​មិន​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន​នោះ​ដែរ​។ ដូចនេះ​សរុបសេចក្តី​មក មនុស្ស​មាន​ឬ​ក្រ​សុទ្ធតែ​មាន​បញ្ហា​រឿង​នេះឯង​។

លោក សំ កុសល ដែល​ជា​ស្ថាបនិក Business Cambodia បាន​ចែករំលែក​ដូចនេះ​ថា៖ «​ជា​ទូទៅ​លុយ​គឺជា​បញ្ហា​សកល នៅ​លើ​លោក​នេះ គឺ​មនុស្ស​ទូ​ទាំង​សកលលោក​សុទ្ធតែ​មាន​បញ្ហា​លុយ​នឹង​គ្រប់​គ្នា​មិន​ថា អ្នកមាន​ឬ​អ្នកក្រ​នោះ​ទេ​។ ភាគច្រើន​នៃ​បញ្ហា​នោះ​គឺ​ការ​ចាយ​លុយ​ខុស នេះ​មិនមែន​សំដៅ​តែ​លើ​អ្នកក្រ​នោះ​ទេ អ្នកខ្លះ​មាន​លុយ​ច្រើន​តែ​ចាញ់បោក​គេ អ្នកខ្លះ​ទៀត​មិន​មាន​បញ្ហា​ចាញ់បោក​គេ​ទេ ប៉ុន្តែ​ខ្វះខាត​លុយ​តែ​ម្តង ដោយសារ​ចំណូល​វា​មិន​កើន​។ ខ្ញុំ​ចង់​ចែករំលែក​បទ​ពិសោធន៍​ខ្លះ​ៗ ក្រោយ​ពី​ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​ខ្លះ​ៗ ក្នុង​ការ​គ្រប់គ្រង​លុយ ដែល​វា​ធ្វើ​ឱ្យ​លទ្ធផល​បាន​ប្រសើរ​ជាង​មុន​»​។

សំណួរ​សួរ​ថា តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​គ្រប់គ្រង​លុយ​ឱ្យ​បាន?
ដូច​ច្នេះ លោកគ្រូ បាន​លើកយក ៣ ចំណុច ដើម្បី​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​លោកគ្រូ តាម​រយៈ​ការ​កែប្រែ​ខ្លួនឯង ៖

ចំណុច​សំខាន់​ទី ១ ៖ យើង​គ្រប់​គ្នា​ត្រូវ​រៀន​ពី​លុយ ការ​រៀន​នេះ​ទៀត​សោត​មិនមែន​មាន​ន័យ​ថា​ទាល់តែ​យើង​ទៅ​រៀន​នៅ​សាលា​នោះ​ទេ យើង​អាច​រៀន​ដោយ​ខ្លួនឯង យើង​អាច​រៀន​ពី​ភ្ញៀវ ហើយ​យើង​ក៏​អាច​រៀន​ពី​កន្លែងធ្វើការ​ងារ​ក៏​បាន​ដែរ ឱ្យ​តែ​យើង​ដាក់​គោលដៅ​រៀន​។ ដូច្នេះ​សួរ​ថា​យើង​រៀន​ស្តី​អំពី​លុយ? យើង​អាច​រៀន​អំពី​អត្ថន័យ​នៃ​លុ​ុ​យ បន្ទាប់​មក​ត្រូវ​រៀន​ពីមុខ​ងារ​របស់​លុយ (​លុយ​មិនមែន​សម្រាប់​តែ​ចាយ​នោះ​ទេ លុយ​ត្រូវធ្វើ​ឱ្យ​មាន​ប្រភព​ចំណូល​ដែរ​) លុយ​យើង​អាច​យក​ទៅ​វិនិយោគ លុយ​យើង​អាច​យក​ទៅ​សន្សំ​។ ខ្ញុំ​ធ្លាប់​ចែករំលែក​ឃ្លា​មួយ​ថា “​ចាយ​លុយ​ដែល​អ្នកមាន កុំ​ចាយ​លុយ​ដែល​ខ្លួនឯង​មិន​មាន​” យើង​មើល​រាល់ថ្ងៃ មនុស្ស​ម្នា​ប្រើ​សេវាកម្ម​រំលស់​ច្រើន​ណាស់ មាន​រំលស់​ម៉ុ​តូ រំលស់​ឡាន រំលស់​ផ្ទះ​។​ល​។ នោះ​គឺ​អនាគត​ទៅ​អ្នក​ទាំងអស់​គ្នា​ចាយ​លុយ​សុទ្ធតែ​យើង​មិន​មាន ទាំងនេះ​គឺជា​លុយ​គេ​។ ចរន្ត​សាច់ប្រាក់​ជា​សរសៃឈាម​អាជីវកម្ម ប្រសិនបើ​ចរន្ត​សាច់ប្រាក់​យើង​ក្រហម​ឬ​អវិជ្ជមាន មាន​ន័យ​ថា​លុយ​ចេញ​វា​ច្រើន​ជាង​លុយ​ចូល ដល់​ចឹ​ង​ទៅ​យើង​មិន​គាំ​វា​អត់​មាន​ឈាម​រត់ ដូចនេះ​ទាំងអស់​គ្នា​ដើម្បី​គ្រប់គ្រង​លុយ​បាន ពេល​ដែល​យើង​រកស៊ី​ត្រូវ​ផ្តោត​ទៅ​លើ​ចរន្ត​សាច់ប្រាក់​។ កាលដែល​យើង​មាន​អ្វី​ដែល​លុយ​អាច​ទិញ​បាន ដូច​ជា​ផ្ទះ នាឡិការ ឡាន​ទំនើប សម្ភារ​ទំនើប​នានា​នោះ​វា​ពិតជា​ល្អ​ហើយ ប៉ុន្តែ​រស់នៅ​បាន​ល្អ​កុំ​ភ្លេច​អ្វី​ដែល​លុយ​ទិញ​មិន​បាន​ផង សព្វ​ថ្ងៃនេះ​មាន​អ្វី​ជា​ច្រើន​ដែល​លុយ​ទិញ​មិន​បាន (​សុខភាព ជីវិត ឬ​ក៏​ពេលវេលា​ជាដើម​) ដូចនេះ​យើង​ត្រូវ​គិត​លើ​របស់​នឹង​ផង កុំ​គិតតែ​រឿង​លុយ​ពេក​។

ចំណុច​សំខាន់​ទី​២ ៖ កុំ​យក​លុយ​ធ្វើ​ជា​ក្តី​ស្រមៃ នៅ​ពេល​ដែល​យើង​គ្រប់​គ្នា​ចេញ​រកស៊ី ត្រូវ​តែ​យកក្តី​ស្រមៃធ្វើ​ជា​គោល មិនមែន​យក​លុយ​ធ្វើ​ជា​គោល​នោះ​ទេ​ក្នុង​ការ​រកស៊ី មិន​ដូច​ច្នេះ​ទេ​អ្នក​នឹង​ក្លាយជា​មនុស្ស​មុខលុយ​ហើយ​។ ខ្ញុំ​ធ្លាប់​បាន​ចែករំលែក​ថា លុយ​វា​គ្រាន់តែ​យាន្ត​ទេ ហើយ​ហេតុ​អ្វី​យើង​យក​វា​មក​ធ្វើ​ជា​គោលដៅ លុយ​គ្រាន់តែ​ជា​មធ្យោបាយ​មួយ​ប៉ុណ្ណោះ ហើយ​ដើម្បី​សម្រេច​ក្តី​ស្រមៃ គឺ​មាន​មធ្យោបាយ​ច្រើន​ដែល​យើង​មិនបាច់​ប្រើ​លុយ​ទេ​។ កុំ​ព្យាយាម​រកស៊ី​ដើម្បី​ក្លាយជា​អ្នកមាន ត្រូវ​រកស៊ី​ក្នុង​គោលដៅ​ផ្សេង​ផង​ដែល​វា​មាន​ន័យ​ជាង​នេះ គោលដៅ​មួយ​ដែល​វា​ដោះស្រាយ​បញ្ហា​មនុស្ស បញ្ហា​ភ្ញៀវ​យើង ដូចនេះ​យើង​គ្រប់​គ្នា​មិន​គួរ​រត់​តាម​លុយ​ទេ ត្រូវ​រត់​តាម​ក្តី​ស្រមៃ​វិញ​។ នៅ​ពេល​ដែល​យើង​រត់​ទាន់​ក្តី​ស្រមៃ នោះ​លុយ​វា​នឹង​រត់​តាម​យើង​ហើយ លុយ​គឺ​រត់​តាមតែ​មនុស្ស​ដែល​មាន​ក្តី​ស្រមៃ​អស្ចារ្យ​។

ចំណុច​សំខាន់​ទី​៣ ៖ ចាយ​លុយ​ដើម្បី​ខួរក្បាល កុំ​ចាយ​ដើម្បី​ហ៉ឺ​រ​ហា ខ្ញុំ​ស្តាយ​មែនទែន ឃើញ​គ្នា​យើង​ខ្លះ​ពី​មុន​គាត់​ធ្លាប់​ខ្វះខាត ហើយ​អី​ឡូ​វ​គាត់​មិនដឹង​ជា​បាន​លុយ​មកពីណា​ទេ មក​ចាយវាយ​ហ៉ឺ​រ​ហា ចាយ​បែប​នឹង​គឺ​មិន​ត្រូវ​ទេ​។ យើង​គួរ​ចាយ​ដើម្បី​ខួរក្បាល​វិញ ជា​ពិសេស​គ្នា​យើង​ដែល​កំពុងធ្វើការ ប្រាក់ខែ​មិន​ច្រើន​ទេ ហើយ​យក​ទៅ​ហ៉ឺ​រ​ហា​។ ហ៉ឺ​រ​ហា​នឹង​ក៏​ព្រោះថា​យើង​គិត​ថា ហ៉ឺ​រ​ហា​ទៅ​ដើម្បី​ទាក់ទាញ​គេ មនុស្ស​ទាក់ទាញ​មិនមែន​ដោយសារ​ភាព​ហ៉ឺ​រ​ហា​នោះ​ទេ យើង​គ្រប់​គ្នា​គួរ​ដឹង មនុស្ស​ហ៉ឺ​រ​ហា​គឺ​ហ៉ឺ​រ​ហា​ខាងក្នុង មិនមែន​ហ៉ឺ​រ​ហា ដោយសារ​ឡាន មិនមែន​ហ៉ឺរ​ហា​ដោយសារ​នាឡិការ ឬ​ផ្ទះ​នោះ​ទេ គេ​ហ៉ឺ​រ​ហា​ដោយសារ​ចំណេះដឹង​គាត់ ជំនាញ​គាត់ ចិត្តគំនិត​គាត់ បេះដូង​គាត់​ខួរក្បាល​គាត់ ទាំងនេះ​ហើយ​ជា​ភាព​ហ៉ឺ​រ​ហា ដែល​ជា​ភាព​ទាក់ទាញ​ដែល​យើង​ទាំងអស់​គ្នា​គួរតែ​ចាយ​លុយ​ទៅ​លើ​។

ប្រសិនជា​យើង​មិន​ចាយ​លុយ​ទៅ​លើ​ខួរក្បាល​នោះ​ទេ យើង​ចាយ​យូរ​ៗ​ទៅ​វ័ណ្ឌក ហើយ​នៅ​ពេល​ដែល​វ័ណ្ឌក​នោះ លុយ​នឹង​គ្រប់គ្រង​ជីវិត​យើង​ហើយ​។ ចាយ​លុយ​ដើម្បី​ខួរក្បាល​គឺ​សំដៅ​ទៅ​លើ ការ​ទិញ​សៀវភៅ ចំណាយ​លើ​សៀវភៅ​ឱ្យ​ច្រើន ព្រោះថា​អាន​ច្រើន​មានគំនិត​ច្រើន ហើយ​គំនិត​នេះឯង​ដែល​ធ្វើ​ឱ្យ​យើង​កើន​លុយ​។ មួយវិញទៀត​ចំណាយ​លុយ​ក្នុង​ការ​ដើរ​កំសាន្ត​ទៅ​ក្រៅប្រទេស ដើម្បី​មើល​ឳ​កាស និង​គំនិតល្អ​ៗ​យក​មក​អភិវឌ្ឍន​ខ្លួនឯង ហើយ​អាច​ចំណ​យ​លុយ​ទៅ​លើ​សាលារៀន​ដែល​ជា​ប្រភព​ចំណេះដឹង រើស​ជំនាញ​ណា​ដែល​ត្រូវ​ជាមួយ​យើង​៕ ដោយ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ