រាជធានីភ្នំពេញ ៖ ទីបំផុត! មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញម្ចាស់ផេកឈ្មោះ Hokima និងអ្នកសម្ដែងរឿងទុំទាវ ក្នុងផេក Hokima ចូលខ្លួនទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅម៉ោង៩ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះជាកំហិត ក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ។
លោក ចំរើន វណ្ណថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ កុម្ភៈនេះ បានចេញលិខិតអញ្ជើញ ម្ចាស់ផេក និងអ្នកសម្ដែងរឿងទុំទាវ (២០២១) ចូលមកបំភ្លឺ ករណីថតកាឡៃរឿងទុំទាវ ដែលធ្វើអោយមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ និងប្រពៃណីជាតិ ។
លោក ចំរើនវណ្ណថា បានបញ្ជាក់ក្នុងលិខិតថា ប្រសិនបើពុំព្រមចូលមកបំភ្លឺទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមច្បាប់ ជាចាំបាច់ ។
ជាការកត់សម្គាល់កន្លងមក អ្នកខ្លះគិតតែពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ ឬមិនយកចិត្តទុកដាក់ដល់សង្គម ធ្វើអោយលើសលួសក្រមសីលធម៌នានា ធ្វើអោយប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិជាដើម រួចហើយ ចាំចេញសារសូមទោសជាសាធារណៈ តាមក្រោយ បន្ទាប់មក បើសិនជាមានចំណាត់ការពីសមត្ថកិច្ច ឫក្រសួងពាក់ព័ន្ធ បុគ្គលទាំងនោះ ចូលខ្លួនមកទទួលការអប់រំណែនាំ ជាការស្រេច ។ ទាំងនេះហើយ ទើបជនឆ្លៀតឱកាស មើលឃើញពីភាពធូររលុងនៃការអនុវត្តចាត់វិធានការផ្លូវច្បាប់របស់សមត្ថកិច្ចពាក់ព័ន្ធបែបនេះ ទើបចេះតែប្រព្រឹត្តល្មើសជាបន្តបន្ទាប់ ៕




ចែករំលែកព័តមាននេះ