ខេត្តកណ្តាល ៖ ចោរភេទទី៣ ម្នាក់ បានត្រូវនគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលយកកូនកាប៉ិតភ្ជង់ប្លន់អ្នកបើកផាស្អាប់ ដែលហេតុការណ៍នេះបានកើតឡើង នៅនៅវេលាម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុច លើផ្លូវគ្រួសក្រហម(ផ្លូវចុះទៅវត្តក្រពើហា) ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហឿន អ៊ូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុប មានទីលំនៅសព្វថ្ងៃភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ ជនសង្ស័យឈ្មោះ ណាក់ រតនា ហៅចាន់នី ភេទស្រី(ចរិកប្រុស) អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិជ្រៃ ឃុំជ្រៃ ស្រុកអញ្ចេក៣ ខេត្តបាត់ដំបង ។
នគរបាលស្រុកមុខកំពូលបានអោយដឹងថា កន្លងមកជនរងគ្រោះតែងតែមករត់ម៉ូតូឌុប នៅចំណុចផ្លូវបំបែកប្រាំព្យាមផ្លូវជាតិលេខ៦ ជារៀងរាល់ថ្ងៃ ហើយក៏មិនដែលស្គាល់ជនសង្ស័យដែរ ។ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីព្រឹក ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូចំណុចដែលខ្លួនរត់ឌុបខាងលើ ពេលនោះជនសង្ស័យ ឈ្មោះណាក់ រតនា បានជិះផាស្អេបមកដល់ ហើយឈប់សួរជនរងគ្រោះថា ម៉ូតូឌុបមែន?ជនរងគ្រោះឆ្លើយថា នឹងហើយម៉ូតូឌុប ហើយជនសង្ស័យបន្តថា បើអញ្ចឹងឌុបខ្ញុំទៅវត្តក្រពើហា(ហៅវត្តជ្រុងថ្ម) ស្ថិតនៅក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ភ្លាមនោះជនរងគ្រោះ ក៏បានឌុបជនសង្ស័យចុះតាមច្រកខ្លោងទ្វារវត្តក្រពើហា (ជាប់ខាងត្បូងស្ពានលេខ១៩) ឆ្ពោះទៅវត្តនៅទិសខាងលិចបានចម្ងាយពីផ្លូវជាតិប្រហែល៣គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហមដល់ចំណុចកើតហេតុ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ ភ្លាមនោះជនសង្ស័យក៏បានដកកូនកាំបិតចិតបន្លែខាងលើភ្ជង់កជនរងគ្រោះ គំរាមយកទូរស័ព្ទម៉ាក oppo ចំនួន០១គ្រឿង និងម៉ូតូខាងលើ ពេលនោះជនរងគ្រោះ បានអង្វរ ជនសង្ស័យថា សូមទុកជីវិត និងសុំឲ្យឌុបជូនមកផ្លូវជាតិវិញ ដោយជនរងគ្រោះប្រាប់ទៀតថា ចាំឲ្យប្រាក់ចំនួន១០ម៉ឺនរៀលបន្ថែមទៀត ។
បន្ទាប់មកជនសង្ស័យបានយល់ព្រម ហើយជនសង្ស័យក៏ឌុបជនរងគ្រោះឡើងមកតាមផ្លូវកៅស៊ូលេខ២៦១ ពេលមកដល់ផ្លូវជាតិលេខ៦ (ចំណុចផ្សារកំពុងប្រាសាទ) ឃុំស្វាយអំពារ ពេលនោះជនសង្ស័យបានសួរជនរងគ្រោះថា ទៅថ្នល់កែងតាមផ្លូវណា? ជនរងគ្រោះឆ្លើយកុហក់ថា បត់ខាងស្ដាំដៃទៅដល់ហើយ(គោលបំណងរបស់ជនរងគ្រោះមកចំណុចផ្លូវបំបែកប្រាំព្យាមដែលស្គាល់អ្នករត់ម៉ូតូឌុបដូចគ្នាច្រើន ដើម្បីអោយគេជួយ) ពេលនោះជនសង្ស័យ ក៏បើកម៉ូតូតាមការចង្អុលរបស់ជនរងគ្រោះ ពេលមកដល់ចំណុចប្រាំព្យាម ជនរងគ្រោះក៏បានលូកដៃកាច់សោម៉ូតូពន្លត់ ហើយលោតចុះពីលើម៉ូតូ ស្រែកហៅឱ្យគេឯងជួយដោយស្រែកថា ចោរៗ លឺដូច្នេះប្រជាពលរដ្ឋនៅទីនោះក៏បាននាំគ្នាជួយព័ទ្ធចាប់ជនសង្ស័យ រួចយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង និងដាក់ពាក្យបណ្ដឹង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតចាក់គំរាម យកម៉ូតូនឹងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះ ជំនាញ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ