ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងវិនិយោគជប៉ុននៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២,០១០ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន​ក្នុងចំនួនទឹកប្រាក់ប្រមាណ ១,១៣១ លានដុល្លារ…

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២,០១០ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន​ក្នុងចំនួនទឹកប្រាក់ប្រមាណ ១,១៣១ លានដុល្លារ និងនាំចូល មកវិញក្នុងចំនួនទឹកប្រាក់​ប្រមាណ ជាង ៨៧៩ លានដុល្លារ។ គិតត្រឹម ៦ ខែដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្​មទ្វេភាគី​​កម្ពុជា-ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លានដុល្លារ។

ការធ្វើពាណិជ្ជកម្មប្រទេសទំាងពីរគឺទំនិញដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែក​និងផលិតផលធ្វើអំពីស្បែក និងដែក ។ល។ ទំនិញដែល​នាំចូលពីជប៉ុនរួមមាន៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិច សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿង​បន្ទាប់បន្សំ ជាដើម។

បើគិតចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគរបស់ជប៉ុន នៅកម្ពុជា មានចំនួន១៣៧ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,៤៨៦ លានដុល្លារ។ ក្នុងឆ្នាំ២០១៩ វិនិយោគ មាន ៦ គម្រោង ដែលមានទឹកប្រាក់ចំនួន ២៩៩ លានដុល្លារ ក្នុងនេះ គម្រោងសាងសង់ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់ ២៨៩.៦លានដុល្លារ ហើយក្នុងឆ្នាំ២០២០ មាន ១ គម្រោង ដែលមានទឹកប្រាក់ចំនួន ៧.១៧លានដុល្លារ ភាគច្រើន គឺវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាវិត នាងកុក ប៉ោយប៉ែត និងក្នុង តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

នៅពេលមើលតួលេខដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មនេះ រវាងឆ្នាំ​២០១៩និងឆ្នាំ២០២០​គម្រោងវិនិយោគជប៉ុន​នៅកម្ពុជាបានធ្លាក់ចុះ​ពី៦គម្រោង​មកនៅ១គម្រោងប៉ុណ្ណោះ។មិនមានការបញ្ជក់ពីមន្រ្តីលើតួលេខ​ធ្លាក់ចុះនេះទេ។ ប៉ុន្តែដើម្បីជំរុញផលិតផលពីប្រទេសជប៉ុនលក់លើទីផ្សារកម្ពុជាឲ្យកាន់តែទូលំទូឡាយ នៅរសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការ JETRO របស់ជប៉ុនបាន ដាក់តាំងបង្ហាញទំនិញថ្មី ទំនិញជប៉ុន ក្រោមប្រធានបទ “ទំនិញល្អ ទំនិញជប៉ុន ២០២១ (Good Goods Japan 2021)” នៅក្នុងអគារប្រណិត Vattanac Capital Tower រាជធានីភ្នំពេញ។ ការតំាងបង្ហាញនេះធ្វើឡើង ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២១ដើម្បី​បើកច្រកទីផ្សារសម្រាប់ទំនិញជប៉ុនបានជ្រៀតចូលទីផ្សារកម្ពុជា ទោះស្ថិតក្នុង​ស្ថានភាពនៃវិបត្តិកូវីដ-១៩ ក្តី។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង​ពិធីបើក​សម្ពោធ​ការកម្មវិធីនេះលោកបានថ្លែងថា ទំនាក់ទំនងការទូតរវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និងប្រទេសជប៉ុនកើតឡើងតាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ រហូតមកដល់ ឆ្នាំ២០១៣ កន្លងទៅ កម្ពុជា និងជប៉ុនបានក្លាយជាដៃ​គូយុទ្ធសាស្រ្តនិងកិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅជាមួយគ្នា ហើយជប៉ុនបានជួយជ្រោម​ជ្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈ​ការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញវិស័យ​ទេសចរណ៍ និងវិនិយោគជាដើម។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឲ្យដឹងថាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យ​សេដ្ឋកិច្ច រវាងអាស៊ាន និង ជប៉ុន ជប៉ុនបានរៀបចំគម្រោងអភិវឌ្ឍសេដ្ឋកិច្ចចំនួន ៨៧ គម្រោង ក្នុងនោះ ៥៨ គម្រោង សម្រាប់ជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម លើវិស័យកសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ធានាគុណភាពទំនិញ ជំរុញវិនិយោគ កសាងបរិយាកាស អាជីវកម្ម បរិស្ថាន កសាងសមត្ថភាពមន្រ្តីរាជការ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរបស់​ប្រទេសក្រីក្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ