ខេត្តបាត់ដំបង ៖ បុរសភេទទី៣ម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនទៅប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ក្រោយពីឃាត់ខ្លួនតាមដីកា កាលពីរសៀលថ្ងៃទី ០២ កុម្ភៈ នៅតាមដងផ្លូវមួយកន្លែងនៅចំណុចភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ពីបទ «ឆបោក»។
លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនត្រូវចោទរូបនេះ ឈ្មោះពៅ វ៉ាន់ធី ហៅ លី អាយុ៦៥ឆ្នាំ (បុរសភេទទី៣) មានស្រុកកំណើតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកក្បាលរមាស ខេត្តកំពត តែបានមកស្នាក់នៅបណ្ដោះអាសន្ន និងប្រព្រឹត្តបទល្មើសនៅក្នុងខេត្តបាត់ដំបង។

លោកបានប្រាប់ថា ជននេះត្រូវបានឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលជាប់ចោទពីបទឆបោក ( យកប្រាក់ ខ្សែក និងម៉ូតូ ) ពីយុវជនចំនួន០៣នាក់ កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ។
នៅក្នុងព្រឹត្តិហេតុរបស់សមត្ថកិច្ច ជនត្រូវចោទឈ្មោះ ពៅ វ៉ាន់ធី ហៅ លី បានប្រព្រឹត្តបទល្មើសនេះ កាលពីថ្ងៃទី០៣ តុលា ឆ្នាំ២០២០ នៅពេលដែលខ្លួនបានស្នាក់នៅផ្ទះសំណាក់មួយកន្លែង នៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
នៅក្នុងគ្រានោះ បុរសភេទទី៣ រូបនេះបានទំនាក់ទមនងស្គាល់យុវជន០៣នាក់ ដោយសារឃើញយុវជនទាំងនោះ មានម៉ូតូជិះមានប្រាក់ មានពាក់គ្រឿងអល័ង្ការគ្រប់គ្នាផង។ នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ក្រោយពីជួបស្គាល់គ្នាបបុរសនេះ បានបង្ហាញពីភាពស្និតស្នាលយ៉ាងខ្លាំងជាមួយយុវជនទាំង៣នាក់ ដែលពេលនោះហើយធ្វើឲ្យជនភេទទី៣ នេះមានឱកាសបោកយកប្រាក់ ខ្សែក និង ម៉ូតូ ពីជនរងគ្រោះទាំង០៣នាក់បានយ៉ាងស្រូល។

លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បាននិយាយថា នៅពេលដែលក្រុមជនរងគ្រោះ និង ជនត្រូវចោទកំពុងមានទំនាក់ទំនងគ្នាយ៉ាងល្អូកល្អើន ជនត្រូវបានប្រើល្បិចគ្រប់បែបយ៉ាងលូងលោមជនរងគ្រោះឲ្យដើរលែងជាមួយ ទៅផ្សារទិញសម្លៀកបំពាក់ ទៅហូបអាហារជាមួយគ្នា ដើម្បីឲ្យជនរងគ្រោះមានទំនុកចិត្ត។ ប៉ុន្តែចុងក្រោយ បុរសភេទទី៣ រូបនេះបង្គាប់ឲ្យជនរងគ្រោះទាំង០៣នាក់ ដោះខ្សែកឲ្យខ្លួន ដោយអះអាងថា ខ្លួននឹងយកទៅធ្វើថ្មីធំៗជាងមុនឲ្យជនរងគ្រោះ លុះបានខ្សែក ប្រាក់ ដល់ដៃ ហើយក៏ខ្ចីម៉ូតូស៊េរីទំនើបរបស់ជនរងគ្រោះជិះទៀត ជននេះបានដាក់មេប្រូចទៅកាន់ស្រុកកំណើតបាត់ឈឹងតែម្ដង។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា ក្រោយពីដឹងថា ជនភេទទី៣នេះបោកប្រាស ជនរងគ្រោះទាំង០៣នាក់ ក៏នាំគ្នាដឹងពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ហើយលោកស្នងការខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញរបស់លោកធ្វើការស្រាវជ្រាវលើករណីនេះ ទើបកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជននេះតាមដីកា នៅពេលជននេះត្រឡបមកបង្ហាញមុខ នៅខេត្តបាត់ដំបង ជាថ្មី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះទាំង០៣នាក់នោះ ១ឈ្មោះ ដៀត វណ្ណៈ អាយុ១៦ឆ្នាំ អស់ខ្សែកប្លាទីនចំនួន១ខ្សែទម្ងន់០៣ជី ២ឈ្មោះ វុន សាវុធ អាយុ១៧ឆ្នាំ អស់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០មួយគ្រឿង និង ៣ឈ្មោះ វ៉ាត់ ភូវង្ស អាយុ១៧ឆ្នាំ អស់៥,៥៩៩លានរៀល។ ព៉ុន្តែបន្ទាប់ពីត្រូវចាប់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ចំនួន០២គ្រឿង ដែលមួយគ្រឿងជារបស់ជនរងគ្រោះ និង មួយគ្រឿងទៀតជារបស់ជនត្រូវចោទ។
យ៉ាងណាក៏ដោយ ក្រោយពីសួរនាំបឋមនៅស្នងការខេត្ត ពេលនេះកម្លាំងការិយាល័យជំនាញ ខាងលើបានបញ្ជួនជនត្រូវចោទរូបនេះ ទៅប្រគល់ជួនតំណាងអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ហើយ រីឯម៉ូតូមួយគ្រឿងដែលជារបស់ជនរងគ្រោះក៏ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕
ចែករំលែកព័តមាននេះ