អ្នកជំនួញរថយន្តបានលើកឡើងថាវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ បានធ្វើឲ្យប្រទេសជិតខាងកម្ពុជា មានការធ្លាក់ចុះការប្រើប្រាស់រថយន្តពី ពី៤០ទៅ៥០% ។ប៉ុន្តែសម្រាប់កម្ពុជាមានការធ្លាក់ចុះប្រមាណតែ៣០% ប៉ុណ្ណោះ។ គេរំពឹងថានៅពេលកម្ពុជាប្រើប្រាស់វ៉ាក់សំាងកូវីដ១៩លើពលរដ្ឋ ជំនួញរថយន្តនឹងមានកំណើនឡើងវិញ ពិសេសកំណើតទៅលើការប្រើប្រាស់រថយន្តថ្មីរបស់ពលរដ្ឋខ្មែរតែម្តង។

កាលពីឆ្នាំ២០២០ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាចំនួនយានយន្តនៅក្នុងទីក្រុងនេះ បានកើនឡើងយ៉ាងគំហុក។ កាលនោះគេដឹងថា យានយន្តមានចំនូន ២,៤៧៤,៤៦៥គ្រឿង ក្នុងនោះរថយន្តមានចំនួន៥០៨ ១៤៣គ្រឿង និងទោចក្រយានយន្តមានចំនួន១,៩៦៦,៣២២គ្រឿង។កំណើននៃការប្រើប្រាស់យានយន្តបែបនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយធ្វើឲ្យភ្នំពេញមានការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃ ហើយការចតយានយន្តនៅក្នុងទីក្រុងនេះមិនមានគ្រប់គ្រាននោះឡើយ។ ស្ថាប័ន អង្គភាព កន្លែងលក់ដូរជាច្រើនគ្មានចំណតរថយន្ត។ រថយន្តជាច្រើនបានចតនៅលើចិញ្ចើមផ្លូវ។ទើបតែរយៈពេលចុងក្រោយនេះទេ គេរដ្ឋាភិបាលបានផ្តើមបង្កើតចំណតរថយន្តនៅក្រោមដីតាមសួនច្បារមួយចំនួន។

ជាមួយកំណើនការប្រើប្រាស់យានជំនិះបែបនេះ មានការសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរបានងាកមកប្រើប្រាស់រថយន្តថ្មីចេញពីរោងចក្រ កើនឡើងផងដែរ។ ពលរដ្ឋកម្ពុជាភាគច្រើនបានប្រើប្រាស់រថយន្តដែលគេប្រើរួចហើយនាំចេញពីសហរដ្ឋអាមេរិក ជប៉ុននិងសាធារណកូរ៉េ។ លោក ងន សំាង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនRMA ប្រចំានៅកម្ពុជាបានឲ្យដឹងថា «យើងសង្កេតឃើញពីមួយឆ្នាំទៅមួយឆ្នំាចំនួនអ្នកប្រើប្រាសរថយន្តថ្មីមានការកើនឡើងជាប្រចំា។ បើយើងត្រលប់ថយក្រោយ៦ឆ្នំាមុន មានប្រហែល១០% ។ប៉ុន្តែចូលមកដល់ឆ្នំា២០២០មកនេះឡើងជាង២០%ហើយ មានន័យថាចំនួនអ្នកប្រើប្រាស់រថយន្តចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការប្រើរថយន្តជជុះថយចុះពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នាដែរ»។

សូមជម្រាបថាបច្ចុប្បន្នពលរដ្ឋជាច្រើនបាននិយមទិញរថយន្តបង់រំលោះ មិនថាសម្រាប់រថយន្តថ្មីឬរថយន្តមួយទឹកនោះទេ។ កន្លែងលក់រថយន្តថ្មីនិងរថយន្តចាស់នៅភ្នំពេញភាគច្រើនបានប្រកាសលក់រថយន្តជាមួយសេបវាបង់ប្រាក់រំលោះ ។ អ្នកលក់រថយន្ត ជាច្រើនអះអាងថាការទិញរថយន្តបង់រំលោះមានកំណើនខ្លំាង រថយន្តដែលលក់ដាច់សឹង១០០% អតិថជនបង់រំលោះ នេះបើតាមការឲ្យដឹងពីកន្លែងលក់រថយន្តធំមួយនៅលើកំណាត់ផ្លូវ២៧១៕ រាយការណ៍បន្ថែម ដោយឡុង សារ៉េត។
ចែករំលែកព័តមាននេះ