ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ឧបត្ថម្ភ​ថវិកា​ជិត​១៥​លាន​រៀល សម្រាប់​កសាង​របង​សាលា​បឋម​ស​កំពង់​រលីង

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ថវិកា​ចំនួន​ជិត​១៥​លាន​រៀល ត្រូវ​បាន​លោកស្រី ប៉ា​ង ដា​នី អភិបាលរង​ខេត្ត យក​មក​ប្រគល់​ជូន​គណៈកម្មការ​ទ្រទ្រង់​សាលារៀន​បឋម​សិក្សា​កំពង់​រលីង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស…


ខេត្តកំពង់ចាម ៖ ថវិកា​ចំនួន​ជិត​១៥​លាន​រៀល ត្រូវ​បាន​លោកស្រី ប៉ា​ង ដា​នី អភិបាលរង​ខេត្ត យក​មក​ប្រគល់​ជូន​គណៈកម្មការ​ទ្រទ្រង់​សាលារៀន​បឋម​សិក្សា​កំពង់​រលីង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ ដោយ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៣ កុម្ភៈ ២០២១ ដើម្បី​កសាង​របង​បេតុង ឱ្យ​រឹង​មាំ និង​ចៀសវាង​មិន​ឱ្យ​សត្វពាហនៈ​ចូល​ក្នុង​បរិវេណ​សាលា ដើម្បី​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​។

លោក ហ៊ា​ង ម៉ៅ នាយក​សាលា​បឋម​សិក្សា​កំពង់​រលីង បាន​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ​លោក​ជំទាវ ញ៉ូ​ង ចរិយា​-​អ៊ុ​ន ចាន់​ដា ដោយ​មើលឃើញ​សាលា​មានការ​ខ្វះខាត ក៏​បាន​រួមចំណែក​កសាង​ខ្លោងទ្វារ ច្រកចូល​ខាង​មុខ ដែល​មើលទៅ​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​។ ជាក់ស្ដែង​កន្លង​ទៅ​ថ្មី​ៗ​បាន​រៀបចំ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ចាប់ពី​ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​បឹង​បា​សាក់ រហូត​មក​ដល់​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម មាន​ប្រវែង​៦.៥០០​ម៉ែត្រ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​។

ថវិកា​ដែល​ទទួល​បាន​រូប​លោក និង​គណៈកម្មការ​ទ្រទ្រង់​សាលា​ចាត់ចែង​ឲ្យ​ចំ​គោលដៅ​។ លោកនាយក​សាលា​បឋម​សិក្សា​កំពង់​រលីង រៀបរាប់​បន្ត​ថា ដោយសារ​តែ​សាលា​របស់​លោក ស្ថិត​នៅ​ជាយក្រុង​កំពង់ចាម ស្រប​ពេល​ដែល​កំពុង​តែ​ខ្វះខាត​ផង​នោះ​ក៏​បាន​ស្នើ​សុំ​ត្រង់​ទៅ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​។ ជាមួយ​នោះ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ ក្នុង​ការ​ផ្ដល់​ថវិកា​ជិត​១៥​លាន​រៀល សម្រាប់​កសាង​របង​បេតុង​សាលារៀន​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ កុម្ភៈ​ត្រូវ​បាន​លោកស្រី ប៉ា​ង ដា​នី អភិបាលរង​ខេត្ត បាន​នាំ​យក​ថវិកា​របស់​ឯកឧត្តម​អភិបាលខេត្ត មក​ប្រគល់​ជូន​គណៈកម្មការ​ទ្រទ្រង់​សាលា​។

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ពិតជា​មានការ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ដោយ​មិន​គិត​ថា​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​នោះ​ទេ ក្នុង​ការ​លើកកម្ពស់​ការ​សិក្សា​ឲ្យ​មានការ​រីក​ចម្រើន​ឆ្ពោះទៅ​មុខ​។ ពី​មុន​ផ្លូវ​ដី​កាត់​តាម​មុខ​សាលារៀន​នៅ​ក្នុង​រដូវវស្សា​បែក​ភក់ និង​រដូវប្រាំង​ហុយ ហើយ​ថែម​ទាំង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​ផង​។ ដូច្នេះ​មិនយូរ​នោះ​ទេ​ផ្លូវ​ក្រាល​កៅស៊ូ​ឡើង​រលោង​ស្អាត និង​លេច​រូបរាង គឺ​រឹតតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​មក​ក្រុង​កំពង់ចាម ជាមួយ​នោះ​ក៏​សូម​អរគុណ​ដល់​សប្បុរសជន​ទាំង​នៅ​ទី​ជិត​ទី​ឆ្ងាយ​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​បំពាក់​អំ​ពូ​ល​ប្រើ​ពន្លឺព្រះអាទិត្យ​ដាក់​នៅ​តាម​ដងផ្លូវ​។

នាយក​សាលា​កំពង់​រលីង​បញ្ជាក់​ថា សមិទ្ធិ​ផល​នានា​នៅ​ក្នុង​សាលា​គឺ​មានការ​រួមចំណែក​ពី​សប្បុរសជន​ជប៉ុន អាណិកជន​ខ្មែរ​នៅ​ប្រទេស​អូ​ទ្រី​ស បាន​ជួយ​បង្ហើយ​កសាង​ទីចាត់ការ ដើម្បី​សម្រួល​ដល់​លោកគ្រូ​អ្នកគ្រូ​ងាយស្រួល​ធ្វើការ​។ ដោយឡែក​សំណង់​អគារសិក្សា​មួយ​ខ្នង​ប្រក់​ស៊ី​ប្រូ​ស៊ីម៉ង់ត៍​បាន​ធ្លុះធ្លាយ ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក​បណ្ដាល​ឱ្យ​លិច​ចូល​ក្នុង​បន្ទប់​ថ្នាក់រៀន​។ តាំង​នាម​គណៈ​គ្រប់គ្រង​សាលា​បឋម​សិក្សា​កំពង់​រលីង ស្នា​ដល់​សប្បុរសជន​មេត្តា​ជួយ​ថវិកា ដើម្បី​ប្រក់​ដំបូល​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​សិស្ស​បាន​រៀន​ស្រួល​ក្នុង​រដូវវស្សា ហើយនឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​សាលារៀន​នេះ​មាន​អនាម័យ​ប្រកបដោយ​បរិស្ថាន​ល្អ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ