ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយបានប្រើអំពើហឹង្សាលើម្ចាស់ផ្ទះ។ ជនសង្ស័យនោះ ជាអ្នកប្រើប្រាស់សារធាតុញៀនថែមទៀត។
ប៉ូលិសបាន នាំយកទៅសួរ នៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការខេត្ត។
ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង នៅម៉ោង ២១ និង ០០ នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងក្រុងសៀមរាប។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ នឿន សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មិនមានរបរអ្វីទេ បច្ចុប្បន្ន រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងខេត្តសៀមរាប។ យុវជននេះ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ( ប្រើអំពើហឹង្សា ) និងប្រើប្រាស់សារធាតុញៀន កាលពីវេលាម៉ោង ១៥ និង ២០ នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
លោក សុខ ម៉េងអ៊ាង បានបន្តថា ជនរងគ្រោះ ឈ្មោះ អុក ស្រីដែន ភេទស្រី អាយុ ២១ឆ្នាំ ជានិស្សិត រស់នៅភូមិកើតហេតុខាងលើ។
លោកប៉ូលិសបន្តថា នៅវេលាម៉ោង ១៥ និង ២០ នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ខណៈពេលដែលជនរងគ្រោះ កំពុងនៅក្នុងផ្ទះម្នាក់ឯង ស្រាប់តែជនសង្ស័យ ឈ្មោះ នឿន សម្បត្តិ បានផ្លោះរបងចូលក្នុងផ្ទះរបស់ជនរងគ្រោះ ហើយវ៉ៃជនរងគ្រោះជាច្រើនដៃ និងចាប់ច្របាច់ក បណ្ដាលឱ្យជនរងគ្រោះ ដួលសន្លប់ បន្ទាប់មកជនសង្ស័យ បានលួចយកទូរស័ព្ទរបស់ជនរងគ្រោះ ចំនួន២ គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក vivo ពណ៌ខៀវ ០១គ្រឿង និងប្រាក់ខ្មែរ ៨ម៉ឺនរៀល។ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ប៉ូលិសបានស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់វេលាម៉ោង ២១ និង ០០ នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នឿន សម្បត្តិ យកមកសាកសួរ។
ជនសង្ស័យ ឈ្មោះ នឿន សម្បត្តិ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ បច្ចុប្បន្ននេះ រូបគេ កំពុងប្រើប្រាស់សារធាតុញៀន។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ប៉ូលិសបានដកហូតវត្ថុតាង រួមមាន: ទូរស័ព្ទ ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ដែលជារបស់ជនរងគ្រោះ និងកង់ចំនួន ១ គ្រឿង ដែលជារបស់ជនសង្ស័យ ជិះទៅធ្វើសកម្មភាព។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការ តាមផ្លូវច្បាប់។ ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះ ត្រូវបានប៉ូលិស ប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ៖ ច័ន្ទ រស្មី





ចែករំលែកព័តមាននេះ