រាជធានីភ្នំពេញ ៖ តាមការគ្រោងទុកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ តុលាការបានលើកយកសំណុំរឿង រ៉ុង ឈុន និងបក្ខពួក ពាក់ពន្ធពីបទ ញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មកបើកសវនាការជំនុំជម្រះទោស ប៉ុន្តែសវនាការនេះ ក្រោយពីប្រើពេលវេលាសាកសួរ ដេញដោលជាច្រើនម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសលើកពេលសវនាការ ទៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខទៀត ។
អ្នកសង្កេតការ បានពិនិត្យឃើញថា កម្មវិធីសវនាការព្រឹកនេះ ខាងអនុរក្ស័ពន្ធនាគារ មណ្ឌអប់រំកែប្រែម១ និងម២ ព្រៃស បានដឹកជនជាប់ចោទ៤នាក់ ដែលមានឈ្មោះ រ៉ុង ឈុន, សួង សុភណ្ឌ, តុន និមល និងឈ្មោះ ស កណិកា មកកាន់សាលសវនាការដើម្បីជំនុំជម្រះ ។ ក្នុងនោះ ក៏មានតំណាងអង្គទូត អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានតាមស្ថាប័នផ្សេងៗ ចូលរួមស្តាប់ដូចកន្លងមកដែរ ។
ចំណែកនៅក្រៅបរិវេណសាលាដំបូងវិញ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរក្សារបៀបរៀបរយ មិនធ្វេសប្រហែសនោះឡើយ ។ យ៉ាងណាក្តី ក៏មានអ្នកគាំទ្រក្រុម (ច្រាយ នីម) និងអង្គការសិទ្ធិមនុស្សឃ្លាំមើល(UN, អាដហុក) និងអ្នកសារព័ត៌មាន នៅតាមប្រមាញ់ ខ្លាចកើតមានហេតុការអាក្រក់ណាមួយ កើតឡើងដែរ ប៉ុន្តែសភាពការទូទៅ រហូតចប់សវនាការ ពុំមានអ្វីកើតឡើងនោះទេ ។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងមក សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងពាក់ព័ន្ធពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មកបើកសវនាការជំនុំជម្រះម្តងរួចហើយ និងក្រោយពីការសាកសួរ ដេញដោលអស់ពេលជាច្រើនម៉ោង ចប់ម៉ោងរដ្ឋបាល ប្រធានក្រុមប្រឹក្សាបានលើកពេលបន្តសវនាការមកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ សវនាការលើមុននោះ មានជនត្រូវចោទចំនួន៤នាក់ ត្រូវបាននាំមកឈរមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការធ្វើការសាកសួរដេញដោល ។
សវនាការនេះ ដឹកនាំដោយលោក លិ សុខា ចៅក្រមជំនុំជម្រះ និងតំណាងអយ្យការគឺលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនត្រូវចោទ៤នាក់នោះរួមមាន ៖ ១ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា, ២ លោក សួង សុភណ្ឌ ប្រធានគណៈបក្សខ្មែរ, ៣ លោក តុល និមល និង៤ អ្នកស្រី ស កណិការ ដែលជនត្រូវចោទសុទ្ធតែមានមេធាវីការពារក្តីរៀងខ្លួន ហើយក៏មានការចូលរួមតាមដានពីសំណាក់តំណាងអង្គទូត និងអង្គការសង្គមស៊ីវិលប្រមាណ១៥នាក់ និងអ្នកសារព័ត៌មាន៥នាក់ ផងដែរ ។
សូមបញ្ជក់ទៀតថា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលក្រុងភ្នំពេញចាប់ខ្លួននៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈ ឲ្យអាជ្ញាធរចាត់វិធានការចំពោះ លោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ច របស់លោកទៅកាន់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយ នៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់នេះថា រូបលោកបានចែករំលែកព័ត៌មានមិនពិត តាមរយៈសេចក្ដីថ្លែងការណ៍ជាសាធារណមួយ កាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងករណី ប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន ៕
ចែករំលែកព័តមាននេះ