ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះខ្លះៗ ដើម្បីជំនួយអ្នកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​ហេតុ​អ្វី​បានជា​អ្នក​ត្រូវធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន? តើ​អ្នកមាន​គោលដៅ ដើម្បី​សម្រេច​ផែនការ​ហិរញ្ញវត្ថុ​តាម​របៀប​ណា? ចុះ​ស្ថានភាព ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន​យ៉ាងដូចម្តេច? តើ​អ្នក​ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បែប​ណា​ដើម្បី ឱ្យ​មាន​ភាព​បត់បែន​ទៅ​តាម​ស្ថានការណ៍​សព​ថ្ងៃ ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួប​នូវ​វិបត្តិ​កូ​វី​ដ​១៩​នោះ​។…

រាជធានី​ភ្នំពេញ ៖ តើ​ហេតុ​អ្វី​បានជា​អ្នក​ត្រូវធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន? តើ​អ្នកមាន​គោលដៅ ដើម្បី​សម្រេច​ផែនការ​ហិរញ្ញវត្ថុ​តាម​របៀប​ណា? ចុះ​ស្ថានភាព ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន​យ៉ាងដូចម្តេច? តើ​អ្នក​ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បែប​ណា​ដើម្បី ឱ្យ​មាន​ភាព​បត់បែន​ទៅ​តាម​ស្ថានការណ៍​សព​ថ្ងៃ ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួប​នូវ​វិបត្តិ​កូ​វី​ដ​១៩​នោះ​។

តើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មាន​ន័យ​ដូច​ម្តេច?
លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ បានឱ្យ​ដឹង​ថា ៖ «​តាម​បទ​ពិសោធ​ន័​និង​ការ​រស់នៅ​របស់ខ្ញុំ គឺ​ពេល​ណា​យើង​និយាយ​ពី​ហិរញ្ញវត្ថុ ចង់​សំដៅ​ទៅ​លើ​បុគ្គល ដែល​បាន​ឆ្លងកាត់​ការ​អប់រំ​ផ្នែក​ខាង​ហិរញ្ញវត្ថុ នៅ​តាម​ស្ថាប័នរដ្ឋ​ឬ​ក៏​ជា​អង្គការក្រៅរដ្ឋាភិបាល ឬ​ក៏​ជា​ក្រុមហ៊ុន ប៉ុន្តែ​ជីវិត​រស់នៅ​របស់​យើង ជា​ទូទៅ​មនុស្ស​ខ្លះ​តែងតែ​ប្រឈម​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយ​យើង​មិន​បាន​ចាប់អារម្មណ៍ យើង​តែងតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ក្នុង​គ្រួសារ ឬ​ក៏​ភាព​ផ្ទាល់ខ្លួន​របស់​យើង ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា​នៅ​ក្នុង​គ្រួសារ​មួយ ឬ​ក៏​ខ្លួនឯង​ជា​បុគ្គល​នឹង​មាន​បច្ចេកទេស​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែរ ហើយ​យើង​មិន​បាន​សិក្សា​ស្វែង​យល់​ទៀត​»​។

លោក​បាន​បន្ត​ថា «​ខ្ញុំ​ចង់​ជម្រាប​ជូន​ផង​ដែរ​ថា ពាក្យ​ថា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នេះ គឺ​វា​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​បរិបទ​ប​ស្ចឹ​ម​ប្រទេស គឺ​ទោះបី​ប្តី​ប្រពន្ធ​គេ​មានការ​ចាត់ចែង​លុយកាក់ រក​ចំណូល​ចំណាយ​ទាំងអស់​នឹង​គឺជា​លក្ខណៈ​បុគ្គល​ដាច់​ដោយឡែក ប៉ុន្តែ​នៅ​ក្នុង​បរិបទ​វប្បធម៌​របស់​ខ្មែរ​យើង គឺ​កាលណា​យើង​ក្លាយជា​គ្រួសារ​មួយ គឺ​មាន​ន័យ​ថា​ក្លាយជា​អង្គភាព​សេដ្ឋកិច្ច​មួយ ឧទាហរណ៍​ថា​ចំណូល​ដែល​រកបាន​ពី​ប្តី​ប្រពន្ធ ឬ​ក៏​កូន​នឹង​គឺ​ភាគច្រើន​ជា​ចំណូល​របស់​គ្រួសារ រួច​ហើយ​បាន​យើង​ចំណាយ​ទៅ​តាម​មុខងារ ដែល​បាន​បែងចែក​ទៅ​ផ្នែក​ផ្សេង​ៗ​គ្នា ដូចនេះ​ហើយ​វា​បាន​ទាមទារ​ឱ្យ​យើង​សិក្សា​ស្វែង​យល់ ពី​បរិបទ​ផ្សេង​គ្នា​ពី​របៀបរបប​នៃ​ការ​រស់នៅ​ផ្សេង​គ្នា ឬ​ក៏​ប្រភព​ចំណូល​ផ្សេង​គ្នា ថា​តើ​យើង​គួរ​គ្រប់គ្រង​ចាត់ចែង​យ៉ាងដូចម្តេច ដើម្បី​ឱ្យ​វា​មាន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​ផ្លូវការ​ដែរ​»​។

ជា​ទូទៅ​នៅ​ប្រ​ទស​កម្ពុជា មានមុខ​របរ​នៅ​ក្នុង​គ្រួសារ ភាគច្រើន​គេ​ហៅ​ថា មុខរបរ​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ ហើយ​អ្វី​ដែល​ជា​កង្វះខាត​របស់​ម្ចាស់​អាជីវកម្ម​ឬ​ក៏​សមាជិកគ្រួសារ គាត់​មិនសូវ​បាន​បែងចែក​ដាច់ រវាង​ហិរញ្ញវត្ថុ​របស់​អាជីវកម្ម និង​ហិរញ្ញវត្ថុ​របស់​គ្រួសារ​នោះ​ទេ​។ ពួក​គាត់​ច្រើន​ដាក់​ច្របូកច្របល់​គ្នា ឧទាហរណ៍​ថា ត្រូវ​ដក​ចំណូល​មួយ​ចំនួន​យក​មក​បង់ថ្លៃ​សាលា​កូន ដោយ​មិន​បាន​បែងចែក​មាន​បញ្ជីស្នាម​ច្បាស់លាស់ ឬ​ក៏​ដក​ចំណូល​មួយ​ចំនួន​ទៅ​កំសាន្ត​នៅ​បរទេស ដូច​វា​អាច​ហួស​កម្រិត​ដែល​គាត់​អាច​មាន​លទ្ធភាព​ចំណាយ​។ ចំណុច​នេះ​មាន​ន័យ​ថា នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ គួរ​តោង​ញែក​ឱ្យ​ដាច់ ហើយ​ការ​ញែក​មិន​ដាច់​នេះ​វា​ធ្វើ​ឱ្យ​គាត់​មាន​បញ្ហា​ប្រឈម​ជាមួយនឹង​លំហូរ​សាច់ប្រាក់ ឬ​ក៏​រកស៊ី​យូរ​ៗ​ទៅ​បាត់​ដើម ដោយសារ​យើង​ញែក​មិន​ដាច់​នេះឯង​។

តើ​យើង​ត្រូវ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​យ៉ាងដូចម្តេច?
លោក ង៉ែត ជូ បាន​ចែករំលែក​ដោយ​លើក​ជា​សំណួរចំលើយ​ដូចនេះ​ថា​៖
របៀប​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ដោយ​កំណត់​នូវ​ចំណុច​សំខាន់​ៗ​ចំនួន​៣​គឺ​៖

១) អ្នក​កំពុង​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​បែប​ណា?
អ្នក​ត្រូវ​យល់​អោយ​បាន​ច្បាស់​នូវ​ប្រភព​ចំណូល ទំហំ​ចំណូល ការ​ចំណាយ ទំហំ​នៃ​ការ​ចំណាយ បំណុល ចំនួន និង​តម្លៃ​ទ្រព្យសម្បត្តិ​ដែល​អ្នក​កំពុង​មាន​។​ល​។

២) អ្នក​ចង់​សំរេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​បែប​ណា​នា ពេល​អនាគត​ជាក់លាក់​ណាមួយ?
ឧទាហរណ៍​ថា​អ្នកមាន​អាយុ​២៥​ឆ្នាំ អ្នកមាន​គោលបំណង​ចង់​ចូល​និវត្តន៍​នៅ​អាយុ​៤៥​ឆ្នាំ​ជាមួយនឹង​ទ្រព្យសម្បត្តិ​ចំនួន​១​លាន​ដុល្លា​។ និង​លំហូរ​សាច់ប្រាក់​ប្រចាំខែ​៥​ពាន់​ដុល្លា​ក្នុង​១​ខែ​។

៣) ហើយ​ថា​តើ​អ្នក​នឹង​សំរេច​គោលដៅ​នោះ​យ៉ាងដូចម្តេច?
ប្រសិនបើ​អ្នកមាន​គោលដៅ​ដូច​ឧទាហរណ៍​ក្នុង​ចំណុច​ទី​២​ខាងលើ អ្នក​ប្រហែលជា​អាច​សំរេច​គោលដៅ​នោះ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដោយ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន ដើម្បី​ធ្វើការ​មាន​តួនាទី​ល្អ និង​ប្រាក់ខែ​ច្រើន​។ រួច​សន្សំ​ប្រាក់ខែ ឬ​ខ្ចីប្រាក់​ពី​ធនាគារ​យក​ទៅ​វិនិយោគ​លើ​អាជីវកម្ម អចលនទ្រព្យ ឬ​ផ្សារ​ហ៊ុន​ដើម្បី​បង្កើន​ទ្រព្យ​តាម​គោលដៅ​ដែល​អ្នក​ចង់​សំរេច​បាន​។ ធ្វើ​ដូច្នេះ​ប្រកបដោយ​បញ្ញា និង​ភាព​អត់ធ្មត់ នោះ​អ្នក​នឹង​សំរេច​បាន​គោលដៅ​ជាក់​ជា​មិន​ខាន​៕ ដោយ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ