រាជធានីភ្នំពេញ ៖ មានករណីស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរខាងប្រទះឃើញបាត់បង់ជីវិតក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ដោយសពមានសភាពហើមស្អុយរលួយទៅហើយ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ ឈុត និត អាយុ៣៦ឆ្នាំ ជាកម្មករក្រុមហ៊ុនស៊ិនទ្រី ផ្នែកបោសជូត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ស្ត្រីរងគ្រោះរូបនេះធ្លាប់មានប្តី២នាក់រួចមកហើយ ដោយមានកូនចំនួន៣ក្នុងបន្ទុកគ្រួសារផងដែរ ។ បច្ចុប្បន្នស្ត្រីរងគ្រោះស្នាក់នៅតែម្នាក់ឯង បន្ទាប់ពីប្តីទី៣របស់ស្ត្រីរងគ្រោះបានចុះចោលគាត់អស់រយៈពេល៣ខែកន្លង មកហើយ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ដោយស្ត្រីរងគ្រោះក៏កំពុងពរពោះកូនក្នុងផ្ទៃ៥ខែផងដែរ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរបន្ទប់ជួលរបស់ស្ត្រីរងគ្រោះខាងលើនោះបានប្រាប់ឱ្យដឹងថា អស់រយៈពេល២ថ្ងៃកន្លងមកនេះ ចេះតែមានក្លិនស្អុយ ដោយមិនដឹងសាយភាយមកពីណាឡើយ ។ លុះយប់ថ្ងៃទី២ មករា ម្សិលមិញនេះ ក្រុមក្មេងៗតូចៗបាននាំគ្នាអើតមើលតាមប្រហោងបង្អួចបន្ទប់ស្ត្រីរងគ្រោះ ក៏បានឃើញនាងដេកផ្ញារ និងមានឈាមហូរជាច្រើនផងដែរ ។ បន្ទាប់ពីឃើញបែបនេះ ក្រុមក្មេងៗទាំងនោះ បានរត់ទៅប្រាប់ឪពុកម្តាយដែរ ប៉ុន្តែពុំមាននណារជឿឡើយ ។
តាមប្រភពដដែលបានបន្តថា លុះព្រឹកថ្ងៃទី៣ មករា ចេះតែធុំក្លិនស្អុយកាន់តែខ្លាំងទៅៗ ក្រុមឪពុកម្តាយក្មេងៗទាំងនោះបានរាយការណ៍ទៅម្ចាស់បន្ទប់ជួល តាមសម្តីរបស់កូនៗដែលបានប្រាប់នោះ ដើម្បីអោយម្ចាស់ផ្ទះជួលចូលទៅពិនិត្យមើលថាតើពិតជាមានករណីដូចដែលក្មេងៗបានឃើញ ឬយ៉ាងណា ?
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីម្ចាស់ផ្ទះជួលបានទទួលព័ត៌មានបែបនេះហើយ ក៏រាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីគាស់ទ្វារបន្ទប់ជួលចូលទៅពិនិត្យមើលទាំងអស់គ្នា ព្រោះបន្ទប់នោះត្រូវចាក់សោ.ពីខាងក្នុង ។ លុះពេលកម្លាំងនគរបាល និងក្រុមអាជ្ញាធរសង្កាត់ទៅដល់ ក៏បាននាំគ្នាគាស់ទ្វារបន្ទប់ចូលទៅខាងក្នុង ស្រាប់តែប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លា.ប់ប្រាកដមែន ដោយសពមានសភាពស្អុយរលួយ និងប្រឡាក់ពេញទៅដោយឈាម ។
តាមប្រភពព័ត៌មានពីក្រុមអ្នកជួលផ្ទះក្បែរនោះបានអោយដឹងទៀតថា កាលពីប៉ុន្មានថ្ងៃកន្លងទៅ ស្ត្រីរងគ្រោះធ្លាប់បានដើរប្រាប់អ្នកជិតខាងថា នាងនឹងលេបថ្នាំទ.ម្លា.ក់កូនចោល ប៉ុន្តែចំពោះមូលហេតុនៃការចង់ទ.ម្លា.ក់កូនចោលនោះ គឺនាងមិនបានប្រាប់ឡើយ ។ លុះ២ទៅ៣ថ្ងៃក្រោយមក ក៏បាត់ស្ត្រីរងគ្រោះឈឹងតែម្តង ដោយមិនដឹងថា នាងនៅក្នុងបន្ទប់ ឬរវល់ចេញទៅក្រៅឡើយ ព្រោះទាំងម្ចាស់ផ្ទះជួល និងអ្នករស់នៅបន្ទប់ក្បែរនោះ មិនបានឃើញស្ត្រីរងគ្រោះឡើយ ហើយក៏មិនបានចាប់អារម្មណ៍ថា ស្ត្រីរងគ្រោះបាត់ខ្លួនដែរ ។ លុះក្រោយមក ដោយសារតែធុំក្លិនស្អុយ ទើបឈានដល់ការគាស់ទ្វារបន្ទប់ជួល ទើបដឹងថាស្ត្រីរងគ្រោះបាត់បង់ជីវិតទៅហើយ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលផ្នែកកោសល្យវិច្ច័យ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យរកមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រីរងគ្រោះ ។ ក្រោយការពិនិត្យយ៉ាងល្អិតល្អន់រួចមក នគរបាលជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះបាត់បង់ជីវិតដោយសារការបាត់បង់ឈាមច្រើនពេក ព្រោះតែនាងលេបថ្នាំទ.ម្លា.ក់កូន ។ បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចពុំអាចទំនាក់ទំនងទៅសាច់ញាតិរបស់ស្ត្រីរងគ្រោះបានឡើយ ក៏សម្រេចដឹកយកទៅកាន់វត្តទឹកថ្លា ដើម្បីបូជាតាមប្រពៃណីនៅទីនោះតែម្តង ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ គេក៏សង្កេតឃើញវត្តមានប្តីទី៣របស់ស្ត្រីរងគ្រោះបានមកដល់ទីតាំងកើតហេតុ តាមការហៅមកសួរនាំពីសំណាក់សមត្ថកិច្ចផងដែរ ។ លុះពេលសមត្ថកិច្ចធ្វើការសួរនាំរួច បុរសរូបនោះក៏ចាកចេញទៅវិញ ដោយមិនបានដឹងឮជុំវិញការបាត់បង់ជីវិតរបស់ស្ត្រីរងគ្រោះជាប្រពន្ធឡើយ ព្រោះពួកគាត់បានបែកបាក់គ្នាអស់រយៈពេល៣ខែកន្លងមកហើយ ៕









ចែករំលែកព័តមាននេះ