រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីដឹកម៉ូយទៅពីរបីកន្លែងមិនបានប្រយ័ត្ន ក៏ចាញ់បោកជនសង្ស័យអស់ទូរស័ព្ទដៃមួយគ្រឿង និងលុយ៧ម៉ឺនរៀលទៀត លុះកន្លងទៅជិតកន្លះខែ ទើបជួបម្តងទៀត ក៏ប្តឹងសមត្ថកិច្ចយកទៅសួរនាំកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវកម្ពុជាក្រោម នៅចំណុចក្បែរនឹងស្តុបDN ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ សន ឌា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅម្តុំផ្សារព្រែកព្នៅ បានឌុបជនសង្ស័យម្នាក់មានឈ្មោះ សុន រត្ន័ថា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ដោយបានឌុបតាំងពីម៉ោង១០យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ចេញពីមុខមន្ទីរពេទ្យអង្គដួង ទៅកាន់ផ្លូវវេងស្រេង ។
សមត្ថកិច្ចបន្តថា ខណៈពេលទៅដល់ ស្រាប់តែជនសង្ស័យឱ្យដឹកត្រឡប់ចេញមកវិញទៅកាន់ផ្លូវមុខណាហ្គាវើរ លុះពេលទៅដល់ទៀត ជនសង្ស័យក៏បន្តធ្វើល្បិចជាដកលុយអត់បាន ហើយខ្ចីលុយចំនួន៧ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿងម៉ាក ViVO យកទៅបាត់ស្រមោល ។
សមត្ថកិច្ចបន្តទៀតថា រហូតមកដល់ថ្ងៃកើតហេតុខាងលើនេះ ជនសង្ស័យរូបនោះក៏ប្រើល្បិចបន្តធ្វើជាហៅម៉ូតូកង់បី ចេញមកពីអង្គដួងទៅកាន់ផ្សារទួលគោកដើម្បីដកលុយ លុះពេលទៅដល់ផ្សារហើយ ក៏ស្រាប់តែជនសង្ស័យប្រាប់ជនរងគ្រោះថា ដកលុយអត់ចេញ រួចក៏ឱ្យដឹកបន្តទៅកាន់ម្តុំកាណាឌីយ៉ាហើយក៏នៅតែបន្តដកលុយមិនបានទៀត ទើបជនសង្ស័យប្រាប់អ្នករត់ម៉ូតូកង់បីឱ្យដឹកទៅកាន់មុខណាហ្គាវើរ រួចហើយក៏នៅតែដកលុយមិនចេញទៀត ទើបខាងម៉ូតូកង់បីដឹងរឿងចង់បោករូបគាត់ ក៏ដឹកមកដល់ផ្លូវកម្ពុជាក្រោម រួចប្តឹងសមត្ថកិច្ចឱ្យជួយឃាត់តែម្តង ដើម្បីយកទៅសួរនាំនៅប៉ុស្តិ៍ផ្សារដេប៉ូ៣ ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើនេះ គឺធ្លាប់ដើរបោកប្រាស់គេអស់ជាច្រើនដងមកហើយ ក្រោយមកគឺសមត្ថកិច្ចបានធ្វើការសួរនាំ រួចហើយដឹងដំណើររឿង ក៏បញ្ជូនខ្លួនជនសង្ស័យរូបនេះទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីចាត់ការទៅតាមនីតិវិធី ។
ចែករំលែកព័តមាននេះ