រាជធានីភ្នំពេញ ៖ ស្ត្រីជាពលករខ្មែរម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងពេលកំពុងធ្វើចត្តាឡីស័កដោយសារជំងឺប្រចាំកាយមានភាពធ្ងន់ធ្ងរខ្លាំង ។ នេះបើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង១៥ នាទី មានករណីស្ត្រីម្នាក់ អាយុ២២ឆ្នាំ មានទីលំនៅភូមិ ស្រះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព ។ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា«នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥ នាទីមានករណីស្លាប់ពលករជាអ្នកជំងឺ ដែលបានវិលត្រឡប់ពីប្រទេសថៃ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មូលហេតុនៃការស្លាប់ គឺបូសនៅក្នុងខួរក្បាល (Abcé cérébrale) »។

រដ្ឋបាលបានឲ្យដឹងថា ស្ត្រីជាពលករខាងលើ និងប្តី បានមកដល់ប្រទេសកម្ពុជា តាមច្រកចំបក់ ស្រុកម៉ាឡៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ និងបានបញ្ជូនមកដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យម៉ាឡៃ នៅវេលាម៉ោង ៩និង៤៥នាទីព្រឹក ដោយមានអាការៈតម្អូញ ឈឺក្បាល ក្តៅខ្លួនខ្លាំង (៣៩.៥ អង្សារ) និងមានក្អួតចង្អោរ ។ ដោយពិនិត្យឃើញអាការៈ ធ្ងន់ធ្ងរទើបក្រុមគ្រូពេទ្យប្រចាំការបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ដើម្បីធ្វើការពិនិត្យ ព្យាបាល និងតាមដានសភាពជំងឺជាបន្ត ។

ប្រភពបន្តថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង ៣០នាទី បន្ទាប់ពីការតាមដាន និងព្យាបាលសភាពអ្នកជំងឺនៅមិនបានធូរស្បើយទើបសម្រេចបញ្ជូនមកធ្វើការព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ។ អ្នកជំងឺបានមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង១៨និង៤០នាទី នាថ្ងៃខែឆ្នាំដដែល ។ ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺត្រូវបានសែងចុះពីឡាន គិលានសង្គ្រោះបន្ទាន់ មកទៀតក្រុមគ្រូពេទ្យបានពិនិត្យ និងសួរប្រវត្តិអ្នកជំងឺឃើញថា អ្នកជំងឺមានប្រវត្តិឈឺក្បាលរយៈពេល២ខែមកហើយ និងមានអាការៈឈឺក្បាលកាន់តែខ្លាំង ក្អួត រឹងក និងពិបាកកំរើក ឈឺពោះ វង្វេងស្មារតី ។
អ្នកជំងឺ និងប្តី ត្រូវបានយកសំណាកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លទ្ធផលអវិជ្ជមាន ។ ប្រភពបានលើកឡើងទៀតថា ក្នុងរយៈពេលសម្រាកព្យាបាល និងតាមដានចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាល តាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់បំផុត និងមានកិច្ចសហការផ្តល់ការគាំទ្របច្ចេកទេសពីលោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យថ្នាក់ជាតិដែលមកប្រចាំការនៅភូមិភាគបាត់ដំបង ។
ដោយសភាពរបស់អ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅជាលំដាប់ ទោះបីជាក្រុមគ្រូពេទ្យរបស់យើងខិតខំសង្គ្រោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះគាត់បានឡើយ ហើយក៏បានទទួលមរណភាព នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី ដោយមូលហេតុបូសក្នុងខួរក្បាល (Abrérebrae) ។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីស្ត្រីដែលទទួលមរណភាពខាងលើ មិនមែនស្លាប់ ដោយសារជំងឺកូវីដ១៩ទេ ៕
ចែករំលែកព័តមាននេះ